ភ្នំពេញៈ ក្នុងរយៈពេលពេញ ១ ខែមករា ឆ្នាំ ២០២២ ដោយរាប់បញ្ចូលទាំងពិធីបុណ្យឆ្លងឆ្នាំសកលផង មានភ្ញៀវទេសចរប្រមាណ ៣ ១៥៨ ៥៣៧ នាក់បានដើរលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានានៅទូទាំងប្រទេសដែលនេះអាចចាត់ទុកថា ជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញដ៏ឆាប់រហ័សនៃវិស័យទេសចរណ៍ផ្ទៃក្នុងសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងទេសចរណ៍។
ដោយឡែកនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១-៣ ខែកុម្ភៈ ឆ្នាំ ២០២២ មានភ្ញៀវទេសចរចេញដើរលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាប្រមាណជិត ១ លាននាក់ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១ ៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦ ១៨៩ នាក់។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃទី ៦ ខែកុម្ភៈ ថា ចំនួនភ្ញៀវទេសចរដែលបានចេញដើរលេងកម្សាន្តនៅក្នុងតំបន់ទេសចរណ៍នានាជាង ៣ លាននាក់ក្នុងខែមករាកន្លងមក គឺជាតួលេខមួយដែលមានភាពវិជ្ជមានសម្រាប់វិស័យទេសចរណ៍ ព្រោះជាការងើបឡើងវិញតាមរយៈការចំណាយធនធានផ្សេងៗរបស់ភ្ញៀវទេសចរ។
លោកស្រីបន្ថែមថា មួយវិញទៀតចំនួនដ៏ច្រើននេះ ក៏បានរួមចំណែកលើកស្ទួយសេដ្ឋកិច្ច និងផ្តល់ឱកាសការងារទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសផ្តល់ឱកាសដល់អ្នករកស៊ីផ្នែកទេសចរណ៍រៀបចំបើកទ្វារឡើងវិញដើម្បីបម្រើសេវាកម្មទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរបរទេស ខណៈទីតាំងអាជីវកម្មទេសចរណ៍ជាច្រើនបានបិទទ្វារ។
លោកស្រី ស៊ីវលីន បានថ្លែងថា៖ «តាមរយៈការចេញដើររបស់ភ្ញៀវទេសចរនៅក្នុងស្រុក គឺជួយច្រើន ព្រោះជាង ៣ លាននាក់នេះគាត់មិនទៅតែតំបន់មួយទេ គឺគាត់ដើរបាចសាចស្ទើរពេញផ្ទៃប្រទេស ដែលធ្វើឱ្យផលិតផលគ្រឿងទេសជាច្រើនបើកទ្វារ និងបង្កើតសេវាកម្មផ្សេងៗ ដើម្បីផ្គត់ផ្គង់ ដើម្បីតម្រូវចិត្តភ្ញៀវផងដែរ»។
បើតាមលោកស្រី ស៊ីវលីន ភ្ញៀវទេសចរជាង ៣ លាននាក់ ដែលចេញដើរកម្សាន្តនេះបានបង្កើតការងារ និងសេដ្ឋកិច្ចនៅតាមមូលដ្ឋានជាច្រើនពិសេសបានចូលរួមចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ព្រោះអាជីវកម្មមូលដ្ឋាន ១ ភាគមានកាតព្វកិច្ចក្នុងការបង់ពន្ធរដ្ឋផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ផ្តល់ឱកាសការងារធ្វើឡើងវិញទៅដល់អ្នកជំនាញទេសចរណ៍ ដែលភាគច្រើនបានផ្លាស់ប្តូរអាជីព បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ ដោយអាជីវកម្មទេសចរណ៍របស់ពួកគេបានបិទ។
ប្រធានសមាគមសណ្ឋាគារកម្ពុជា លោក ឌិន សុមេធារិទ្ធិ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលកន្លងមកនេះ ចំនួនប្រជាពលរដ្ឋខ្មែរដែលបានចេញដើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ពោលគឺក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មេរោគបំប្លែងថ្មីប្រភេទអូមីក្រុងឆ្លងលឿន ប៉ុន្តែវាមិនសាហាវដូចជំងឺកូវីដមុនៗ។
លោកបានបន្តថា នៅចុងឆ្នាំ និងចូលឆ្នាំចិនកន្លងមកមានមនុស្សចេញដើរកម្សាន្តច្រើនជាពិសេសក្នុងខេត្តសៀមរាប។ ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋបានរួមចំណែកដល់ការស្នាក់នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាននានាឱ្យបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ដែលនេះ វាបានជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងដែរ។
លោកលើកឡើងថា៖ «នៅពេលដែលមានចលនាមនុស្សដើរច្រើន វានឹងជួយជំរុញដល់ចលនាសេដ្ឋកិច្ចរបស់ប្រទេសយើង។ នេះជាចំណុចល្អ និងសំខាន់បំផុត»៕ LA