ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃឆ្លាតវៃនៃតារាងពន្ធគយកម្ពុជាឆ្នាំ ២០២២ ដើម្បីជួយសម្រួលដល់ធុរជន ក្នុងការស្វែងរកចំណាត់ថ្នាក់ទំនិញ មុខទំនិញហាមឃាត់ និងការគណនាទៅលើអត្រាពន្ធអាករជាដើម។
តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី ៤ ខែកុម្ភៈឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដៃឆ្លាតវៃនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាសម្រួលបន្ថែមទៀតដល់ធុរជន ដោយអ្នកធុរកិច្ចទាំងអស់អាចប្រើប្រាស់កម្មវិធីនេះសម្រាប់ជាជំនួយដល់ការស្វែងរកទំនិញផ្សេង ក៏ដូចជាទំនិញហាមឃាត់នានាបានដោយងាយស្រួល។
លោក គាម ចាន់កុសល អ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គោលដៅនៃការបង្កើតឱ្យមានកម្មវិធីទូរស័ព្ទឆ្លាតវៃតារាងពន្ធគយកម្ពុជា គឺសម្រាប់ការស្វែងរកចំណាត់ថ្នាក់ទំនិញ, មុខទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ និងការគណនាប្រាក់ពន្ធអាករប៉ាន់ស្មាននៃទំនិញដែលធុរជនចង់នាំចូល។
លោកបន្ថែមទៀតថា ការបង្កើតឱ្យមានកម្មវិធីទូរស័ព្ទឆ្លាតវៃក៏ផ្សព្វផ្សាយពីការអនុវត្តតារាងពន្ធគយកម្ពុជា ឆ្នាំ ២០២២ ដែលមានការកែសម្រួលពីតារាងពន្ធគយកម្ពុជាឆ្នាំ ២០១៧ និងភាពស៊ីចង្វាក់ជាមួយប្រទេសសមាជិកអាស៊ានទាំង ១០ និងសង្គតិភាពជាមួយបណ្តាប្រទេសទាំងអស់លើពិភពលោក ដែលជាសមាជិកនៃអង្គការគយពិភពលោក (WCO)។
លោកបញ្ជាក់ថា៖ «នៅពេលដែលមាន App នេះ ធុរជនមិនចាំបាច់ជាវ សៀវភៅតារាងពន្ធគយ និងដាក់សៀវភៅតាមខ្លួនទៀតទេ គឺឱ្យតែមានទូរស័ព្ទឆ្លាតវៃ ធុរជនអាចបើកមើល ស្វែងរកនៅទីណាក៏បាន។ វាក៏ផ្នែកមួយនៃការប្រើប្រាស់បច្ចេកវិទ្យារបស់រដ្ឋបាលគយក្នុងការចូលរួមលើកកម្ពស់ការយល់ដឹង និងផ្តល់ភាពងាយស្រួលដល់ធុរជន»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា នេះជាអ្វីដែលវិស័យឯកជន ក៏ដូចជាអ្នកវិនិយោគចង់បានដោយកម្មវិធីនឹងបង្កលក្ខណៈងាយស្រួលច្រើន ខណៈកន្លងទៅមានធុរជនច្រើនណាស់ជួបបញ្ហាស្មុគស្មាញដោយសារខ្វះព័ត៌មានពីនីតិវិធីនៃការនាំចូល។
លោកបន្ថែមថា កន្លងមកបើសិនអ្នកវិនិយោគចង់ដឹងពីតម្លៃពន្ធ និងទំនិញដែលហាមឃាត់ទាល់តែទំនាក់ទំនងសួរខាងគយ ដែលនាំឱ្យខាតពេល និងថវិកាច្រើន ហើយពេលខ្លះពិបាកក្នុងការទទួលបានព័ត៌មានផងដែរ។
លោកបញ្ជាក់ថា៖ «បើមាន Mobile app ដែលយើងអាចឆែកតាមទូរស័ព្ទបានយ៉ាងដូច្នេះ ពិតជាមានភាពងាយស្រួលសម្រាប់អ្នកនាំចេញ-នាំចូល ដែលគាត់អាចដឹងព័ត៌មានបានរហ័ស ព្រោះកន្លងមកមានការលំបាកច្រើន ដោយធុរជនខ្លះបាននាំចូលទំនិញមកហើយ ឆែកតារាងពន្ធគ្មានតម្លៃពន្ធក៏មានខ្លះទៀត ទំនិញខ្លះត្រូវបានហាមឃាត់ក៏មាន ដែលឱ្យប៉ះពាល់ដល់ការខាតបង់ថវិកា និងពេលវេលា»។
បែបនេះក្តីក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា និងតំណាងឱ្យវិស័យឯកជនលោក លឹម ហេង បានស្នើដល់អគ្គនាយកដ្ឋានគយបន្តរឹតបន្តឹង និងទប់ស្កាត់ទំនិញគេចពន្ធ និងរារាំងចំពោះការឃុបឃិតរវាងអ្នកមានឥទ្ធិពលនៅតាមបណ្តាច្រកព្រំដែនទាំងអស់ធ្វើយ៉ាងណាកុំឱ្យមានទំនិញខូចគុណភាព និងទំនិញខុសមានចរាចរណ៍ក្នុងទីផ្សារកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុក។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងដែរថា ពីមុនចំពោះតារាងពន្ធនាំចូលខាងគយតែងតែរៀបចំចងក្រងជាសៀវភៅ និងបានផ្តល់ជូនមកខាងសមាគម ដើម្បីទុកជាឯកសារសម្រាប់ពិនិត្យមើលចំពោះការមុខទំនិញជាប់ពន្ធផ្សេង។
លោក ចន្ធី បានបន្ថែមថា ការរៀបចំឱ្យមានកម្មវិធីក្នុងទូរស័ព្ទដៃឆ្លាតវៃនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលថែមទៀតក្នុងការបំពេញបែបបទ នីតិវិធីពន្ធគយ និងការទទួលបានព័ត៌មានកាន់តែរហ័ស ចំណេញពេលវេលា និងថវិកា ដោយសមាគមនឹងផ្សព្វផ្សាយដល់សមាជិកឱ្យបានដឹង និងប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា។
លោកបញ្ជាក់ថា៖ «យើងរំពឹង App នេះនឹងដំណើរការទៅបានដោយរលូន មិនមានភាពរអាក់រអួល ជាពិសេសសូមឱ្យការឆ្លើយតបពីខាងគយឱ្យបានទាន់ពេលវេលា នៅពេលដែលមានការដាក់សំណើពីអ្នកនាំចូល ដើម្បីធ្វើយ៉ាងណាជំរុញឱ្យការប្រើប្រាស់កម្មវិធីនៅក្នុងទូរស័ព្ទដៃឆ្លាតវៃនេះមានប្រសិទ្ធភាពល្អ»៕ LA