ភ្នំពេញៈ អគ្គរដ្ឋបាលគយចិនបានទុកពេលឱ្យកម្ពុជា ៣ សប្តាហ៍ដើម្បីកែលម្អចំណុចខ្វះខាតដែលភាគីចិនបានតម្រូវជាមុនសិន មុននឹងឈានដល់ការចុះពិធីសារជាផ្លូវការ ដើម្បីអាចនាំត្រីប្រាទៅកាន់ប្រទេសចិន។
បន្ទាប់ពីកិច្ចប្រជុំពីថ្ងៃទី ២០-២៨ ខែមករា ឆ្នាំ ២០២២ រវាងក្រុមការងាររដ្ឋបាលជលផលកម្ពុជា និងអគ្គរដ្ឋបាលគយចិន តាមរយៈប្រព័ន្ធអនឡាញបានបញ្ចប់ទៅមន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផលអះអាងថា ចិនបើកភ្លើងបៃតងឱ្យកម្ពុជាហើយដើម្បីនាំចេញត្រីប្រាទៅទីផ្សារចិន ប៉ុន្តែក៏មានលក្ខខណ្ឌមួយចំនួនដែលចិនបានស្នើឱ្យកែតម្រូវ។
លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣១ ខែមករាថា ភាគីចិនបានឱ្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ៣ ទីតាំង (នៅខេត្តកណ្តាល កំពង់ធំ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ) និងកន្លែងកែច្នៃត្រី ១ កន្លែង (នៅខណ្ឌសែនសុខ) កែចំណុចខ្វះខាតមួយចំនួនតូច និងត្រូវរៀបចំធ្វើរបាយការណ៍ឱ្យបានមុនថ្ងៃ ២៥ ខែកុម្ភៈ ឆ្នាំ ២០២២។
លោកបន្ថែមថា ពេលនេះខាងរដ្ឋបាលជលផលកំពុងមមាញឹកក្នុងការរៀបចំឯកសារ និងបើកកិច្ចប្រជុំជាមួយម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រាទាំង ៣ និងកន្លែងកែច្នៃត្រី ១ កន្លែងធ្វើយ៉ាងណាបំពេញចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា ដើម្បីផ្ញើទៅអគ្គរដ្ឋបាលគយចិនទៅតាមពេលវេលាកំណត់។
លោកបញ្ជាក់ថា៖ «នៅពេលដែលកសិដ្ឋានទាំង ៣ និងរោងចក្រកែច្នៃ កែតម្រូវតាមលក្ខខណ្ឌដែលចិនចង់បានហើយ បន្ទាប់មកទៀតនឹងមានការចុះពិធីសារផ្លូវការរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន ដើម្បីអាចនាំចេញត្រីប្រាទៅចិនបាន។ ក្រោយមកនឹងមានការចរចារវាងក្រុមហ៊ុនកែច្នៃដែលចង់នាំចេញទៅចិនពីបញ្ហាតម្លៃ និងតម្រូវការ»។
លោកបន្តថា មិនត្រឹមតែកសិដ្ឋានចំនួន ៣ និងរោងចក្រកែច្នៃត្រីប្រា ១ ទេដែលអាចមានសិទ្ធិនាំចេញត្រីប្រាទៅប្រទេសចិនបាន ចំពោះកសិដ្ឋាន ឬរោងចក្រកែច្នៃផ្សេងទៀតដែលអនុវត្តតាមស្តង់ដាវារីវប្បកម្មរបស់អគ្គរដ្ឋបាលគយចិន និងចុះបញ្ជីនៅរដ្ឋបាលជលផលនោះនឹងអាចនាំចេញបានជាបន្តបន្ទាប់ទៀត។
លោក វ៉ិត ធារិទ្ធិ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ៧ មករា ដែលមានទីតាំងនៅស្រុកស្អាង ខេត្តកណ្តាល ដែលជាកសិដ្ឋាន ១ ក្នុងចំណោមកសិដ្ឋានទាំង ៣ ដែលអគ្គរដ្ឋបាលគយចិនបានត្រួតពិនិត្យដែរនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បន្ទាប់ពីអគ្គរដ្ឋបាលគយចិនយល់ព្រមឱ្យនាំចេញត្រីប្រាទៅចិន ដោយគ្រាន់តែកែលម្អចំណុចតិចតួចនោះ គឺជាក្តីសង្ឃឹមដែលលោកក៏ដូចជាវារីវប្បករដទៃទៀតទន្ទឹងរង់ចាំ។
លោក ធារិទ្ធិ និយាយថា៖ «ខាងចិន គ្រាន់តែឱ្យយើងកែតម្រូវ ២ ចំណុចប៉ុណ្ណោះ គឺទី ១ ត្រូវប្រើថ្នាំសម្លាប់មេរោគនៅឃ្លាំងដាក់ចំណីដើម្បីកម្ចាត់សត្វកណ្តុរ ឬសត្វល្អិត និង ១ ទៀត គេតម្រូវឱ្យមានកំណត់ត្រាច្បាស់លាស់ក្នុងការដាក់ពូជ និងគុណភាពទឹកឱ្យបានច្បាស់លាស់ដែលចំណុចទាំងនេះយើងបានអនុវត្តហើយ តែយើងមិនបានបំពេញក្នុងរបាយការណ៍។ ដូច្នេះការតម្រូវចំណុច ២ នេះ មិនមានបញ្ហាអ្វីសម្រាប់យើងនោះទេ»។
លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា និងជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រី នៅខេត្តកំពង់ធំ ដែលទទួលបានសិទ្ធិក្នុងការនាំត្រីប្រាទៅចិនដែរនោះ បាននិយាយថា អ្នកចិញ្ចឹមត្រីនឹងលែងមានបញ្ហាទីផ្សារទៀតហើយ នៅពេលចិនអនុញ្ញាតឱ្យនាំចេញត្រីប្រាក្នុងពេលឆាប់ៗនេះ។
លោកថ្លែងថា៖ «សង្ឃឹមថាវារីវប្បករទាំងអស់ ជាពិសេសអ្នកចិញ្ចឹមត្រីប្រានឹងកែប្រែទម្លាប់នៃការចិញ្ចឹមរបស់ខ្លួនមកអនុវត្តការចិញ្ចឹមតាមបែបស្តង់ដាបច្ចេកទេសវិញ ដើម្បីអាចឱ្យមានគាត់នាំចេញទៅកាន់ប្រទេសចិនបាន»។
រដ្ឋបាលជលផលនឹងអញ្ជើញម្ចាស់កសិដ្ឋានចិញ្ចឹមត្រីប្រាទាំង ៣ កន្លែង និងម្ចាស់រោងកែច្នៃត្រី ១ កន្លែង ប្រជុំនៅថ្ងៃទី ៣ ខែកុម្ភៈ ខាងមុខនេះដើម្បីរួសរាន់បំពេញឯកសារនានា ដែលភាគីចិនត្រូវការឱ្យបានរួចរាល់មុនថ្ងៃទី ២៥ ខែកុម្ភៈ ដើម្បីអាចនាំចេញត្រីប្រាទៅកាន់ទីផ្សារប្រទេសចិនបានក្នុងពេលឆាប់ៗនេះ៕ LA