ភ្នំពេញៈ ការនាំចេញស្រូវ-អង្ករ របស់កម្ពុជាទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ១ខែដំបូង ឆ្នាំ ២០២២ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយសម្រេចបានក្នុងទឹកប្រាក់ជាង ៩៦ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។
ទិន្នន័យបង្ហាញថា នៅក្នុងខែមករា ឆ្នាំ ២០២២ កម្ពុជាប្រមូលបានប្រាក់ ៣៥,៧២ លានដុល្លារពីការនាំចេញអង្ករក្នុងបរិមាណសរុប ៥៣ ០៣៦ តោន កើនឡើង ៥៤,៧៤ភាគរយ បើធៀបនឹងខែមករា ឆ្នាំ ២០២១ ដែលមានបរិមាណ ៣៤ ២៧៣តោន។
យោងតាម CRF ទីផ្សារគោលដៅនាំចេញអង្ករកម្ពុជា មានចំនួន ៣៤ប្រទេស ដោយក្នុងនោះប្រទេស ចិន និងតំបន់ស្វយ័ត ហុងកុង បានស្រូបយក ៣១ ១៨១តោន (៥៨,៧៩ ភាគរយ), ប្រទេសចំនួន ១៦ក្នុងទ្វីបអឺរ៉ុប មានចំនួន ១២ ៥៤២តោន (២៣,៥៨ ភាគរយ), ប្រទេសក្នុងតំបន់អាស៊ាន ៣ មានចំនួន ៦ ២៧៧ តោន (១១,៨៤ ភាគរយ) , និង គោលដៅផ្សេងៗចំនួន ៣ ០៧២ តោន (៥,៥២ ភាគរយ)។
ដោយឡែកសម្រាប់ការនាំចេញស្រូវ សម្រេចបាន ២៧៥ ៥១១តោន គិតជាទឹកប្រាក់ប៉ាន់ស្មានមានប្រមាណ ៦០,៦១ លានដុល្លារ។ នេះបើតាម CRF។
ទីផ្សារនាំចេញអង្ករទៅទីផ្សារអឺរ៉ុប ក្នុងឆ្នាំ ២០២២ នេះត្រូវរំពឹងថា នឹងមានកំណើនល្អប្រសើរឡើងវិញ បន្ទាប់ពីវិធានការរបស់សហភាពអឺរ៉ុបលើអង្ករកម្ពុជា ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២។
កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ គណៈកម្មការអឺរ៉ុប បានសម្រេចហូតពន្ធនាំចូលរយៈពេល ៣ ឆ្នាំលើអង្ករដែលនាំចេញពីប្រទេស កម្ពុជា និង មីយ៉ាន់ម៉ា តាមរយៈការអនុវត្តវិធានការការពារ ដោយសារតែការកើនឡើងការនាំចូលអង្ករប្រភេទ Indica ពីប្រទេសទាំង ២ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចបណ្ដាប្រទេសផលិតអង្ករនៅសហភាពអឺរ៉ុប។
តាមរយៈវិធានការនេះ បានតម្រូវឱ្យកម្ពុជាត្រូវបង់ពន្ធនាំចូលចំនួន ១៧៥ អឺរ៉ូក្នុង ១ តោន នៅឆ្នាំដំបូង (ឆ្នាំ ២០១៩),១៥០ អឺរ៉ូនៅឆ្នាំទី ២ និងចំនួន ១២៥ អឺរ៉ូនៅឆ្នាំទី ៣។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីពេលថ្មីៗ នេះថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីក្របខ័ណ្ឌអនុគ្រោះពាណិជ្ជកម្មស្ថិតក្រោមផែនការទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ដើម្បីប្រកួតប្រជែងនៅទីផ្សារសហភាពអឺរ៉ុប។ អង្ករកម្ពុជាមិនស្ថិតនៅក្នុងបញ្ជីនៃការដក EBA មួយផ្នែកនោះទេ វាមានន័យថា កម្ពុជា ទទួលបានពន្ធសូន្យចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ តទៅ៕