ភ្នំពេញៈ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JETRO) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) បានឯកភាពគ្នាជាគោលការណ៍ ពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នានៅពេលខាងមុខ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ និងប្រសើរឡើងមួយកម្រិតទៀត។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ ថា សភាពាណិជ្ជកម្មកម្ពុជា និង Jetro បានធ្វើកិច្ចសហការការងារបានយ៉ាងល្អ និងជាច្រើនអនេកដោយក្នុងនោះសភាពាណិជ្ជកម្ពុជាបានបញ្ជូនសហគ្រិនវ័យក្មេងកម្ពុជាទៅបណ្តុះបណ្តាលនៅក្នុងប្រទេសជប៉ុន និងធ្វើកិច្ចការពាណិជ្ជកម្ម និងវិនិយោគជាច្រើនផ្សេងទៀតរវាងប្រទេសទាំង ២។
លោកបន្តថា អនុស្សរណៈលើកិច្ចសហប្រតិបត្តិការនៃស្ថាប័នទាំង ២ ដែលត្រៀមនឹងធ្វើនេះក៏នឹងជួយជំរុញឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ជប៉ុនចេញជារូបរាង។ មិនតែប៉ុណ្ណោះស្ថាប័នទាំង ២ ក៏នឹងជជែកគ្នាក្នុងភាពជាដៃគូឱ្យកាន់តែរឹងមាំបន្ថែមទៀត ។ ជាមួយគ្នានេះដែរ Jetro បានសហការជាមួយនឹងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបាននាំយកពាណិជ្ជករជប៉ុនជាច្រើនមកវិនិយោគ និងធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «យើងធ្វើការបានច្រើនជាមួយ Jetro ពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងវិនិយោគ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏បានបង្កើតការិយាល័យសភាពាណិជ្ជកម្មសេនដៃនៅក្នុងប្រទេសជប៉ុន ដើម្បីពង្រឹងការវិនិយោគនៃប្រទេសទាំង ២ ផងដែរ»។
លោកថ្លែងថា៖ «រដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏ដូចជាដៃគូវិនិយោគទាំងអស់ត្រូវតែសហការគ្នាជួយជំរុញឱ្យមានការហោះហើរត្រង់ឱ្យបានច្រើនរវាងប្រទេសទាំង ២ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំង ២ ឡើងវិញ»។
លោកស្រី Marisa Haruta ប្រធានតំណាង Jetro ប្រចាំនៅកម្ពុជា និងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាកាលថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ បានពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហការ និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា។
ស្ថាប័នទាំង ២ អាចសហការ គ្នាជាលក្ខណៈទ្វេភាគី និងកម្រិតតំបន់ផងដែរក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដោយគ្រោងចុះអនុស្សរណៈយោគយល់គ្នា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា៖ «ខ្ញុំពិតជាត្រេកអរយ៉ាងខ្លាំងចំពោះជំហានឆ្ពោះទៅមុខដ៏អស្ចារ្យនេះរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ខ្ញុំទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានាពេលអនាគតដ៏ខ្លីខាងមុខជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន»។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ថា Jetro ប្រចាំនៅកម្ពុជាបានគាំពារពាណិជ្ជកម្មកម្ពុជា-ជប៉ុនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ និងអ្នកវិទ្យាសាស្ត្រដោយសិក្សាផ្តោតសំខាន់ទៅលើពាណិជ្ជកម្ម និងវិនិយោគពាក់ព័ន្ធនឹងអាស៊ានផងដែរ។
លោកបានមានប្រសាសន៍បន្តថា ដោយឡែកចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងសភាពាណិជ្ជកម្មកម្ពុជានៅពេលខាងមុខ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មកម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងកាន់តែពង្រីកឱ្យកាន់តែធំបន្ថែមទៀតលើវិសាលភាពនៃការនាំចេញ និងនាំចូល ព្រមទាំងជាឱកាសសម្រាប់កម្ពុជា ទាក់ទាញវិនិយោគិន និងបច្ចេកវិទ្យាជប៉ុនមកកាន់កម្ពុជាកាន់តែច្រើន៕