ភ្នំពេញៈ កម្ពុជា និងប្រទេសម៉ារ៉ុកគ្រោងនឹងរៀបចំវេទិកាធុរកិច្ចរវាងវិនិយោគិននៃប្រទេសទាំង ២ ក្នុងឆ្នាំនេះ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងជំនួបជាមួយនឹងលោក Abderrahim Rahhaly ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រម៉ារ៉ុកប្រចាំកម្ពុជាកាលពីដើមខែកុម្ភៈ ឆ្នាំ ២០២២ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ប្រទេសម៉ារ៉ុកបានចាប់អារម្មណ៍ចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា ពិសេសច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានលក្ខណៈអំណោយផលច្រើនសម្រាប់វិនិយោគិនបរទេស។
លោកបន្ថែមថា កន្លងទៅកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ នៅមានកម្រិតនៅឡើយ ដោយសារតែប្រទេសទាំង ២ នៅឆ្ងាយពីគ្នា ប៉ុន្តែនៅពេលនេះបើតាមការលើកឡើងរបស់លោកឯកអគ្គរាជទូត គឺវិនិយោគិនម៉ារ៉ុកកំពុងចាប់អារម្មណ៍ខ្លាំងពីការវិនិយោគនៅកម្ពុជា ពិសេសនៅពេលកម្ពុជាគ្រប់គ្រងជំងឺកូវីដ ១៩ បានល្អ និងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់។
លោកឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបាននិយាយថា៖ «ប្រទេសម៉ារ៉ុកចង់ពង្រីកទីផ្សារជាមួយកម្ពុជា ដោយចង់បង្កើនការនាំចូលទំនិញពីកម្ពុជាបន្ថែមទៀត ដោយឯកអគ្គរដ្ឋទូតប្រទេសនេះបានបំផុសវិនិយោគិនរបស់ខ្លួនពីសក្តានុពលវិនិយោគនៅកម្ពុជា។ យើងក៏គ្រោងរៀបចំឱ្យមាន Business Forum រវាងប្រទេសទាំង ២ ដើម្បីកំណត់ថា កម្ពុជាអាចនាំអ្វីខ្លះទៅម៉ារ៉ុក ព្រោះប្រទេសនេះមានប្រជាជនប្រមាណពី ៣៥-៣៦ លាននាក់ដែរ»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយនឹងម៉ារ៉ុកនៅមានចំនួនតិចតួចនៅឡើយ ដោយមានទឹកប្រាក់ជាង ៤ លានដុល្លារកាលពីឆ្នាំ ២០២១។
ចំពោះមូលហេតុដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅមានកម្រិតតិចតួចបែបនេះ ត្រូវបានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបញ្ជាក់ថា ទី ១ ដោយសារប្រទេសនេះស្ថិតឆ្ងាយពីកម្ពុជាគឺនៅទ្វីបអាហ្វ្រិក ដែលពិបាកក្នុងការដឹកជញ្ជូន និងទី ២ ផលិតផលដែលកម្ពុជានាំទៅម៉ារ៉ុកជាផលិតផលកសិកម្ម ខណៈផលិតផលវាយនភណ្ឌមានតិចតួចនៅឡើយ ដែលនាំចូលតាមរយៈប្រទេសបារាំង និងប្រទេសមួយចំនួននៅអឺរ៉ុបទៅកាន់ប្រទេសនេះ។
ទោះបីយ៉ាងណាលោកលើកឡើងថា៖ «បើសិនយើងអាចកំណត់នូវទំនាក់ទំនង ពិសេសការដោះដូរពាណិជ្ជកម្មរវាងគ្នានឹងគ្នាមានន័យថា តើម៉ារ៉ុកត្រូវការទិញអ្វីពីកម្ពុជា ឧទាហរណ៍ដូចជា កសិផល ឬសម្លៀកបំពាក់ គ្រឿងបន្លាស់ ឬគ្រឿងបង្គុំ ឬកង់ជាដើម។ ហើយយើងក៏សម្លឹងមើលដូចគ្នា ថាតើ យើងអាចនាំអ្វីពីម៉ារ៉ុកមកវិញ ព្រោះការកំណត់គោលដៅទំនិញច្បាស់បែបនេះអាចឱ្យប្រទេសទាំង ២ យល់ពីតម្រូវការគ្នាទៅវិញទៅមក ហើយពង្រីកសហប្រតិបត្តិការចំពោះគ្នាបាន»។
លោក សុវិជាតិ បានអះអាងថា ក្រសួងពាណិជ្ជកម្មគាំទ្រ និងស្វាគមន៍ការវិនិយោគពីប្រទេសម៉ារ៉ុក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយម៉ារ៉ុកក្នុងឆ្នាំ ២០២១ សម្រេចបានទឹកប្រាក់ជាង ៤,៤ លានដុល្លារ កើនឡើង ៤,៤២ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅប្រទេសម៉ារ៉ុកមានទឹកប្រាក់ជាង ៤,៣ លានដុល្លារ កើនឡើង ៤,៣១ ភាគរយ ខណៈការនាំចូលមកវិញមានតម្លៃទឹកប្រាក់សរុបជាង ១១ ម៉ឺនដុល្លារ កើនឡើង ០,១១ ភាគរយ៕LA