ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ក្នុងឆ្នាំ ២០២១ មានទឹកប្រាក់ជាង ១១,១ ពាន់លានដុល្លារ កើនឡើង ៣៧,២៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
ទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានប្រមាណ ១,៥១ ពាន់លានដុល្លារ កើនឡើង ៣៩ ភាគរយ ខណៈការនាំទំនិញពីប្រទេសចិនមកកម្ពុជាមានទឹកប្រាក់ ៩,៦៣ ពាន់លានដុល្លារ កើនឡើង ៣៧ ភាគរយបើធៀបនឹងឆ្នាំ ២០២០។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ចំណងមិត្តភាពដ៏រឹងមាំរបស់កម្ពុជាជាមួយនឹងប្រទេសចិនបានជួយជំរុញសេដ្ឋកិច្ចកម្ពុជាច្រើន ជាពិសេសនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន។
លោកបន្តថា ចំពោះទំហំទឹកប្រាក់ដែលកម្ពុជានាំចូលពីចិនមានតម្លៃប្រមាណ ៩,៦៣ ពាន់លានដុល្លារ ច្រើនជាងការនាំចេញរបស់កម្ពុជា គឺដោយសារតែកម្ពុជានាំចូលមកភាគច្រើនជាសម្ភារ និងវត្ថុធាតុដើមសម្រាប់បម្រើក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងសម្ភារអេឡិចត្រូនិក ព្រមទាំងគ្រឿងអគ្គិសនីជាដើម។ ការនាំចូលផលិតផលទាំងអស់នេះ ព្រោះតែកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវយកទំនិញទាំងអស់នោះមកចូលរួមក្នុងចង្វាក់ផលិតកម្មផលិតដើម្បីនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។
លោកបញ្ជាក់ថា៖ «នៅឆ្នាំបន្តបន្ទាប់ទៀត ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងមានកំណើនបន្ថែមទៀត ដោយសារតែយើងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយគ្នាផង គួបផ្សំនឹងច្បាប់វិនិយោគថ្មី ដែលផ្តល់ការអនុគ្រោះច្រើនផង។ យើងរំពឹងថា ទាំងការនាំចេញ និងនាំចូលនឹងបន្តកើនឡើងបន្ថែមទៀត»។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កំណើនដោះដូរពាណិជ្ជកម្មរវាងចិន និងកម្ពុជា ក្នុងឆ្នាំ ២០២១ ដោយសារតែកត្តាធំៗចំនួន ៣ រួមមាន ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា និងចិន ស្របពេលដែលកម្ពុជាក្លាយជាប្រធានកិច្ចប្រជុំរបស់អាស៊ាន, ការថយចុះនៃការផ្គត់ផ្គង់របស់ពិភពលោកក្នុងបរិបទកូវីដ ១៩, និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីដើមខែមករា ឆ្នាំ ២០២២។
លោកបញ្ជាក់ថា៖ «ដោយសារការផ្គត់ផ្គង់របស់ពិភពលោកធ្លាក់ចុះ ព្រោះវិបត្តិកូវីដ ១៩ ដូច្នេះការនាំចេញផលិតផលមួយចំនួនពីកម្ពុជា គឺជាសក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក៏បានជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅប្រទេសចិន លែងសូវមានបញ្ហាស្មុគស្មាញផងដែរ»។
ទោះយ៉ាងណាក៏ លោក សេរីវឌ្ឍន៍ បានអះអាងថា នៅមានកត្តារារាំងខ្លះចំពោះការនាំចេញទំនិញទៅកាន់ប្រទេសចិន ដោយសារតែកំពង់ផែទឹកជ្រៅរបស់កម្ពុជាមិនទាន់បានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ពេញលេញនៅឡើយ ដូចនេះកម្ពុជានៅតែពឹងផ្អែកលើកំពង់ផែរបស់ប្រទេសវៀតណាម និងថៃដដែល ដែលអាចនឹងមានបញ្ហាកើតឡើង បើកំពង់ផែប្រទេសទាំង ២ ផ្អាក ឬបិទដោយប្រការណាមួយ។
បែបនេះក្តីអ្នកវិភាគសេដ្ឋកិច្ចរូបនេះរំពឹងថា នៅពេលដែលកំពង់ផែទឹកជ្រៅរបស់កម្ពុជា (ក្នុងខេត្តព្រះសីហនុ) សាងសង់រួចរាល់ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោកនឹងមានកំណើនដូចៗគ្នាជាមិនខាន៕ LA