ភ្នំពេញៈ ស្ថានភាពទីផ្សារផលិតផលដំឡូងមីកម្ពុជា ក្នុងឆ្នាំ ២០២១ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយបរិមាណ និងតម្លៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិសុទ្ធតែមានភាពល្អប្រសើរបើធៀបនឹងឆ្នាំ ២០២០។
ទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីសប្តាហ៍មុនឱ្យដឹងថា ការនាំចេញដំឡូងមី និងផលិតផលដំឡូងមី ក្នុងឆ្នាំ ២០២១ សម្រេចបាន ២ ៧៩៣ ៧២៩,៩២ តោន ក្នុងនោះចំណិតដំឡូងមីក្រៀម មាន ១ ៦៤៤ ៥៩១,៦៨ តោន កើន ៨,៤៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០, ដំឡូងមីស្រស់ ១ ១០៤ ២២០ តោន កើន ៥២,៦ ភាគរយ, ម្សៅដំឡូងមី ៣៥ ៨៦២,៧៤ តោន កើនឡើង ២,៦៦ ភាគរយ, និងកាកសំណល់ដំឡូងមី ៩ ០៥៤, ៥០ តោន ថយចុះ ៣៣,០៦ ភាគរយ។
ចំពោះតម្លៃវិញត្រូវបានអ្នកស្រី ចាន់ មួយ ម្ចាស់សៃឡូ (ឈ្មួញប្រមូលទិញដំឡូងមី) នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដំឡូងមីស្ងួតក្នុងឆ្នាំ ២០២១ មានតម្លៃចន្លោះពី ៧៦-៧៩ ម៉ឺនរៀលក្នុង ១ តោន កើនជិត ១០ ម៉ឺនរៀលធៀបនឹងឆ្នាំ ២០២០ ចំណែកដំឡូងមីស្រស់ មានតម្លៃ ៣៣ ម៉ឺនរៀល ខណៈឆ្នាំមុនតម្លៃប្រហែល ៣០ ម៉ឺនរៀល។
អ្នកស្រីបន្ថែមថា មូលហេតុដែលដំឡូងមីបានថ្លៃខ្ពស់ជាងឆ្នាំ ២០២០ គឺដោយសារមានតម្រូវការពីប្រទេសចិន ហើយប្រទេសថៃផ្គត់ផ្គង់មិនគ្រប់ ទើបមានតម្រូវការដំឡូងមីពីកម្ពុជាច្រើន និងបានតម្លៃខ្ពស់បែបនេះ។
អ្នកស្រីបាននិយាយថា៖ «ខាងចិនមានតម្រូវការច្រើនមែន ប៉ុន្តែគេក៏ចង់បានដំឡូងមីដែលមានគុណភាពដែរដូចនេះគេតម្រូវឱ្យហាលឱ្យស្ងួតល្អ និងឱ្យតម្លៃយើងបានថ្លៃ ទើបនាំចេញទៅប្រទេសគេបាន។ ម្យ៉ាងដំឡូងមីឆ្នាំ ២០២០ ក៏មានគុណភាពអន់ ទើបឆ្នាំនេះគេពង្រឹងគុណភាពយើង»។
ម្ចាស់សៃឡូម្នាក់ទៀត នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង អ្នកស្រី អេម សោភ័ណ និយាយថា ខាងសៃឡូរបស់អ្នកស្រីបានផ្តើមប្រមូលទិញដំឡូងមីស្រស់ និងស្ងួត តាំងពីពាក់កណ្តាលខែវិច្ឆិកាមក ដោយប្រមូលទិញបានប្រមាណ ១ ម៉ឺនតោនហើយ។
អ្នកស្រីបានឱ្យដឹងទៀតថា ក្រៅពីប្រមូលទិញដំឡូងមីពីគ្រប់ស្រុកក្នុងខេត្តបាត់ដំបង សៃឡូរបស់អ្នកស្រីក៏ប្រមូលទិញពីបណ្តាខេត្តនានាដែរ ដូចជាប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។
អ្នកស្រីបន្ថែមថា៖ «ថ្វីដ្បិតតែដំឡូងមីលក់បានថ្លៃមែន ប៉ុន្តែទិន្នផលដែលទទួលបានគឺប្រហាក់ប្រហែលនឹងរដូវកាលមុន (ឆ្នាំ ២០២០) ដោយសារតែតំបន់ខ្លះក្នុងខេត្តបាត់ដំបង មានទឹកលិចនាំឱ្យដំឡូងរលួយ ហើយកសិករមួយចំនួនបានងាកទៅដាំដំណាំផ្សេង និងខ្លះទៀតដាំដុះដែរតែបានផលតិច ព្រោះមិនសូវបានមើលថែ»។
បើតាមម្ចាស់សៃឡូទាំង ២ ថ្វីដ្បិតតែប្រទេសថៃកំពុងផ្ទុះជំងឺកូវីដ ១៩ ខ្លាំង ប៉ុន្តែការដឹកជញ្ជូនកសិផលទៅលក់នៅតាមព្រំដែនថៃ មិនមានឧបសគ្គអ្វីនោះទេគ្រាន់តែតម្រូវឱ្យមានការតេស្តសុខភាពរបស់អ្នកបើកបរ។
ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង លោក គឹម ហួត កាលពីពេលថ្មីៗនេះបាននិយាយថា តម្លៃដំឡូងមីក្នុងខេត្តបាត់ដំបង នាចុងឆ្នាំ ២០២១ គឺមានភាពប្រហាក់ប្រហែលឆ្នាំ ២០២០ ដោយដំឡូងមី និងផលិតផលដំឡូងមី ក្នុងខេត្តបាត់ដំបង និងខេត្តជិតខាងប្រហែល ៧០ ភាគរយត្រូវបាននាំទៅលក់នៅប្រទេសជិតខាង។
បើតាមទិន្នន័យខាងលើ វៀតណាម គឺជាប្រទេសទទួលទិញដំឡូងមី និងផលិតផលដំឡូងមី កម្ពុជាច្រើនជាងគេ ដោយមាន ១ ៣៨១ ២៧១,៥៦ តោន, ថៃ ១ ២៩៨ ១៩៥,៨ តោន, ប្រទេស ចិន ២០៣ ៩១៨,៧១ តោន។
ដំឡូងមី គឺជាដំណាំកសិឧស្សាហកម្មឈានមុខគេមួយរបស់កម្ពុជា។ កាលពីឆ្នាំ ២០២០ កម្ពុជាបានប្រកាសដាក់ចេញជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥» ក្នុងគោលបំណង ដើម្បីបង្កើនផលិតកម្ម និងធ្វើឱ្យវាកាន់តែមានលក្ខណៈពាណិជ្ជកម្មសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ៕ LA