ភ្នំពេញៈ វិបត្តិនៃការរីករាលដាលជំងឺកូវីដ ១៩ មិនបានធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុនធ្លាក់ចុះនោះឡើយ ដោយក្នុងឆ្នាំ ២០២១ កន្លងមក ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានទឹកប្រាក់សរុបជាង ២,៣ ពាន់លានដុល្លារ កើនជិត ១១ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro។
ទិន្នន័យ Jetro ចេញផ្សាយក្នុងសប្តាហ៍នេះឱ្យដឹងថា ចាប់ពីខែមករា-ខែធ្នូ ឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុប ២ ៣៣៣,០៦ លានដុល្លារកើន ១០,៩៩ ភាគរយ បើធៀបឆ្នាំ ២០២០ ដែលមានតម្លៃ ២ ១០១,៩១ លានដុល្លារ។
បើយោងតាម Jetro ទំនិញកម្ពុជានាំចេញទៅជប៉ុនមានទឹកប្រាក់ ១ ៧៥២,៩៨ លានដុល្លារ កើនឡើង ៨,៣៩ ភាគរយពីចំនួន ១ ៦១៧,២១ លានដុល្លារកាលពីឆ្នាំ ២០២០ និងការនាំទំនិញពីជប៉ុនមកកម្ពុជាមានទឹកប្រាក់ ៥៨០,០៨៤ លានដុល្លារកើនឡើង ១៩,៦៧ ភាគរយពីចំនួន ៤៨៤,៧០ លានដុល្លារ។
ដោយឡែកសម្រាប់ខែធ្នូ ឆ្នាំ ២០២១ ការនាំចេញពីកម្ពុជាមានទឹកប្រាក់ ១២៨,២៩ លានដុល្លារ ធ្លាក់ ០,៦ ភាគរយធៀបនឹងខែធ្នូ ឆ្នាំ ២០២០ និងការនាំចូលមានចំនួន ៥៤,៤៣ លានដុល្លារ កើន ៤,៥ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ថា ទំហំពាណិជ្ជកម្មនេះនឹងកើនឡើងបន្ថែមទៀត ខណៈប្រទេសទាំង ២ កំពុងចរចាគ្នាក្នុងការបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ជប៉ុន។ លោកបន្តថា ការចូលជាធរមាននៃច្បាប់វិនិយោគថ្មីរបស់កម្ពុជា និងកិច្ចព្រមព្រៀង RCEP នាពេលថ្មីៗនេះក៏បាននិងកំពុងជួយបង្កើនភាពទាក់ទាញដល់វិនិយោគិនជប៉ុន និងបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ដើម្បីផលិតនាំចេញទៅទីផ្សារជប៉ុន និងប្រទេសផ្សេងៗផងដែរ។
លោកប្រាប់ថា៖ «សកម្មភាពនៃការនាំចេញនាំចូលរវាងប្រទេសទាំង ២ នឹងរឹតតែរឹងមាំ បន្ទាប់ពីកម្ពុជាបានធ្វើកំណែទម្រង់ច្បាប់វិនិយោគ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាបន្តបន្ទាប់។
RCEP គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន (១០ ប្រទេស) ក្នុងការបង្កើតដៃគូជាមួយនឹងប្រទេសចំនួន ៥ នៅក្រៅតំបន់ដែលរួមមាន ប្រទេសជប៉ុន ចិន អូស្ត្រាលី កូរ៉េខាងត្បូង និងនូវែលសេឡង់។ RCEP បានចូលជាធរមានកាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានឱ្យដឹងថា ភាពវិជ្ជមាននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ ពិសេសការនាំចេញពីកម្ពុជាទៅជប៉ុនបង្ហាញថា ផលិតផលកម្ពុជាគឺមានគុណភាពល្អ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថាទីផ្សារជប៉ុន គឺទាមទារស្តង់ដាខ្ពស់ណាស់។ លោកបន្តថា កំណើននេះក៏កើតចេញពីទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំង ២ ព្រមទាំងកិច្ចខិតខំរបស់ក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនកម្ពុជា និងជប៉ុនផងដែរ។
លោកថ្លែងថា៖ «កំណើននៃការនាំចេញទំនិញពីកម្ពុជាទៅជប៉ុនក៏បណ្តាលមកពីកំណើនការចូលមកបណ្តាក់ទុនរបស់អ្នកវិនិយោគ ដើម្បីនាំចេញទៅជប៉ុនផងដែរ»។ លោកបន្ថែមទៀតថា៖ «ទោះយ៉ាងណាដើម្បីធានាបាននិរន្តរភាពនៃកំណើននេះ កម្ពុជាក៏ត្រូវខំធ្វើពិពិធកម្មផលិតផលនាំចេញរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យស្របតាមការវិវឌ្ឍរបស់ទីផ្សារជប៉ុន»។
ផលិតផលដែលកម្ពុជានាំទៅជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម។ ចំណែកការនាំចូលពីជប៉ុន រួមមាន គ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ៕ LA