ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅក្នុងឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៩៥៦ លានដុល្លារ កើនឡើង ៨ ភាគរយបើធៀបនឹងឆ្នាំ២ ០២០ ក្នុងនោះចំនួនទឹកប្រាក់នាំចេញពីកម្ពុជា កើនជាង ៧ ភាគរយ និងការនាំចូលកើន ១០ ភាគរយ។ នេះបើតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ទិន្នន័យ Kita ចេញផ្សាយនាថ្ងៃទី ១៧ ខែមករា បង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងភាគីទាំង ២ មានទឹកប្រាក់សរុប ៩៥៦,១៣ លានដុល្លារ កើន ៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន ៨៨៥,៣២ លានដុល្លារ។ ក្នុងចំនួនទឹកប្រាក់ខាងលើការនាំចេញពីកម្ពុជាទៅទីផ្សារកូរ៉េ មាន ៣៤១,៥ លានដុល្លារ កើន ៧,៣៥ ភាគរយពីចំនួន ៣១៨,១១ លានដុល្លារ និងការនាំទំនិញពីប្រទេសកូរ៉េមកកម្ពុជាមានទឹកប្រាក់ ៦២៣,៦២ លានដុល្លារ កើន ៩,៩៤ ភាគរយពីចំនួន ៥៦៧,២១ លានដុល្លារ។
ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ ២០២១ ទឹកប្រាក់នៃការធ្វើពាណិជ្ជកម្មទ្វេភាគីមានចំនួន ៩៥,៣៩ លានដុល្លារ កើន ១០,៩៦ ភាគរយធៀបទៅនឹងខែធ្នូ ឆ្នាំ ២០២០ ដែលមាន ៨៥,៩៧ លានដុល្លារ។ ក្នុងនោះការនាំចេញពីកម្ពុជាមានទឹកប្រាក់ ៣២,៤៤ លានដុល្លារ កើន ២៣,២ ភាគរយពីចំនួន ២៦,១៨ លានដុល្លារ និងការនាំចូលមានចំនួន ៦២,៩៥ លានដុល្លារ កើន ៥,៣ ភាគរយពីចំនួន ៥៩,៧៩ លានដុល្លារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ទោះបីជាក្នុងឆ្នាំ ២០២១ គ្រប់ប្រទេសលើពិភពលោកជួបនឹងវិបត្តិជំងឺកូវីដ ១៩ ក៏ការនាំចេញ-នាំចូលទំនិញរវាងប្រទេសកម្ពុជា និងកូរ៉េ មិនបានធ្លាក់ចុះឡើយ។ ភាពវិជ្ជមានទាំងនេះ កើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ ខណៈចំនួនវិនិយោគិនកូរ៉េនៅកម្ពុជាក៏មានចំនួនកាន់តែច្រើនផងដែរ។ លោកបន្តថា ចំនួនវិនិយោគិនកូរ៉េនៅកម្ពុជាត្រូវរំពឹងថានឹងមានចំនួនកាន់តែច្រើនចាប់ពីពេលនេះតទៅ ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរដ្ឋាភិបាលប្រទេសទាំង ២ ចុះហត្ថលេខាកាលពីឆ្នាំ ២០២១ នឹងអាចចូលជាធរមានក្នុងពេលឆាប់ៗ។
លោកបានថ្លែងថា៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងជំរុញឱ្យវិនិយោគិនបរទេសរួមទាំងវិនិយោគិនកូរ៉េ កាន់តែច្រើនចូលមកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីនាំចេញផលិតផលសម្រេចពីកម្ពុជាទៅកាន់ទីផ្សារកូរ៉េ ព្រោះការចូលជាធរមាននៃ FTA នឹងធ្វើឱ្យអត្រាបង់ពន្ធមួយចំនួនធ្លាក់ដល់សូន្យ»។
បើយោងតាមក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងសេរីនឹងផ្តល់ការរួចពន្ធដល់ទំនិញកម្ពុជាជាង ១ ម៉ឺនមុខទៅទីផ្សារកូរ៉េខាងត្បូង។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា ទោះទំហំពាណិជ្ជកម្មប្រទេសទាំង ២ មានតម្លៃរហូតដល់ជាង ៩៥០ លានដុល្លារ ប៉ុន្តែការនាំចេញរបស់កម្ពុជា គឺមានទឹកប្រាក់ទាបជាងការនាំចូលពីកូរ៉េ ដែលទាមទារឱ្យកម្ពុជាត្រូវខិតខំពង្រឹងសមត្ថភាពផលិតបន្ថែមទៀតសម្រាប់នាំទៅទីផ្សារកូរ៉េ។ លោកបន្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងមានសកម្មភាពកាន់តែច្រើនបើធៀបពេលបច្ចុប្បន្ន។ អ្វីដែលកម្ពុជាចង់ឃើញនាពេលខាងមុខ គឺកំណើននៃការនាំចេញបន្ថែមទៀត។
លោកថ្លែងថា៖ «ដើម្បីកាត់បន្ថយឱនភាពជញ្ជីងពាណិជ្ជកម្ម កម្ពុជាត្រូវខិតខំស្វែងរកផលិតផលថ្មីៗសម្រាប់នាំទៅទីផ្សារកូរ៉េឱ្យបានច្រើន ខណៈកម្ពុជាត្រូវបានគេដឹងថា សម្បូរកម្លាំងពលកម្មជំនាញ និងស្ថានភាពភូមិសាស្ត្រមានលក្ខណៈអំណោយផលច្រើនសម្រាប់វិស័យកសិកម្ម»។
យោងតាមលោក វណ្ណៈ ផលិតផលកសិកម្មកម្ពុជា គឺជាមុខសញ្ញាសំខាន់សម្រាប់ការនាំចេញទៅទីផ្សារកូរ៉េ។
អង្គប្រជុំព្រឹទ្ធសភាកម្ពុជាកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ បានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា គិតត្រឹមចុងឆមាសទី ១ ឆ្នាំ ២០២១ ការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់សរុប ៣៩ ពាន់លានដុល្លារ ក្នុងនោះប្រទេសកូរ៉េជាប់លេខ ២ ដោយមានទឹកប្រាក់សរុប ៤,១ ពាន់លានដុល្លារ តាមពីក្រោយប្រទេសចិន ដែលមានចំនួន ១៧,៣ ពាន់លានដុល្លារ៕ LA