ភ្នំពេញៈ ផ្លែស្វាយស្រស់ និងផលិតផលកែច្នៃពីស្វាយជាង ២៦,៥ ម៉ឺនតោនត្រូវបានគេនាំពីកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២១ ដោយក្នុងនោះប្រទេសវៀតណាមបានគ្របដណ្តប់ចំណែកទីផ្សារប្រមាណ ៧៦ ភាគរយ។ នេះបើយោងតាមក្រសួងកសិកម្ម។
ផលិតផលពីផ្លែស្វាយត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិមានចំនួន ៣ប្រភេទ គឺផ្លែស្វាយស្រស់, តំណាប់ស្វាយ និងទឹកស៊ីរ៉ូស្វាយ។
ក្នុងចំណោមការនាំចេញសរុបទាំង ២៦៥ ២២៩,៧៦ តោន គឺប្រទេសវៀតណាមមានចំនួន ១៩៩ ៦៣៦,៦៨ តោនស្មើនឹងជាង ៧៦ ភាគរយនៃការនាំចេញសរុប តាមពីក្រោយដោយថៃ មាន ៣៩ ៩២០,៤១ តោន និងប្រទេសចិន ១៩ ១៨៨,៧៥ តោន។
យោងតាមរបាយការណ៍ក្រសួងកសិកម្មចាប់ពីខែមករា ដល់ដំណាច់ខែធ្នូ ឆ្នាំ ២០២១ ការនាំចេញស្វាយស្រស់ និងផលិតផលពីផ្លែស្វាយមានបរិមាណសរុប ២៦៥ ២២៩,៧៦ តោនដោយក្នុងនោះផ្លែស្វាយស្រស់មាន ២៤២ ៤៨៣,៧៦ តោន កើនឡើង ១៤៨,៣៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ទីផ្សារវៀតណាមស្រូបយកផលិតផលផ្លែស្វាយស្រស់ច្រើនជាងគេ ដោយមានចំនួន ១៩៩ ០៧៧,៣៨ តោន, ថៃ ៣៨ ៤១៩,២៨ តោន, ចិន ៤៧៧១ តោន, កូរ៉េ១៤៩,១១ តោន ។ល។
ចំណែកការនាំចេញតំណាប់ស្វាយមានចំនួន ១៧ ៨៧៩,៨២ តោនកើនឡើង ១៧៩,៣០ ភាគរយ ដោយប្រទេសចិនទទួលទិញ ១៤ ២៤៦,២០ តោន, ថៃ១៥០១,១៣ តោន, ហ្វីលីពីន ៩៧៥,០៨ តោន, និងវៀតណាម ៥៥៩,៣០ តោន ក្រៅពីនោះមានរុស្ស៊ី, ចក្រភពអង់គ្លេស, កូរ៉េ ១៨,៧០តោន, ជាដើម។ រីឯការនាំចេញទឹកស៊ីរ៉ូស្វាយមាន ៤ ៨៦៦,១៨ តោន កើនឡើង ៣៣,២៨ ភាគរយ, ហ្វីលីពីន ចំនួន ៤ ៦៩៨,៦៣ តោន និងប្រទេសចិនមានចំនួន ១៦៧,៥៥ តោន។
វិស័យឯកជនលើកឡើងថា ការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅទីផ្សារប្រទេសចិននៅតែមានកំណើនខ្ពស់ក្នុងឆ្នាំ ២០២១ ស្របពេលកម្ពុជាជួបនឹងបញ្ហាប្រឈមមួយចំនួន។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ដែលវិនិយោគការដាំដុះ និងនាំចេញផ្លែស្វាយបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៩ ខែមករាថា ផ្លែស្វាយ គឺជាផលិតផលសក្តានុពលមួយសម្រាប់នាំចេញ ជាពិសេសបន្ទាប់ពីប្រទេសចិនអនុញ្ញាតឱ្យកម្ពុជាអាចនាំចេញផ្លែស្វាយស្រស់ដោយផ្ទាល់ទៅទីផ្សាររបស់ខ្លួន។
លោកបញ្ជាក់ថា៖ «តាមការព្យាករគឺការនាំចេញស្វាយក្នុងឆ្នាំ ២០២២ នេះនឹងមានកំណើនបើធៀបឆ្នាំ ២០២១ ព្រោះនៅពេលនេះរដូវប្រមូលផលកំពុងចាប់ផ្តើមជាបណ្តើរៗហើយ»។
ទោះយ៉ាងណា លោកអះអាងថា ដោយសារតែប្រទេសចិនជាទីផ្សារធំ ហេតុនេះតម្លៃក៏បានការប្រកួតប្រជែងគ្នាខ្លាំងផងដែរ។
កម្ពុជារំពឹងថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ (RCEP) កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ គឺជាការបើកផ្លូវបន្ថែមទៀតសម្រាប់ផលិតផលស្វាយកម្ពុជា។
ប្រធានសមាគមកសិកម្មស្វាយកែវរមៀតនៅក្នុងខេត្តកំពង់ស្ពឺ លោក អ៊ុំ សាវឿន បាននិយាយថា ផ្ទៃដីចម្ការស្វាយ និងទិន្នផលផ្លែស្វាយបានកើនឡើងរៀងរាល់ឆ្នាំ ប៉ុន្តែអ្វីដែលជាបញ្ហានារយៈពេល ៣ ឆ្នាំចុងក្រោយនេះ គឺបញ្ហាទីផ្សារ និងតម្លៃ ដែលបានធ្វើឱ្យម្ចាស់ចម្ការស្វាយមួយចំនួនសុខចិត្តទុកផ្លែឱ្យជ្រុះចោល។ លោកបន្តថា អ្វីដែលជាចំណុចត្រូវចាប់អារម្មណ៍បន្ថែមក្នុងឆ្នាំនេះគឺទីផ្សារនាំចេញអាចនឹងជួបបញ្ហាកាន់តែច្រើន ដោយសារប្រទេសវៀតណាម ដែលតែងប្រមូលទិញផ្លែស្វាយពីកម្ពុជាសម្រាប់នាំបន្តទៅប្រទេសចិន កំពុងមានបញ្ហាពីការរឹតបន្តឹងព្រំដែនវៀតណាម-ចិន។
លោកលើកឡើងថា៖ «ដោយសារវៀតណាម ដែលជាទីផ្សារធំ ដូច្នេះបើទីផ្សាររបស់វៀតណាមជួបបញ្ហា ការប្រមូលទិញផ្លែស្វាយពីកម្ពុជាទៅវៀតណាមក៏ជួបបញ្ហាដែរ»។
លោកបន្ថែមទៀតថា ត្រង់ចំណុចនេះលោកស្នើឱ្យរដ្ឋាភិបាលជួយរកទីផ្សារនាំចេញផ្លែស្វាយឱ្យបានកាន់តែច្រើនបន្ថែមទៀត៕ LA