បាត់ដំបងៈ ក្រុមវិនិយោគិនជប៉ុនបានបង្ហាញគម្រោងចង់ចូលរួមវិនិយោគលើការចិញ្ចឹមដង្កូវនាងយកសូត្រនៅក្នុងខេត្តបាត់ដំបង សម្រាប់កែច្នៃទៅជាផលិតផលប្រើប្រាស់ក្នុងស្រុក និងនាំទៅទីផ្សារអន្តរជាតិ។
លោក TAMURA Tsutomu នាយកសមាគមជប៉ុន-កម្ពុជា (JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Nippon Kei Co.,Ltd បានលើកឡើងក្នុងជំនួបជាមួយនឹងលោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ២ ខែកុម្ភៈថា ក្រុមហ៊ុនជប៉ុនមានបំណងវិនិយោគលើផលិតផលសូត្រក្នុងខេត្តបាត់ដំបង និងសិក្សាអំពីសក្ដានុពលនៃវិស័យកសិកម្មដែលមិនទាន់បានកែច្នៃក្នុងខេត្តបាត់ដំបង។
លោកបន្តថា សមាគមជប៉ុនក៏គ្រោងនឹងដឹកនាំអ្នកវិនិយោគខ្លួនមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបន្តទៅខេត្តបាត់ដំបងក្នុងអំឡុងខែមេសាខាងមុខ ដើម្បីសិក្សាពីសក្តានុពលរបស់ខេត្តក៏ដូចជាវិស័យកសិកម្ម ដោយផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម ពិសេសការវិនិយោគលើការធ្វើសូត្រនៅខេត្តបាត់ដំបង និងមួយទៀតផ្តោតទៅលើគម្រោងទីក្រុងឆ្លាតវៃ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងការស្វាគមន៍ដល់ក្រុមហ៊ុនជប៉ុន ដែលគ្រោងមកសិក្សាស្វែងយល់អំពីសក្តានុពលខេត្តបាត់ដំបង ជាពិសេសទៅលើការកែច្នៃផលិតផលកសិកម្ម និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រ។ លោកក៏បានប្រាប់ឱ្យសមាគមជប៉ុន-កម្ពុជា (JCA) ត្រូវជួយជំរុញ និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលរបស់ខេត្តទៅអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ឱ្យមកវិនិយោគនៅខេត្តបាត់ដំបងផង។
អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែកុម្ភៈថា ការដាំដុះ និងផលិតពូជដង្កូវនាងក្នុងខេត្តបាត់ដំបងមិនសូវមានការវិនិយោគទេ គឺមានតែលក្ខណៈគ្រួសារប៉ុណ្ណោះ។ បើសិនមានការវិនិយោគពីសំណាក់ក្រុមហ៊ុនជប៉ុន វានឹងចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងពលកម្មនៅក្នុងខេត្តបាត់ដំបងកាន់តែច្រើន។
លោកបន្តថា ជាមួយបំណងវិនិយោគលើវិស័យសូត្រក្នុងខេត្ត គេគួរតែមានការសិក្សា និងបណ្តុះបណ្តាល តម្រង់ទិសដល់កសិករលើការដាំដុះដើមមន និងការចិញ្ចឹមដង្កូវនាងឱ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងកែច្នៃ ដើម្បីឆ្លើយតបទីផ្សារក្នុងស្រុក និងការនាំចេញ។
លោកនិយាយថា៖ «ក្នុងខេត្តបាត់ដំបងមានគ្រួសារមួយចំនួនបានប្រកបរបរក្នុងវិស័យសូត្រ ប៉ុន្តែក្រុមហ៊ុនអត់មានទេ។ នៅពេលដែលមានការនិយោគលើវិស័យនេះវានឹងជួយជំរុញលើអ្វីដែលខេត្តមាន ជាពិសេស គឺជួយសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែរីកចម្រើន។
លោក អៀង លី នាយកមជ្ឈមណ្ឌលសូត្រ Silk Center of RUPP បាននិយាយថា វិស័យសូត្រនៅកម្ពុជាបានបង្ហាញវត្តមានជាច្រើនឆ្នាំមក ប៉ុន្តែមិនសូវមានការយកចិត្តទុកដាក់កែច្នៃ និងរៀបចំឱ្យបានល្អនោះទេ។
លោកលើកឡើងថា៖ «នៅពេលដែលគាត់មកយើងជជែកគ្នាតើយើងចង់បានអ្វី និងគាត់ចង់បានអ្វី និងកែច្នៃបែបណាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ព្រោះបើនិយាយពីសិប្បកម្ម គឺមានច្រើនណាស់ក្នុងវិស័យសូត្រនេះ ដែលមានផលិតផលដូចជា តម្បាញ គ្រឿងសម្អាង និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀត»៕ LA