ភ្នំពេញៈ កម្ពុជាបានធ្វើការនាំចេញផ្លែចេកស្រស់នៅក្នុងឆ្នាំ ២០២១ មានចំនួន ៤២៣ ១៦៨,៩៧ តោន កើនឡើងជាង ២៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ក្នុងនោះនាំចេញទៅកាន់ប្រទេសចិនមានចំនួនច្រើនជាងគេ។
យោងតាមទិន្នន័យបឋមរបស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានបង្ហាញថា ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ ២០២១ តម្លៃនៃការនាំចេញផលិតផលកសិកម្ម ផ្នែកដំណាំជាង ៤ ៣២៣ លានដុល្លារអាមេរិកនៅក្នុងនោះផ្លែចេកស្រស់មានជិត ៤២៣ ១៦៩ តោនកើនឡើងចំនួន ២៧ ភាគរយ ដោយបាននាំចេញទៅប្រទេសចិន ចំនួនជាង ៣៧៦ ៩៦១ តោន ប្រទេសវៀតណាមជាង ៤៥ ១៩៣ តោនប្រទេសជប៉ុនចំនួន ៥៣៣,៥២ តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើននៃការនាំចេញចេកស្រស់នេះ ដោយសារតែទីផ្សារល្អពីខាងប្រទេសចិន ដែលប្រមូលទិញទាំងអស់ឱ្យតែកម្ពុជាមាន។
លោកបានបន្ថែមថា មានវិនិយោគិនច្រើនចង់វិនិយោគលើការដាំដុះដំណាំចេកនេះ។ លោកថ្លែងថា៖ «សព្វថ្ងៃនេះ យើងកំពុងសម្លឹងមើលរកទីតាំងណា ដែលអំណោយផលសម្រាប់ការដាំដុះចេកនេះ ដើម្បីផ្ទៃដីដាំដុះឱ្យបានកាន់តែច្រើន ដែលអាចឱ្យយើងនាំចេញបានរាប់លានតោនទៅកាន់ប្រទេសចិន នាពេលខាងមុខ»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឆ្នាំ ២០២១ កន្លង ទៅ ទិន្នផលដំណាំចេករបស់ក្រុមហ៊ុនលោក មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានបន្ថែមថាដំណាំចេកទីផ្សារប្រទេសចិន គឺជាទីផ្សារដ៏ធំជាងគេសម្រាប់កម្ពុជា ជាពិសេសក្រោយពេលដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ហើយបើទោះជាស្ថិតនៅក្នុងវិបត្តិនៃកូវីដ ១៩ ក៏ពិតមែន ប៉ុន្តែការដឹកជញ្ជូនទំនិញចេញចូលពីកម្ពុជាទៅប្រទេសចិនមិនដែលជួបបញ្ហាធ្ងន់ធ្ងរទេ ឱ្យតែកម្ពុជាតាមបទដ្ឋានបច្ចេកទេសអនាម័យ និងភូតគាមអនាម័យ។
លោកថ្លែងថា៖ «ផលប៉ះពាល់នៃការនាំកសិផលពីវៀតណាមទៅកាន់ប្រទេសចិន ដោយសារការផ្ទុះឡើងវិញនៃជំងឺកូវីដ ១៩ នោះ ដែលមានការបិទច្រកព្រំដែនរវាងចិន និងវៀតណាមកន្លងទៅ មិនមានពាក់ព័ន្ធនឹងកម្ពុជានោះទេ ជាពិសេសចេក ព្រោះថាចេកនាំចេញទៅកាន់វៀតណាមមានចំនួនតិចតួចប៉ុណ្ណោះ ចំណែកនាំទៅចិនវិញ គឺនាំទៅតាមកំពង់ផែក្រុងព្រះសីហនុ និងភ្នំពេញដោយផ្ទាល់»៕ LA