ភ្នំពេញៈ ភ្ញៀវទេសចរក្នុងស្រុកជិត ១លាននាក់បានចេញដើរកម្សាន្តនៅក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កើនឡើង ៦,១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃពិធីចូលឆ្នាំចិនកាលពីឆ្នាំ២០២១ ក្នុងនោះរាជធានីភ្នំពេញ មានប្រមាណ ៣០ភាគរយ។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ទិន្នន័យបានបង្ហាញថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តប្រមាណ ៩៤៧ ៤៩៧ ក្នុងនោះភ្ញៀវជាតិមានចំនួន ៩៣១ ៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៦ ១៨៩ នាក់ ដោយក្នុងថ្ងៃទី១ ខែកុម្ភៈ មានចំនួន ៣៣៣ ៧០៩ នាក់, ថ្ងៃទី២ ខែកុម្ភៈ មានចំនួន ៣៥៣ ២១៦នាក់ និងថ្ងៃទី៣ ខែកុម្ភៈ មានចំនួន ៣០៧ ៤២១នាក់។
យោងតាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន រាជធានីភ្នំពេញ ២៥៨ ០៦៩នាក់, ខេត្តបាត់ដំបង ១៩៣ ៥៦៧នាក់, ខេត្តព្រះសីហនុ ៩៧ ៥៤២នាក់, ខេត្តកំពត ៦៦ ៥៣៤នាក់, ខេត្តសៀមរាប ៥៨ ៩៥៣នាក់, ខេត្តកែប ៥៥,២៥១នាក់, ខេត្តកណ្តាល ៥២ ៣៩៤នាក់ និងខេត្តពោធិ៍សាត់ ២៩ ៧២៦នាក់។
លោក ថោង ខុន បានលើកឡើងថា បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ ប៉ុន្តែចរន្តភ្ញៀវទេសចរនាអំឡុង ៣ថ្ងៃនេះ មានភាពផុលផុសនៅគ្រប់គោលដៅទេសចណ៍សំខាន់ៗទូទាំងប្រទេស។
លោកថ្លែងថា៖«ជាក់ស្តែងតួលេខខាងលើមានការកើនឡើងប្រមាណ ៦,១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃពិធីចូលឆ្នាំចិនកាលពីឆ្នាំ២០២១»។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ ដែលជាខេត្តទទួលបានភ្ញៀវទេសចរប្រមាណ ១៣ ៥៥៩នាក់ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនកន្លងមក បាននិយាយថា កំណើនភ្ញៀវទេសចរនេះ គឺជាសញ្ញាល្អដែលបង្ហាញថាខេត្តរតនគិរី ចាប់ផ្តើមមានភ្ញៀវទេសចរមកលេងកម្សាន្តវិញហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក្រោយវិបត្តិកូវីដ១៩ រយៈពេលជិត២ឆ្នាំ។ លោកបន្តថា ចំនួនភ្ញៀវដែលមានការកើនឡើងនេះ ក៏បានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាមរយៈការធានាបាននូវសុខសន្តិភាព, ការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី និងភាពជោគជ័យលើយុទ្ធនាការនៃការវ៉ាក់សាំងការពារជំងឺកូវីដ១៩ ផងដែរ៕