ភ្នំពេញៈ ក្រុមហ៊ុន​សាជីវកម្ម Samsung C & T Corporation របស់​កូរ៉េខាងត្បូង​បានបង្ហាញ​ចំណាប់​អារម្មណ៍​លើ​ការវិនិយោគ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​ ដើម្បី​ចូលរួមចំណែក​ដល់​ការលើកកម្ពស់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​នេះ​។

ការលើកឡើង​អំពី​ចំណាប់អារម្មណ៍​នៃ​ការវិនិយោគ​នេះ​ត្រូវបាន​ធ្វើឡើង​កាល​ថ្ងៃទី ​២៤ ខែមករា ឆ្នាំ​ ២០២២ ក្នុងជំនួប​រវាង​លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជាមួយនឹង​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម Samsung C & T Corporation ដឹកនាំ​ដោយ​លោក Han Jung Suk តាម​ប្រព័ន្ធ​វីដេអូ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​។

លោក ឡេង ធនយុទ្ធា បាន​លើកឡើង​ពី​បច្ចុប្បន្នភាព​នៃ​គម្រោង​សម្រេចបាន​គម្រោង​កំពុង​​អនុវត្ត​បន្ត និង​គម្រោង​នាពេល​អនាគត​ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជាច្រើន​ទៀត​នៅ​កម្ពុជា​។

លោក​លើកឡើង​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​រាល់​ការវិនិយោគ​គ្រប់​ប្រភេទ​ទាំងអស់ ជាពិសេស​ការវិនិយោគ​ក្នុង​ភាពជា​ដៃគូ​រដ្ឋ និង​ឯកជន (PPP) និង​ការវិនិយោគ​ឈរលើ​គោលការណ៍ កសាង ប្រតិបត្តិ ផ្ទេរ​ (BOT) និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាជីវកម្ម Samsung C & T Corporation ពិនិត្យ​លទ្ធភាព​វិនិយោគ​លើ​ការអភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ (Mass Transit) និង​ផ្លូវ​ក្រវាត់ក្រុង​នៅ​រាជធានី​ភ្នំពេញ​ព្រមទាំង​កំពង់ផែ​ជាដើម​»​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ស្វាគមន៍​ការវិនិយោគ​នានា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​នៅ​កម្ពុជា​ដែល​អាចធ្វើឱ្យ​ផ្នែក​ឡូជីស្ទិក​នៅ​កម្ពុជា​មានតម្លៃ​ទាប​ជាង​មុន​ក្នុងការ​ជំរុញ​ឧត្តមភាព​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេសជិតខាង​។ លោក​បាន​បន្ថែមថា ស្រប​ពេលដែល​ប្រទេស​កម្ពុជា និង​កូរ៉េ​គ្រោង​នឹង​អនុវត្ត​នូវ​ពាណិជ្ជកម្ម​សេរី​នាពេល​ដ៏ខ្លី​ខាងមុខនេះ ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​គឺជា​ការឆ្លើយតប​ក្នុង​ការជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទាំង​នាំចេញ​នាំចូល​រវាង​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា នេះ​ជា​រឿង​មួយ​ល្អ​ដែល​ក្រុមហ៊ុន​នេះ​ចង់​មក​បណ្តាក់ទុន​រកស៊ី​នៅលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ឡូជីស្ទិក​នេះ ស្រប​ពេលដែល​ប្រទេស​យើង​ទាំង​ ២​ នឹង​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុងពេល​ឆាប់ ដែល​ការវិនិយោគ​របស់​ក្រុមហ៊ុន Samsung គឺ​ពិតជា​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ ២ ​ទាំង​នាំចេញ​ និង​នាំចូល​»​។

«​វា​ជា​ពេលវេលា​ដ៏ល្អ​ដែល​ក្រុមហ៊ុន​កូរ៉េ​មក​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការដឹកជញ្ជូន​កាន់តែច្រើន វា​នឹង​ជួយ​សម្រួល​ដល់​តម្លៃ​ធ្លាក់ចុះ ដែល​អាចឱ្យ​យើង​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាងយើង​ដែល​ការដឹកជញ្ជូន​របស់​ប្រទេស​គេ​មានតម្លៃ​ទាប​ជាង​យើង​»​។ នេះ​បើ​យោងតាម​ការ​ថ្លែង​អះអាង​របស់លោក​ លឹម ហេង​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ ក្នុង​ឆ្នាំ​ ២០២១ មាន​ទឹកប្រាក់​ជាង ៩៥៦ ​លាន​ដុល្លារ កើនឡើង ៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ក្នុងនោះ​ចំនួន​ទឹកប្រាក់​នាំចេញ​របស់​កម្ពុជា កើន​ជិត ១០ ​ភាគរយ និង​ការ​នាំចូល​កើន​ជាង ៧ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។

ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ មាន​ទឹកប្រាក់ ៣៤១,៥ ​លាន​ដុល្លារ កើនឡើង ៧,៣៥​ ភាគរយ​ពី​ចំនួន ៣១៨,១១ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​ប្រទេស​កូរ៉េ​ចូលមក​កម្ពុជា​មាន​ទឹកប្រាក់ ៦២៣,៦២ ​លាន​ដុល្លារ កើន ៩,៩៤ ​ភាគរយ​ពី​ចំនួន ៥៦៧,២១ ​លាន​ដុល្លារ​។

ទិន្នន័យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឱ្យដឹងថា គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ការវិនិយោគ​ផ្ទាល់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប ៣៩ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ប្រទេស​កូរ៉េ ជាប់​លេខ ២ ​ដោយមាន​ទឹកប្រាក់​សរុប ៤,១​ ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ប្រទេស​ចិន​៕ LA