ព្រះសីហនុៈ គម្រោងវិនិយោគក្នុងវិស័យវាយនភណ្ឌចំនួន ៤ ដែលមានទុនវិនិយោគសរុប ១៨,៦ លានដុល្លារ និងបង្កើតការងារបាន ៦ ២០៧ កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) យល់ព្រមអនុម័តចុះបញ្ជីកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២។
សេចក្តីប្រកាសព័ត៌មានពី CDC ឱ្យដឹងថា យោងតាមសំណើសុំវិនិយោគ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យគម្រោងចំនួន ៤ ដែលរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន Toyoki Apparel (Cambodia)Co., Ltd នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគ ៤,៥ លានដុល្លារ បង្កើតការងារបាន ២ ៩២៩ កន្លែង, និងគម្រោងបង្កើតរោងចក្រកាត់ដេររបស់ក្រុមហ៊ុន Kh Win Star Garment Co., Ltd នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៥,៣ លានដុល្លារ និងបង្កើតការងារ ១ ៤១៤ កន្លែង។
ចំណែកគម្រោង ២ ទៀតរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេររបស់ក្រុមហ៊ុន Hong Ri (Cambodia) Clothing Co., Ltd នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ ៥,៤ លានដុល្លារ បង្កើតការងារបាន ១ ៦៨៤ កន្លែង និងគម្រោងបង្កើតរោងចក្រខារអំបោះរបស់ Global Xilin Garment Accessory Co., Ltd នៅសួនឧស្សាហកម្មកាណាឌីយ៉ា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានទុន ៣,៤ លានដុល្លារ និងអាចបង្កើតការងារបាន ១៨០ កន្លែង។
ក្នុងខែមករា ឆ្នាំ ២០២២ CDC បានអនុម័តលើគម្រោងវិនិយោគចម្រុះ ២៥ ដែលស្មើនឹងទុន ២ ២៨៥,៨៨ លានដុល្លារ និងបង្កើតការងារបាន ២៣ ១៧៥ កន្លែង ខណៈខែមករា ឆ្នាំ ២០២១ គម្រោងវិនិយោគដែល CDC អនុម័តមានចំនួន ១១ ស្មើនឹងទុនវិនិយោគ ៤៣,៨ លានដុល្លារ និងបង្កើតការងារ ៧ ៨៥៤ កន្លែង៕ LA