ភ្នំពេញៈ ជាកិច្ចខំប្រឹងប្រែងក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម (SME ) ដើម្បីពង្រីកអាជីវកម្ម សហគ្រិនខ្មែរ ក្រុមហ៊ុន OBOR និងគ្រឹះស្ថានហិរញ្ញវត្ថុ (FI) ចំនួន ៥ បានរួមគ្នាដើម្បីចាប់ផ្តើមកម្មវិធីត្រៀមខ្លួនសម្រាប់ការវិនិយោគសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME IR Program) ដែលផ្តោតលើការស្វែងរក និងបង្កើនសហគ្រាសធុនតូច និងមធ្យមដែលមានភាពចាស់ទុំក្នុងប្រទេស ដើម្បីពួកគេអាចបង្កើនដើមទុនប្រកបដោយប្រសិទ្ធភាព។
កិច្ចព្រមព្រៀងភាពជាដៃគូនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ នៅពេលសហគ្រិនខ្មែរផ្តល់ការគាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនឱ្យមានប្រសិទ្ធភាពនៅកម្ពុជា។ សសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភនានារបស់សហគ្រិនខ្មែរ គឺបង្កើនឱកាសនៃការទទួលបានការគាំទ្រថវិកា សម្រាប់សហគ្រាសធុនតូច និងមធ្យម ហើយកម្មវិធី «ត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» នេះនឹងធ្វើឱ្យសម្រេចបាននូវគោលដៅរបស់សហគ្រិនខ្មែរ។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិរបស់សហគ្រិនខ្មែរបានឱ្យដឹងថា ការគាំទ្រពីគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៥ នៅកម្ពុជា រួមមាន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ, ធនាគារវីង, ធនាគារសហគ្រាសធុនតូច និងមធ្យម, និង ធនាគារអេស៊ីលីដា នឹងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនឱ្យមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ការឧបត្ថម្ភរបស់ស្ថាប័នធនាគារក្នុងកម្មវិធីនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នាក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដើម្បីបង្កើនលទ្ធភាពក្នុងការទទួលបានការគាំទ្រហិរញ្ញវត្ថុ សម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ហើយសហគ្រិនខ្មែរ មានក្តីរីករាយដែលបានក្លាយជាចលករមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងបែបនេះ»។
លោក ShivamTripathi នាយកប្រតិបត្តិក្រុមហ៊ុន OBOR បានឱ្យដឹងថា ការស្វែងរកហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម គឺជាបញ្ហាប្រឈមធំមួយនៅក្នុងប្រទេសកម្ពុជា។ OBOR មានក្តីរំភើបដែលធ្វើការជាមួយសហគ្រិនខ្មែរដើម្បីនាំយកសហគ្រាសធុនតូច និងមធ្យមបន្ថែមទៀតទៅកាន់ដំណាក់កាលគ្រប់លក្ខណសម្បត្តិសម្រាប់ទទួលបានការវិនិយោគ។ OBOR មានបំណងបង្កើតគំរូមួយដែលអាចប្រើសម្រាប់ជួយសហគ្រាសធុនតូច និងមធ្យមផ្សេងទៀត»។
លោក Igor Zimarev ប្រធានផ្នែកទីផ្សាររបស់ធនាគារ ABA បានឱ្យដឹងថា ការទទួលបានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ គឺមានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ដោយចីរភាពនៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី។ ធនាគារ ABA ពិតជាមានក្តីសោមនស្សរីករាយក្នុងការរួមចំណែកក្នុងកម្មវិធី SME IR ជាមួយសហគ្រិនខ្មែរ ក្នុងការអនុវត្តកម្មវិធីជាមួយ OBOR ដើម្បីបង្កើតឱកាស និងជួយដល់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាធុរកិច្ចបង្កើតថ្មី និងជួយដល់សហគ្រិនឱ្យរីកចម្រើន។
លោកនិយាយថា៖ «តាមរយៈការឧបត្ថម្ភនេះ ធនាគារ ABA បន្តបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាធាតុផ្សំដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេលវែង»។
កម្មវិធី SME IR នឹងចាប់ផ្តើមការបណ្តុះបណ្តាលរបស់ខ្លួននៅដើមខែកុម្ភៈ ឆ្នាំ ២០២២ នេះ សម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន ២៥ ដែលត្រូវបានជ្រើសរើស។ សិក្ខាសាលាមានរយៈពេលពី ២០ ដល់ ២៥ ម៉ោងនឹងបណ្តុះបណ្តាលអំពីតម្រូវការវិនិយោគិន គម្រោងអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។ បន្ទាប់មកនៅជុំទី ២ គម្រោងនឹងជ្រើសរើសសហគ្រាសធុនតូច និងមធ្យមចំនួន ៥ ដែលពួកគេនឹងទទួលបានការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ១ ទល់នឹង ១ ដែលរៀបចំឡើងដើម្បីជួយពួកគេឱ្យសម្រេចគោលដៅបង្កើនដើមទុនអាជីវកម្ម។ ទន្ទឹមនឹងការបង្កើនដើមទុន ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ, ធនាគារវីង និងធនាគារ សហគ្រាសធុនតូច និងមធ្យម ក៏បានរួមគ្នាបង្កើតកញ្ចប់ប្រាក់រង្វាន់ចំនួន ១៥ ០០០ ដុល្លារ ដែលនឹងផ្តល់ដល់សហគ្រាសដែលឈានមុខគេ៕ LA