កែបៈ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ តម្លៃជាង ១,២លានដុល្លារត្រូវបានរំពឹងថានឹងផ្តល់ប្រយោជន៍យ៉ាងធំធេងទៅដល់សេដ្ឋកិច្ចមូលដ្ឋានសម្រាប់ប្រជាពលរដ្ឋនៅខេត្តកែប ទាំងផ្នែកទេសចរណ៍ កសិកម្ម និងនេសាទ ខណៈកំពង់ផែមួយនេះអាចអនុញ្ញាតឱ្យនាវាមានចំណុះក្រោម ៣០០ នាក់ចូលចតបានយ៉ាងងាយស្រួល។
នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍កែប-កោះទន្សាយ កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ នៅក្រុងកែប ខេត្តកែប លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងថា ការបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍កែប-កោះទន្សាយក្នុងពេលនេះ គឺបន្ទាប់ពីកម្ពុជាប្រកាសបើកទទួលភ្ញៀវបរទេសចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។
លោកបន្ថែមថា ការកសាងហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្រួលដល់ដំណើរការវិស័យទេសចរណ៍ឱ្យរីកចម្រើន។ កំពង់ផែនេះនឹងរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តកែប និងបណ្តាកោះនានានៅខេត្តនេះ។
លោកបញ្ជាក់ថា៖ «ការសាងសង់កំពង់ផែកាន់ច្រើន មិនថាកំពង់ផែទេសចរណ៍ ឬកំពង់ផែដឹកជញ្ជូនទំនិញនោះទេ គឺសុទ្ធតែមានគោលដៅជួយសម្រួលដល់ការលំបាករបស់ប្រជាជនក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
លោក ស៊ុន ចាន់ថុល ក៏បានស្នើដល់ម្ចាស់ទូកទេសចរណ៍ និងទូកផ្សេងៗទៀត ត្រូវពិនិត្យមើលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវដោយភ្ជាប់នូវឧបករណ៍សុវត្ថិភាពឱ្យបានគ្រប់គ្រាន់រាល់ពេលធ្វើដំណើរតាមផ្លូវទឹក ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតឡើង។
នៅមុនពិធីសម្ពោធ ១ ថ្ងៃ គឺថ្ងៃទី ១៨ ខែមករា អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កែបជាខេត្តទេសចរណ៍ជាប់ឆ្នេរ ១ ក្នុងចំណោមខេត្តទាំង ៤ នៅកម្ពុជា ដែលមានកោះចំនួន ១២ ថ្មប៉ប្រះទឹក ១ ដូចនេះមធ្យោបាយធ្វើដំណើរតាមផ្លូវទឹកគឺមានភាពចាំបាច់បំផុតសម្រាប់ខេត្តមួយនេះ។
លោកបន្ថែមថា ក្នុងនាមជាខេត្តគោលដៅទេសចរណ៍ ប្រជាជនភាគច្រើនមានមុខរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចនេះការសាងសង់ផែទេសចរណ៍នេះ គឺដើម្បីសម្រួលដល់ការបម្រើសេវាកម្មទេសចរណ៍ផ្នែកផ្លូវទឹកដោយបានរៀបចំជាចំណតទូក អូរប័រ (ទូកលឿនសម្រាប់ដឹកអ្នកដំណើរ)។
លោកអភិបាលខេត្តបញ្ជាក់ថា៖ «កន្លងមកទូក អូរប័រ (ទូកលឿនសម្រាប់ដឹកអ្នកដំណើរ) មិនអាចចតនៅកែបបានទេដោយសារយើងអត់មានចំណតដែលអាចផ្ទុកនាវាទេសចរណ៍ចំណុះក្រោម ៣០០ នាក់បាន។ យើងសង្ឃឹមថា ភ្ញៀវទេសចរជាតិ និង អន្តរជាតិ នឹងប្រើប្រាស់ផែនេះជាប្រយោជន៍រួម ដើម្បីសេដ្ឋកិច្ចប្រជាជនក្នុងសហគមន៍»។
លោកមានជំនឿថា ក្រៅពីបម្រើដល់វិស័យទេសចរណ៍ក្នុងស្រុក នាពេលខាងមុខរដ្ឋាភិបាលអាចនឹងពិចារណាជំរុញឱ្យមានទេសចរណ៍ទ្វេភាគី និងការដឹកជញ្ជូនជាមួយប្រទេសជិតខាង ដោយសារខេត្តកែបមានដែនទឹកប្រវត្តិសាស្ត្រជាប់នឹងខេត្តគៀនយ៉ាង ប្រទេសវៀតណាម។
បើតាមលោករដ្ឋមន្ត្រីក្រសួងសាធារណការ ក្រសួងកំពុងពិចារណា និងពិភាក្សាជាមួយអ្នកជំនាញក្នុងការស្វែងរកថវិកាដើម្បីសាងសង់ចំណតរថយន្តចំនួន ២៥០ កន្លែង ដើម្បីសម្រួលដល់ភ្ញៀវទេសចរទៅកម្សាន្ត ខណៈបច្ចុប្បន្នខេត្តនេះកំពុងមានបញ្ហាខ្វះចំណត។
កំពង់ផែនេះសង់ចេញពីដីគោកទៅក្នុងទឹកជម្រៅប្រមាណ ៣០៦ ម៉ែត្រ ទទឹង ៦៨ ម៉ែត្រ និងផ្ទៃក្រឡាជិត ៥ ពាន់ម៉ែត្រការ៉េ ហើយត្រូវបានសាងសង់លើទីតាំងកំពង់ផែកោះទន្សាយចាស់ ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ដោយចាប់ផ្តើមសាងសង់ក្នុងខែធ្នូ ឆ្នាំ ២០១៩ និងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២១៕ LA
វីដេអូ៖