ភ្នំពេញៈ កម្ពុជាប្រមូលបានប្រាក់ជាង ៦១០ លានដុល្លារពីការនាំចេញកៅស៊ូនៅក្នុងឆ្នាំ ២០២១ កើន ២៦ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមានទឹកប្រាក់ ៤៨២ លានដុល្លារ។
ទិន្នន័យពីអគ្គនាយកដ្ឋានកៅស៊ូបង្ហាញថា ក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២១ កម្ពុជារកចំណូលបាន ៦១១ ៧៧០ ៨១៤ ដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូក្នុងនោះបរិមាណជ័រកៅស៊ូមានចំនួន ៣៦៦ ៣០០ តោន ស្មើនឹងតម្លៃ ៦១០ ២៥៥ ៨០០ ដុល្លារ និងឈើកៅស៊ូសម្រេចបាន ៤៥៤ ម៉ែត្រគុបមានតម្លៃទឹកប្រាក់ ១ ៥១៥ ០១៥ ដុល្លារ។
លោក ហ៊ឹម អូន អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញកៅស៊ូនៅក្នុងឆ្នាំ ២០២១ កើនដោយសារកត្តាចំនួនដូចជា អតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការផ្ទៃដីចៀរជ័រកើន កត្តាមិនមែនមូលដ្ឋានគឺតម្លៃប្រេងឆៅកើន និងភាពប្រសើរឡើងនៃការសហការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក។
លោកបន្ថែមថា តម្លៃលក់ជ័រកៅស៊ូជាមធ្យមក្នុងឆ្នាំ ២០២១ គឺ ១ ៦៦៦ ដុល្លារ ក្នុង ១ តោនដោយកើនឡើង ២៨៤ ដុល្លារ ក្នុង ១ តោនស្មើនឹង ២១ ភាគរយបើធៀបឆ្នាំ ២០២០។
លោកបញ្ជាក់ថា៖ «ចំពោះតម្លៃកសិករទទួលបានពេលឈ្មួញចុះទៅទិញតាមចម្ការ ដែលមិនទាន់កែច្នៃ និងបង់ពន្ធ និងដឹកជញ្ជូនប្រហាក់ប្រហែល ១ ២០០ ដុល្លារ ទៅ ១ ២៥០ ដុល្លារ ក្នុង ១ តោន»។
លោក ជា សាឃិន កសិករដាំដុះកៅស៊ូនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និយាយថា ជ័រកៅស៊ូឆៅឆ្នាំ ២០២១ លក់បានតម្លៃល្អដោយជ័រកកមានតម្លៃ ២ ៨០០ រៀល ក្នុង ១ គីឡូក្រាម ខណៈឆ្នាំ ២០២០ ថ្លៃ ២ ៥០០ រៀលប៉ុណ្ណោះ។
លោកបានបន្ថែមថា តម្លៃនេះកសិករអាចទទួលយកបាន ព្រោះអាចចំណេញបានខ្លះ ប៉ុន្តែនៅមានបញ្ហាប្រឈមមួយចំនួនដែលកសិករនៅក្នុងស្រុកមេមត់បាននិងកំពុងជួបប្រទះ គឺគ្រោះមហន្តរាយធម្មជាតិ ខ្យល់កន្ត្រាក់។
លោកបានបញ្ជាក់ថា៖ « ដើមកៅស៊ូធំៗត្រូវបានខ្យល់កន្ត្រាក់បោកបក់ បាក់រាបដល់ដី ប៉ុន្តែកសិករនៅបន្តដាំដុះឡើងវិញ ដោយសារតម្លៃកៅស៊ូមានភាពល្អប្រសើរ»។
លោក សៅ ស៊ន អ្នកបណ្តុះកូនកៅស៊ូលក់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបាននិយាយថា នៅដើមឆ្នាំ ២០២២ នេះការលក់កូនកៅស៊ូរបស់លោកមានកំណើនដោយសារតែមានតម្រូវការច្រើន។
លោក ស៊ន បានរៀបរាប់ថា តម្លៃកៅស៊ូមានតម្លៃជាងឆ្នាំមុន ទើបកសិករចាប់បង្កើនការដាំដុះជាបន្តបន្ទាប់ឡើងវិញ ដែលធ្វើកសិដ្ឋានបណ្តុះកូនកៅស៊ូរបស់លោក បង្កើនការបណ្តុះកូនកៅស៊ូដល់រាប់លានកូនហើយគិតត្រឹមដើមឆ្នាំនេះ។
លោកបានបន្ថែមថា៖ «នៅពេលដែលតម្រូវការកូនកៅស៊ូមានច្រើនបែបនេះ កូនកៅស៊ូក៏លក់បានថ្លៃដែរ ដោយកាលឆ្នាំ ២០២០ លក់បានតម្លៃជាង ២ ៥០០ រៀលក្នុង ១ ដើមតែបច្ចុប្បន្នលក់បាន ៤ ០០០ រៀលក្នុង ១ ដើម»។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូគិតត្រឹមឆ្នាំ ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ០៤៤ ហិកតាក្នុងនោះ ផ្ទៃដីចៀរជ័រមាន ៣១០ ១៩៣ ហិកតា កើនឡើងជាង ៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ តាមរយៈកំណើននេះ អគ្គនាយកដ្ឋានកៅស៊ូព្យាករថា ចាប់ពីឆ្នាំ ២០២២ តទៅ កម្ពុជានឹងអាចនាំចេញកៅស៊ូជាមធ្យម ៤០ ម៉ឺនតោន ក្នុង ១ ឆ្នាំៗ ដោយនាំទៅប្រទេសវៀតណាម សិង្ហបុរី ចិន និងម៉ាឡេស៊ី៕ LA