ភ្នំពេញៈ គម្រោងវិនិយោគវិស័យចម្រុះចំនួន ១០ ដែលមានតម្លៃសរុប ១ ៨៩៧,៥ លានដុល្លារនឹងអាចបង្កើតការងារបាន ៦ ៩១៤ កន្លែងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តចុះបញ្ជីជាផ្លូវការ ខណៈអ្នកសេដ្ឋកិច្ចអះអាងថា ការទទួលបានគម្រោងវិនិយោគចម្រុះបែបនេះនឹងជួយធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំ។
សេចក្តីប្រកាសព័ត៌មានរបស់ CDC កាលពីថ្ងៃទី ១៧ ខែមករា បានឱ្យដឹងថា ស្របតាមសំណើសុំវិនិយោគ CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យគម្រោងចំនួន ១០ ដែលរួមមាន គម្រោងវិនិយោគមណ្ឌលភ័ស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុន Kampot Logistics And Port Company Limited នៅក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគ ១ ៣០០ លានដុល្លារ បង្កើតការងារបាន ៥៩០ កន្លែង, គម្រោងវិនិយោគវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្គាវ៉ាត់របស់ក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd នៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុងមានទុនវិនិយោគ ៣៨៩ លានដុល្លារ បង្កើតការងារបាន ១ ៥៨០ កន្លែង, គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ដែលមាន ៥២៨ បន្ទប់ របស់ក្រុមហ៊ុន K.B.X Investment Co., Ltd នៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញមានទុនវិនិយោគ ១២៩ លានដុល្លារ និងបង្កើតការងារបាន ៧៣៧ កន្លែង, និងគម្រោងវិនិយោគកសិកម្មដាំចេក និងដំណាំហូបផ្លែរបស់ក្រុមហ៊ុន Longfuiter Anlong Veng Oddor Meanchey Agriculture Park Co.,Ltd នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគ ៥១ លានដុល្លារ បង្កើតការងារបាន ១ ៨៦៧ កន្លែង។
ចំណែកគម្រោងចំនួន ៦ ផ្សេងទៀតរួមមាន គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡារបស់ក្រុមហ៊ុន Academic Solar Energy Mfg Co.,Ltd នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលមានទុនវិនិយោគ ៨,២ លានដុល្លារ បង្កើតការងារ ២៦៥ កន្លែង, គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់សាច់ (មាន់ ទា ជ្រូក គោ) និងផលិតម្ហូបអាហាររបស់ក្រុមហ៊ុន Tmh Poultry Co.,Ltd នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,៧ លានដុល្លារ បង្កើតការងារ ២២៦ កន្លែង, គម្រោងបង្កើតរោងចក្រផលិតការ៉ូជ័រ កម្រាលបាត ទ្រនាប់កម្រាលបាត និងជើងជញ្ជាំងជ័ររបស់ក្រុមហ៊ុន Haopai Decoration Material (Cambodia)Co.,Ltd នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ៤,២ លានដុល្លារ បង្កើតការងារ ១៩៤ កន្លែង, និងគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃក្តារបន្ទះ (ពីឈើនាំចូល និងឈើដាំដុះក្នុងស្រុក) របស់ក្រុមហ៊ុន Cambodian Guoxing Yi Qun Lang Plywood Co.,Ltd នៅស្រុកបារាយណ៍ ខេត្តកំពង់ធំមានទុនវិនិយោគ ៣,៤ លានដុល្លារ និងអាចបង្កើតការងារបាន ១៩២ កន្លែង។
រីឯគម្រោង ២ ទៀតស្ថិតក្នុងវិស័យកាត់ដេរ រួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Mutita Textile Social Enterprise Co.,Ltd នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទុនវិនិយោគ ៣,៩ លានដុល្លារ បង្កើតការងារបាន ៦៤៩ កន្លែង, និងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ Independence Clothing (Cambodia)Co., Ltd នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានទុនវិនិយោគ ៣,១ លានដុល្លារ និងអាចបង្កើតការងារបាន ៧១៤ កន្លែង។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១៨ ខែមករា ថា គម្រោងដែលត្រូវបានអនុម័តដោយ CDC នាដើមឆ្នាំ ២០២២ គឺមានលក្ខណៈចម្រុះលើគ្រប់វិស័យ ដោយមិនមែនសុទ្ធតែគម្រោងប្រភេទបែបឧស្សាហកម្មធុនស្រាល (វាយនភណ្ឌ) នោះទេ។ ការទទួលបានគម្រោងវិនិយោគដែលមានលក្ខណៈចម្រុះបែបនេះកាន់តែច្រើន វានឹងក្លាយជាចន្ទល់ដ៏រឹងមាំសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រោះបើមានវិស័យណាមួយជួបបញ្ហាវិស័យផ្សេងៗទៀតនឹងដើរតួនាទីជំនួស។
លោកថ្លែងថា៖ «នេះចាត់ទុកថា ជាចំណុចចាប់ផ្តើម និងជាភាពជោគជ័យមួយដែលរដ្ឋាភិបាល និងវិស័យឯកជននៅកម្ពុជាទទួលបានពីការខិតខំរបស់ពួកគេក្នុងការចូលរួមរៀបចំឱ្យមានច្បាប់វិនិយោគថ្មីៗ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាបន្តបន្ទាប់ សំដៅទាក់ទាញឱ្យមានកំណើននៃការបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា»។
លោកបន្ថែមថា គម្រោងវិនិយោគថ្មីៗដែលទើបទទួលបានការយល់ព្រមពី CDC ក៏នឹងនាំមកកម្ពុជានូវបច្ចេកវិទ្យាទំនើបៗ និងការធ្វើពិពិធកម្មក្នុងចង្វាក់ផលិតកម្មកម្ពុជា ដោយមិនសំដៅតែវិស័យកាត់ដេរដូចពេលមុននោះទេ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បាននិយាយថា នេះជាសញ្ញាវិជ្ជមានថ្មីបន្ថែមទៀតដែលនឹងផ្តល់នូវកាលានុវត្តភាពថ្មីៗសម្រាប់ភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ ១៩។ ការទទួលបានគម្រោងវិនិយោគដែលមានច្រើនវិស័យនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាមិនងាយជាប់គាំងឡើយ ព្រោះមុខព្រួញផលិត និងការនាំចេញ គឺត្រូវបានបើកទូលាយច្រើន។
លោកបញ្ជាក់ថា៖ «កំណើននៃការវិនិយោគជាបន្តបន្ទាប់នាពេលនេះ គឺមិនអាចកាត់ផ្តាច់ចេញពីភាពវិជ្ជមាននៃកត្តាស្ថិរភាពនយោបាយ កំណែទម្រង់ច្បាប់វិនិយោគ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអត្រាកំណើនប្រជាជនដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នោះបានទេ»៕ LA