ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូងដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខាឱ្យប្រើជាផ្លូវការក្រោយពីបានចំណាយពេលចរចាជាង ១ ឆ្នាំនឹងចូលជាធរមាននៅរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីភាគីនៃប្រទេសទាំង ២ ឯកភាពរួមគ្នា។
ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ មុនពេលព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់នាថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រមឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននិយាយប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េនឹងត្រូវចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ។
លោកបញ្ជាក់ថា៖ «ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំសេចក្តីជូនដំណឹងផ្ញើទៅក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់មកក្រសួងការបរទេសនឹងផ្ញើបន្តទៅភាគីកូរ៉េ។ បន្ទាប់ពីខាងកូរ៉េផ្ញើមកវិញ យើងរាប់ ៦០ ថ្ងៃពីថ្ងៃបានទទួល ដូច្នេះកិច្ចព្រមព្រៀងនឹងចូលជាធរមាន»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គី សេរីវឌ្ឍន៍ បាននិយាយថា ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនឹងផ្តល់សិទ្ធិដល់រដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋក្នុងការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ បន្ទាប់ពីមានការអនុម័តដោយស្ថាប័ននីតិប្បញ្ញត្តិ។ លោកបន្តថា ច្បាប់នេះ គឺជាការបើកផ្លូវដើម្បីឱ្យកម្ពុជា និងកូរ៉េខាងត្បូង អាចអនុវត្តបានដោយពេញលេញចំពោះការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំង ២។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីច្បាប់នេះត្រូវបានប្រកាសឱ្យប្រើនោះមានន័យថា វានឹងចូលជាធរមានឆាប់ៗនេះ ដូចនេះក្នុងនាមអ្នកវិនិយោគដែលនៅក្នុងវិស័យផលិតកម្មត្រូវទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងនេះឱ្យបានជាអតិបរមា»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា (Rich Farm Asia) បាននិយាយថា ច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញផលិតផលជាច្រើន ជាពិសេសផលិតផលកសិកម្មទៅកាន់ប្រទេសកូរ៉េ។
លោកបានបន្ថែមថា កន្លងមកកម្ពុជាបាននាំចេញផលិតផលផ្លែស្វាយកែវរមៀតស្រស់ទៅប្រទេសកូរ៉េ ប៉ុន្តែការនាំចេញនៅមានកម្រិតនៅឡើយ ដោយភាគីកូរ៉េមានលក្ខខណ្ឌតឹងរ៉ឹងពេកក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសគេ។
លោកលើកឡើងថា៖ «ទីផ្សារកូរ៉េបានស្រូបយកផលិតស្វាយស្រស់របស់កម្ពុជាហើយ ប៉ុន្តែចំនួននៅមានកម្រិតនៅឡើយ ដោយសារតែលក្ខខណ្ឌតម្រូវរបស់រដ្ឋាភិបាលកូរ៉េ គឺមុននឹងនាំផ្លែស្វាយទៅត្រូវតែឆ្លងកាត់ម៉ាស៊ីនសម្លាប់ពងរុយ ដែលតម្រូវឱ្យមានការវិនិយោគក្នុងតម្លៃខ្ពស់ ដូចនេះបច្ចុប្បន្នទើបតែមានក្រុមហ៊ុនមួយទេដែលបានវិនិយោគ»។
លោកបានបន្តថា ប្រទេសកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំងលើរសជាតិស្វាយកែវរមៀតកម្ពុជា ហេតុដូច្នេះក្រសួងកសិកម្មកំពុងជំរុញឱ្យកសិករ និងម្ចាស់ចម្ការស្វាយទាំងអស់ទៅចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានការបញ្ជាក់ពីប្រព័ន្ធអនុវត្តកសិកម្ម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងកូរ៉េត្រូវបានក្រុមការងារជំនាញនៃប្រទេសទាំង ២ ពិភាក្សា និងតាក់តែងឡើងកាលពីឆ្នាំ ២០២១។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាតាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាជាមួយលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១។
អ្នកសេដ្ឋកិច្ច និងអ្នកវិនិយោគរំពឹងថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកជំរុញការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀតដូចជា ទំនិញកសិកម្ម ផលិតផលសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបន្លាស់ និងឧបករណ៍អេឡិចត្រូនិកជាដើម៕ LA