ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងឆ្នាំ ២០២១ សម្រេចបានទឹកប្រាក់ប្រមាណជាង ៧៨៥ លានដុល្លារធ្លាក់ចុះជាង ១០,៤៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មឱ្យដឹងថា ការនាំចេញពីកម្ពុជាទៅកាន់ចក្រភពអង់គ្លេសចាប់ពីខែមករា ដល់ខែធ្នូ ២០២១ មានទំហំទឹកប្រាក់ជាង ៧៣១ លានដុល្លារ ធា្លក់ចុះជាង ១១,៤២ ភាគរយ ខណៈដែលការនាំចូលពីចក្រភពអង់គ្លេសមកកម្ពុជាវិញមានទឹកប្រាក់ជាង ៥៣ លានដុល្លារកើនឡើងជាង ៤ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានធ្លាក់ចុះ ២ ឆ្នាំជាប់គ្នា ពោលចាប់តាំងពីជំងឺកូវីដ ១៩ បានរីករាលដាលមកដោយក្នុងឆ្នាំ ២០២០ មានទឹកប្រាក់ជាង ៨៧៧ លានដុល្លារ ថយចុះ ១៧ ភាគរយ និងក្នុងឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់ប្រមាណ ៧៨៥ លានដុល្លារ ធ្លាក់ចុះជាង ១០,៤៨ ភាគរយ។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមករាថា ការធ្លាក់ចុះនេះ គឺដោយសារការរីករាលដាលនៃមេរោគកូវីដ និងការរំខានទីផ្សារនៅក្នុងចក្រភពអង់គ្លេស បូករួមទាំងឧបសគ្គមួយចំនួនទាក់ទងនឹងការដឹកជញ្ជូន ដែលនេះជាមូលហេតុធម្មតានៃពាណិជ្ជកម្ម ឬប្រតិបត្តិការ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ការធ្លាក់ចុះនេះដោយសារតែបញ្ហាតម្រូវការទំនិញមិនចាំបាច់របស់ចក្រភពអង់គ្លេសមានការថយចុះ ដោយប្រទេសនេះបានបង្វែរថវិកាភាគច្រើនទៅប្រើប្រាស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងចំណាយទៅលើវិបត្តិនៅប្រទេសអ៊ុយក្រែន។
លោកបន្ថែមថា ប្រទេសអង់គ្លេសមិនមែនមានដៃគូពាណិជ្ជកម្មជាមួយកម្ពុជាតែមួយនោះទេ ប្រទេសក្នុងសមាជិកអាស៊ានភាគច្រើនក៏ជាដៃគូពាណិជ្ជកម្មជាមួយប្រទេសនេះដែរ។
លោក វណ្ណៈ បញ្ជាក់ថា៖ «ដើម្បីទាក់ទាញដៃគូពាណិជ្ជកម្មធំដូចប្រទេសអង់គ្លេសនេះ កម្ពុជាត្រូវប្រឹងផលិតទំនិញឱ្យឆ្លើយនឹងស្តង់ដារបស់ប្រទេសនេះ ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយធុរជនជាតិអង់គ្លេស រួមទាំងទំនាក់ទំនងផ្នែកការទូតឱ្យកាន់តែល្អប្រសើរផងដែរ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យភ្នំពេញប៉ុស្តិ៍ដឹងដែរថា ចាប់តាំងពីចក្រភពអង់គ្លេសបានចាកចេញពីសហគមន៍អឺរ៉ុប កិច្ចព្រមព្រៀងដែលប្រទេសនេះគ្រោងនឹងផ្តល់ GSP ឱ្យកម្ពុជាគឺមិនទាន់ដំណើរការល្អនៅឡើយ។ លោកបានបន្ថែមថា ខាងអង់គ្លេសកំពុងតែដាក់ធាតុចូលបន្ថែមទៀតក្នុងកិច្ចព្រមព្រៀងនេះក្នុងការពិនិត្យមើលថា គួរបន្ថែមលក្ខខណ្ឌអ្វីទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រទេសជាដៃគូ។
លោកបញ្ជាក់ថា៖ «ការទទួលបានភាពអនុគ្រោះពន្ធ GSP ពីអង់គ្លេសឡើងវិញ នឹងធ្វើឱ្យយើងធូរស្បើយមួយចំនួនធំ ព្រោះថាយើងជាប់ពន្ធ ២០ ភាគរយលើ EBA ដូចនេះទំនិញមួយចំនួនធំ យើងអាចចូលតាមរយៈអង់គ្លេស ហើយបន្តចែកចាយបានក្នុងសហគមន៍អឺរ៉ុប»។
ទំនិញភាគច្រើនដែលកម្ពុជានាំទៅអង់គ្លេសមានដូចជា សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និងផលិតផលកសិកម្ម។ ចំណែកផលិតផលអង់គ្លេសនាំមកកម្ពុជា មានដូចជា រថយន្ត និងគ្រឿងចក្រជាដើម៕ LA