ភ្នំពេញៈ ប្រទេសកម្ពុជារួមជាមួយប្រទេសចិន និងកូរ៉េស្ថិតក្នុងចំណោមប្រទេសដែលមានរូបិយប័ណ្ណឌីជីថល ធនាគារកណ្ដាល (CBDC) លក់រាយដែលចាស់ទុំជាងគេបំផុតទាំង ១០ ខណៈដែលប្រព័ន្ធទូទាត់ បាគង របស់ប្រទេសកម្ពុជាផ្តល់ជាករណីជាក់ស្តែងនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការចែកចាយ (DLT) ជាលក្ខណៈឯកជននៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូទាត់។ នេះបើយោងតាមរបាយការណ៍ចុងក្រោយអាស៊ាន+៣។
របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី ១៩ ខែមករាបង្ហាញថា មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើគម្រោងរូបិយប័ណ្ណឌីជីថលធនាគារកណ្តាល (CBDC) ទូទាំងពិភពលោក។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ ធនាគារកណ្តាលរបស់ប្រទេសបាហាម៉ា នីហ្សេរីយ៉ា និងការីបៀនខាងកើតបានចាប់ផ្តើមដំណើរការ CBDC សម្រាប់ការប្រើប្រាស់លក្ខណៈពាណិជ្ជកម្ម។
ប្រទេសចំនួន ១៤ បានចាប់ផ្តើមដំណើរការ ឬបញ្ចប់ការធ្វើតេស្តសាកល្បង CBDC ប្រទេសចំនួន ១៦ កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ឬដំណាក់កាលសាកល្បង ហើយប្រទេសចំនួន ៤០ ផ្សេងទៀតកំពុងធ្វើការស្រាវជ្រាវលើផលិតផលនេះ។ ធនាគារកណ្តាលអាស៊ាន+៣ ជាច្រើនក៏មានការរីកចម្រើនយ៉ាងខ្លាំងផងដែរនៅផ្នែកជួរមុខ។
របាយការណ៍ឱ្យដឹងដោយផ្អែកលើ PwC (2021) ទីក្រុងហុងកុង ប្រទេសចិន (ចាប់ពីទីក្រុង «ហុងកុង») ជប៉ុន សិង្ហបុរី និងថៃត្រូវបានចាត់ទុកថា មានគម្រោង CBDC លក់ដុំដែលចាស់ទុំបំផុតទាំង ១០ នៅទូទាំងពិភពលោក ខណៈដែលប្រទេសចិន កម្ពុជា និងកូរ៉េ មានគម្រោង CBDC លក់រាយដែលចាស់ទុំបំផុតទាំង ១០។
របាយការណ៍បន្តថា ប្រព័ន្ធទូទាត់បាគងរបស់ប្រទេសកម្ពុជាផ្តល់ជាករណីជាក់ស្តែងនៃការប្រើប្រាស់ DLT លក្ខណៈឯកជននៅក្នុងហេដ្ឋារចនាសម្ព័ន្ធទូទាត់ ទោះបីជាគម្រោងនេះមិនមែនជាប្រព័ន្ធ CBDC ក៏ដោយ ពីព្រោះមិនមានប្រាក់ដើមកំណើតជាឌីជីថលត្រូវជាប់ពាក់ព័ន្ធនោះទេ។ របាយការណ៍ឱ្យដឹងថា៖ «យោងតាមធនាគារជាតិនៃកម្ពុជា (ឆ្នាំ ២០២០) បានឱ្យដឹងថា ការប្រើប្រាស់ DLT នៅក្នុងគម្រោងនេះសម្រេចបាននូវមុខងារសំខាន់ៗ ដូចជា ប្រតិបត្តិការចុងក្រោយ និងលទ្ធភាពផ្លាស់ប្តូរទំហំជាមួយនឹងទិន្នផលប្រតិបត្តិការរហូតដល់ ២ ០០០ ដង ក្នុង ១វិនាទី និងតិចជាង ៥ វិនាទីក្នុងរយៈពេលប្រតិបត្តិ»។ «នៅក្នុងប្រព័ន្ធនេះ ស្ថាប័នដែលចូលរួមដើរតួនាទីទាំង ២ ជាបណ្តាញតភ្ជាប់សម្រាប់អ្នកប្រើប្រាស់ជាក់ស្ដែង ដើម្បីចូលទៅក្នុងប្រព័ន្ធនេះ និងជាតំណភ្ជាប់វិមជ្ឈការបន្ថែមដែលបង្កើនភាពធន់របស់ប្រព័ន្ធនេះ។ គម្រោងនេះត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែតុលា ឆ្នាំ ២០២០»។
កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២ នេះប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជាបានជាប់ពានរង្វាន់ «អ្នកឈ្នះឆ្នើមសម្រាប់ឆ្នាំ ២០២១ របស់ Nikkie លើសេវាកម្មនិងផលិតផលដ៏អស្ចារ្យលើបច្ចេកវិទ្យា និងការធ្វើឱ្យមានឥទ្ធិពលទៅដល់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។
បើយោងតាមការរាយការណ៍របស់សារព័ត៌មានប្រចាំថ្ងៃ Nikkei Asia ធនាគារជាតិនៃកម្ពុជាបានសហការជាមួយធនាគារក្នុងស្រុក ដើម្បីប្រតិបត្តិការ និងពង្រីកការទទួលយកបាគង។ ជាលទ្ធផល រូបិយប័ណ្ណបានទៅដល់មនុស្សប្រហែល ៧,៩ លាននាក់ដែលជិតពាក់កណ្តាលនៃចំនួនប្រជាជនរបស់ប្រទេសចំនួន ១៦,៧ លាននាក់ រួមទាំងអ្នកដែលបានទទួលដោយប្រយោលតាមរយៈកម្មវិធីពីធនាគារដៃគូ។ មានប្រតិបត្តិការសរុបចំនួន ៦,៨ លានដង ដែលមានតម្លៃប្រហែល ២,៩ ពាន់លានដុល្លារគិតត្រឹមខែវិច្ឆិកា។
លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានប្រាប់សារព័ត៌មាន Nikkei Asia ថា ប្រព័ន្ធ Bakong អាចធ្វើអន្តរប្រតិបត្តិការរវាងក្រុមហ៊ុនជាច្រើនផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលធ្វើឱ្យការទូទាត់តាមឌីជីថលមានភាពងាយស្រួល និងកាន់តែមានប្រសិទ្ធភាព។ «អន្តរប្រតិបត្តិការរវាងក្រុមហ៊ុនជាច្រើនផ្សេងៗគ្នានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនឹងមិនត្រឹមតែបង្កើតតម្លៃបន្ថែមដល់អ្នកប្រើប្រាស់ជាក់ស្ដែងទាក់ទងនឹងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយភ្ជាប់គម្លាតរវាងតំបន់ជនបទ និងទីក្រុងដែលទទួលបានសេវាធនាគារ និងមិនទទួលបានសេវាធនាគារ ដូច្នេះវាបង្កើតឱ្យមានការភ្ជាប់ទំនាក់ទំនងសង្គម»។
បើយោតាមលោកស្រី សិរី ត្រូវបានដកស្រង់សំដីដោយលើកឡើងថា៖ «ការណ៍នេះគឺជាការកត់សម្គាល់ជាពិសេសក្នុងចំណោមពលករចំណាកស្រុក និងនិស្សិតដែលចាកចេញពីស្រុកកំណើតរបស់ពួកគេទៅធ្វើការ ឬសិក្សានៅតំបន់ទីក្រុង ហើយត្រូវការតភ្ជាប់ផ្នែកហិរញ្ញវត្ថុជាមួយក្រុមគ្រួសាររបស់ពួកគេ»៕LA