ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) បានណែនាំក្រសួង-ស្ថាប័នឱ្យធ្វើការអនុវត្តកាតព្វកិច្ចសារពើពន្ធចំពោះគម្រោងសកម្មភាពនានាដែលស្ថិតនៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងជំនួយឥតសំណងកិច្ចព្រមព្រៀងកម្ចីហិរញ្ញប្បទាន ឬអនុស្សរណៈនៃការយោគយល់គ្នាឱ្យបានត្រឹមត្រូវស្របតាមច្បាប់ជាធរមាន និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមក GDT ដើម្បីពិនិត្យ កត់ត្រា និងទទួលស្គាល់ផងដែរ។
សេចក្តីណែនាំរបស់ GDT ចេញផ្សាយកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ឱ្យដឹងថា ការអនុវត្តកាតព្វកិច្ចសារពើពន្ធនេះគឺអនុលោមតាមមាត្រា ២៥, ៥៧, និងមាត្រា ៦០ នៃច្បាប់ស្តីពីសារពើពន្ធឆ្នាំ ១៩៩៧ និងវិសោធនកម្ម, និងអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ១៩៩៩ ស្តីពីអាករលើតម្លៃបន្ថែម និងក្នុងគោលបំណងធានាបាននូវប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងតម្លាភាពក្នុងការគ្រប់គ្រងគោលនយោបាយលើកទឹកចិត្តពន្ធអាករ ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ចំពោះការអនុវត្តគម្រោងសកម្មភាពនានាដើម្បីបម្រើផលប្រយោជន៍សាធារណៈស្ថិតនៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងជំនួយឥតសំណង កិច្ចព្រមព្រៀងកម្ចីហិរញ្ញប្បទាន ឬអនុស្សរណៈនៃការយោគយល់គ្នានានា (កិច្ចព្រមព្រៀង) រវាងរដ្ឋាភិបាលកម្ពុជា និងប្រទេសដៃគូ ឬទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ឬអង្គការអន្តរជាតិជាដៃគូ។
លិខិតបញ្ជាក់ថា ក្រសួងស្ថាប័នពាក់ព័ន្ធ (ក្រសួងសាមីអ្នកទទួលហិរញ្ញប្បទាន ឬអ្នកគ្រប់គ្រងគម្រោង) ឬទីភ្នាក់ងារ ឬអង្គការ ឬសហគ្រាសអនុវត្តគម្រោងសកម្មភាពនានាស្ថិតនៅក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងជំនួយឥតសំណង កិច្ចព្រមព្រៀងកម្ចីហិរញ្ញប្បទាន ឬអនុស្សរណៈនៃការយោគយល់គ្នាត្រូវតែជូនដំណឹងជាលាយលក្ខណ៍អក្សរមក GDT អំពីការលើកទឹកចិត្តពន្ធ អាករ ដែលមានចែងក្រោមក្របខ័ណ្ឌទាំងនេះ ដើម្បី GDT ពិនិត្យ កត់ត្រា និងទទួលស្គាល់។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គី សេរីវឌ្ឍន៍ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការអនុវត្តកាតព្វកិច្ចសារពើពន្ធនេះ គឺជាយន្តការនៃការប្រមូលពន្ធរបស់រាជរដ្ឋាភិបាលដើម្បីដាក់បញ្ចូលទៅក្នុងថវិកាជាតិ កុំឱ្យមានការធ្លុះធ្លាយ ពីព្រោះនៅតាមស្ថាប័នអង្គការ និងគ្រឹះស្ថានអាជីវកម្មមួយចំនួនស្ថិតក្រោមរូបភាពផ្តល់ជំនួយមនុស្សធម៌។ លោកបានបន្តថា ដូច្នេះប្រាក់ចំណេញមួយចំនួនត្រូវបានស្ថាប័ន អង្គការ និងគ្រឹះស្ថានមួយចំនួននោះផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែតាមច្បាប់ពន្ធដារ គឺតម្រូវឱ្យមានការបង់ពន្ធជាមុនសិនមុននឹងផ្តល់ទៅជាមនុស្សធម៌ ព្រោះវាជាប្រាក់ចំណេញ។
លោកបានថ្លែងថា៖ «ការជូនដំណឹងនេះ គឺជាការបញ្ជាក់ថា គ្រឹះស្ថានទាំងអស់ត្រូវតែគិតគូរពីរឿងការបង់ពន្ធ និងចូលមកបង់ពន្ធតាមច្បាប់ពន្ធដារនៃព្រះរាជាណាចក្រកម្ពុជា»។
បើតាមសេចក្តីណែនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ ឬទីភ្នាក់ងារ ឬអង្គការ ឬសហគ្រាសដែលអនុវត្តគម្រោងសកម្មភាពនានាត្រូវភ្ជាប់មកជាមួយនូវឯកសារ ដូចជា កិច្ចព្រមព្រៀងជំនួយឥតសំណង, កិច្ចព្រមព្រៀងកម្ចីហិរញ្ញប្បទាន, កិច្ចព្រមព្រៀងអនុវត្តគម្រោង, បណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ, វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម, លិខិតប្រកាសពន្ធអាករប្រចាំខែ និងរបាយការណ៍ហិរញ្ញវត្ថុ ជាដើម៕ LA