ភ្នំពេញៈ ការនាំចេញនៅក្នុងវិស័យវាយនភណ្ឌ (សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ) នារយៈពេល ១០ ខែនៃឆ្នាំ ២០២១ មានទឹកប្រាក់ ៨ ៨៣០ លានដុល្លារកើនជាង ១៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានតម្លៃប្រមាណ ៧ ៧៩៦ លានដុល្លារ។ នេះបើតាមរបាយការណ៍ពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
បើតាម GMAC ក្នុងចំណោមទឹកប្រាក់នាំចេញខាងលើ គឺផលិតផលសម្លៀកបំពាក់មានទឹកប្រាក់ ៦ ៥៣៨ លានដុល្លារ កើនឡើង ៦ ភាគរយ, ស្បែកជើងមានចំនួន ១ ១១៣ លានដុល្លារ កើនឡើង ២០ ភាគរយ និងការនាំចេញផលិតផលធ្វើដំណើរ មាន ១ ១៧៩ លានដុល្លារ កើនឡើង ៤៩ ភាគរយ។
នៅក្នុងសន្និបាតលើកទី ១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីថ្ងៃទី ១៥ ខែមករា លោក វ៉ាន់ ស៊ូអៀង អតីតប្រធានសមាគម (GMAC) បានឱ្យដឹងថា អត្រាកំណើននៃការនាំចេញប្រចាំឆ្នាំរបស់ GMAC មានលក្ខណៈគួរឱ្យសរសើរលើកលែងតែរយៈពេលនៃវិបត្តិសកលធំៗ គឺវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និងវិបត្តិជំងឺរាតត្បាតឆ្នាំ ២០២០។
លោកនិយាយថា៖ «គោលនយោបាយល្អ និងសកម្មភាពរួមគ្នាប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់យើងបានត្រឡប់រកភាពល្អប្រសើរក្នុងឆ្នាំ ២០២១ ដោយសារការគ្រប់គ្រងជំងឺរាតត្បាត និងកម្មវិធីចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព»។
លោកបន្តថា GMAC ក៏បានផ្តោតខ្លាំងផងដែរទៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែងផ្ទៃក្នុងជាមួយនឹងច្បាប់ស្តីពីការវិនិយោគថ្មីដែលទើបត្រូវបានអនុម័ត ខណៈច្បាប់ថ្មីនេះបានផ្តល់ការលើកទឹកចិត្តច្រើនទៅដល់វិនិយោគិន និងការចាប់ផ្តើមអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនាពេលខាងមុខ។
លោក គង់ សាង ប្រធានសមាគមរោងចក្រកម្ពុជាដែលទើបជ្រើសរើសសម្រាប់អាណត្តិថ្មី ២០២២-២០២៣ បានប្រាប់ដែរថា បើទោះបីវិស័យកាត់ដេរបានឆ្លងកាត់នូវបញ្ហាប្រឈមរាប់មិនអស់ ជាពិសេសការរាតត្បាតជំងឺកូវីដ ១៩ ក៏សមាគម និងសមាជិកទាំងអស់បានរួមគ្នាពុះពារជម្នះរាល់ការលំបាករហូតទទួលបានជោគជ័យមកដល់បច្ចុប្បន្ននេះ។
លោកនិយាយថា៖ «កម្ពុជាបានចាប់ផ្តើមពីស្ថានភាពជាប្រទេសដែលមានការនាំចេញតិចតួច ហើយអភិវឌ្ឍខ្លួនក្លាយទៅជាប្រទេសចម្បងមួយដែលផ្គត់ផ្គង់ដល់ទីផ្សារពិភពលោក ដោយកំណើនប្រចាំឆ្នាំជាមធ្យមនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះមានអត្រាប្រហែល ១០ ភាគរយ។ ទោះបីមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែយើងបានងើបឡើងវិញបានយ៉ាងលឿនក្នុងឆ្នាំ ២០២១ ដោយការនាំចេញក្នុងរយៈពេល ១០ ខែដំបូងមានកំណើនគួរឱ្យកត់សម្គាល់»។
ប្រធានសមាគមរោងចក្រកាត់ដេរថ្មីរូបនេះ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកិច្ចការពាក់ព័ន្ធទាំងឡាយ ពិសេសកិច្ចការជាអាទិភាពមួយចំនួនដូចជា បញ្ហាការងារ, ភ័ស្តុភារ,ពន្ធដារ,ការផ្គត់ផ្គង់វត្ថុធាតុដើម និងការបណ្តុះបណ្តាលធនធានមនុស្សបម្រើឱ្យវិស័យវាយនភណ្ឌ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្ម ៤.០។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានចាត់ទុកវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា។
លោក សំហេង បញ្ជាក់ថា៖ «ក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៦៣ ភាគរយនៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា»។
បើតាមរដ្ឋមន្ត្រីក្រសួងការងារ ក្នុងឆ្នាំ ១៩៩៣ វិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាមានរោងចក្រ សហគ្រាស និងកម្មករតិចតួចប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមនៅចុងឆ្នាំ ២០២១ រោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ ១ ២០០ ដែលផ្តល់ការងារនៅក្នុងប្រព័ន្ធដល់កម្មករនិយោជិតប្រមាណជិត ១ លាននាក់៕ LA