ភ្នំពេញៈ ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសមួយនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុក។
ធនាគារពិភពលោកបានឱ្យដឹងក្នុងជំនួយស្មារតីមួយស្ដីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី ៣១ ខែមករា ថា ជំងឺរាតត្បាតជាដើមចមធ្វើឱ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែការពឹងផ្អែកទៅលើផលិតផល, ទីផ្សារ និងធនធានហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត បានធ្វើឱ្យកម្ពុជាខ្វះជំហររឹងមាំសម្រាប់ទប់ទល់នឹងការអង្រួនដែលកើតមានចំពោះសេដ្ឋកិច្ច។ នេះបើតាមការលើកឡើងក្នុងរបាយការណ៍ក្រោមចំណងជើងថា «ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ចកម្ពុជា»។
កម្ពុជាធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧,៧ ភាគរយក្នុង ១ ឆ្នាំចាប់ពីឆ្នាំ ១៩៩៥ ដល់ ២០១៩ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុកអស់ ១០,១ ភាគរយធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក ៣,១ ភាគរយក្នុងឆ្នាំ ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ ភាគរយនាដំណាច់ឆ្នាំ ២០២១។ នេះបើតាម WB។
WB បានបន្តថា៖ «ការបង្កើនការរួមចំណែករបស់ខ្លួនទៅក្នុងខ្សែចង្វាក់តម្លៃសកល, ការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម, និងការពង្រីកភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្ម ក៏នឹងអាចជួយធ្វើឱ្យការនាំចេញកាន់តែមានភាពសម្បូរបែបផងដែរ។ ការវិនិយោគក្នុងស្រុកនឹងទទួលបានប្រយោជន៍ថែមទៀតពីការលើកកម្ពស់ការសន្សំប្រាក់ក្នុងស្រុកឱ្យមានកម្រិតកាន់តែខ្ពស់, ការលើកទឹកចិត្តដល់ការវិនិយោគបរទេសនៅតាមវិស័យមានផលិតភាពខ្លាំងជាងគេ និងការពង្រីកលទ្ធភាពក្នុងការស្វែងរកបានហិរញ្ញវត្ថុសម្រាប់យកមកធ្វើអាជីវកម្ម»។
តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Maryam Salim ថ្លែងថា៖ «ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយពេលមានវិបត្តិកូវីដ ១៩»។
លោកស្រីបន្ថែមថា៖ «ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅកំណើនដោយចីរភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា, ពង្រឹងបទប្បញ្ញត្តិដើម្បីឆ្លើយតបទៅសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច, និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣១ ខែមករាថា ឧស្សាហកម្មកាត់ដេរកំពុងស្ថិតក្នុងផលិតកម្មប្រកបដោយស្ថិរភាពរហូតមកដល់ពេលនេះ ខណៈដែលការនាំចេញនៅតែបន្តកើនឡើង។ លោកឱ្យដឹងថា៖ «ដោយសារតែលក្ខខណ្ឌប្រកបដោយស្ថិរភាពដូចក្នុងពេលនេះ យើងអាចមានសុទិដ្ឋិនិយមនៅឆ្នាំ ២០២២ ថា ការនាំចេញរបស់យើងនឹងបន្តកើនឡើងប្រហែលជាកំណើនមធ្យមសម្រាប់សម្លៀកបំពាក់ និងកំណើនល្អសម្រាប់ទំនិញធ្វើដំណើរ។ ការផ្លាស់ទីតាំង ការបញ្ជាទិញសម្លៀកបំពាក់មួយចំនួនពីប្រទេសចិន និងមីយ៉ាន់ម៉ានឹងបន្តផ្តល់ផលប្រយោជន៍ដល់កម្ពុជា»។
WB ចង្អុលបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួន ៥ មុខ មានវិស័យកាត់ដេរ ស្បែកជើង អង្ករ ដំឡូងមី និងទេសចរណ៍មានទំហំ ៨០ ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែក្នុងនោះមានទីផ្សារធំតែ ២ ប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និងអាមេរិក ដែលស្រូបយក ៦៩ ភាគរយ។
WB បន្តថា ផលិតភាពពលកម្មក៏នៅទាបដោយមកពីជំនាញ និងការបណ្តុះបណ្តាលនៅមានកម្រិត ហើយ «កត្តាផលិតភាពសរុប» ដែលជារង្វាស់សម្រាប់កំណត់មើលថាតើប្រទេសមួយប្រើប្រាស់មានប្រសិទ្ធផលកម្រិតណានូវពលកម្ម និងដើមទុនរួមរបស់ខ្លួនក៏នៅទាបដែរ។ លើសពីនេះទៀត អត្រាប្រាក់សន្សំគួបផ្សំនឹងការវិនិយោគក្នុងស្រុកនៅមានកម្រិតទាបផង ធ្វើឱ្យកម្ពុជាត្រូវពឹងខ្លាំងលើធនធានហិរញ្ញប្បទានពីខាងក្រៅ។
«កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយបញ្ហាខ្វះពិពិធកម្មក្នុងសេដ្ឋកិច្ច និងសម្រាប់កសាងឡើងវិញឱ្យកាន់តែប្រសើរជាងមុន។ ការវិនិយោគលើធនធានមនុស្ស, ការធ្វើឱ្យការបែងចែកធនធានកាន់តែមានប្រសិទ្ធផលតាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ, និងការបង្កើនការគ្រប់គ្រងការវិនិយោគសាធារណៈទាំងអស់នេះស្ថិតនៅក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច»។ នេះបើយោងតាមធនាគារពិភពលោក។
កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរក្នុងតម្លៃជិត ៨,៨៣ ពាន់លានដុល្លារនារយៈពេល ១០ ខែដំបូងឆ្នាំ ២០២១ កើនជាង ១ ភាគ ១០ ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើតាមទិន្នន័យចេញផ្សាយដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)៕ LA
វីដេអូ៖