ភ្នំពេញៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) លោក កែវ រតនៈ បាននិយាយថា ថាមពលស្អាត (សូឡា) ដែលបានដាក់បញ្ចូលក្នុងបណ្តាញជាតិនាពេលនេះបានកើនដល់ក្នុងរង្វង់ ១០ ភាគរយហើយ ខណៈអាជ្ញាធរជំរុញ និងលើកទឹកចិត្តសម្រាប់ការវិនិយោគលើថាមពលស្អាត និងកើតឡើងវិញឱ្យបានច្រើន។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៧ ខែកុម្ភៈលោក កែវ រតនៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាតាមក្រសួងរ៉ែ និងថាមពលអគ្គិសនីកម្ពុជា និងផ្នែកពាក់ព័ន្ធកំពុងខិតខំបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់ និងកំណើនសេដ្ឋកិច្ច។ ការពង្រឹងសមត្ថភាពនៃការផ្គត់ផ្គង់អគ្គិសនីត្រូវបានឈរលើគោលដៅចម្បងចំនួន ២ គឺធ្វើឱ្យថាមពលអគ្គិសនីកុំឱ្យខ្វះខាត និងចង់ឱ្យមានថាមពលចេញពីប្រភពស្អាត (សូឡា)។
លោក កែវ រតនៈ បានលើកឡើងថា កាលពីពេលថ្មីៗនេះមានស្ថានីយផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យអានុភាព ២០ មេហ្គាវ៉ាត់នៅក្នុងឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀងត្រូវបានដាក់ឱ្យដំណើរការ ដោយភ្ជាប់ជាមួយបណ្តាញជាតិតាមរយៈប្រព័ន្ធចែកចាយនៅក្រុងបាវិត។ ការដាក់ដំណើរការបន្ថែមនេះធ្វើឱ្យថាមពលអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យក្នុងខេត្តស្វាយរៀងដែលតភ្ជាប់ចូលបណ្តាញជាតិកើនឡើងដល់ ៣០ មេហ្គាវ៉ាត់។ លោកបន្តថា ថាមពលស្អាតនេះនឹងជួយបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់ក្រុងបាវិត ដោយជួយកាត់បន្ថយការយកប្រភពពីភ្នំពេញ និងវារីអគ្គិសនីសេសាន។ វានឹងជួយឱ្យសកម្មភាពវិនិយោគនៅទីនោះកាន់តែមានភាពមមាញឹក និងជាតំបន់ថាមពលបៃតងផងដែរ។
លោកបន្ថែមថា នេះជាការចូលរួមបន្ថែមទៅក្នុងបណ្តាញជាតិ ប៉ុន្តែអ្វីដែលសំខាន់ គឺជាប្រភពស្អាត និងជាថាមពលកកើតឡើងវិញដែលប្រទេសកម្ពុជាកំពុងផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញថាមពលប្រភេទនេះឱ្យដល់កម្រិតអតិបរមា។ លោកថ្លែងថា៖ «នេះជាការចូលរួមក្នុងការផ្តល់ថាមពលឱ្យបានគ្រប់គ្រាន់នៅក្នុងប្រទេសកម្ពុជាផង និងក៏ក្នុងន័យដើម្បីបង្កើនចីរភាពនៃកិច្ចការពារបរិស្ថានផងដែរ»។
យោងតាមលោក កែវ រតនៈ រហូតមកដល់ពេលនេះថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យដែលបានដាក់ចូលក្នុងបណ្តាញជាតិរួចហើយមានប្រមាណ ៣៥០ មេហ្គាវ៉ាត់ដោយក្នុងនោះ ៣០ មេហ្គាវ៉ាត់នៅខេត្តស្វាយរៀង, ៨០ មេហ្គាវ៉ាត់នៅខេត្តកំពង់ស្ពឺ, ៩០ មេហ្គាវ៉ាត់នៅខេត្តពោធិ៍សាត់, ៦០ មេហ្គាវ៉ាត់នៅខេត្តបាត់ដំបង, ៦០ មេហ្គាវ៉ាត់នៅកំពង់ឆ្នាំង និង ៣០ មេហ្គាវ៉ាត់នៅខេត្តបន្ទាយមានជ័យ។
លោកអះអាងថា៖ «នេះគឺជាការរាប់ត្រួសៗនៅក្នុងផែនការដែលបានចេញដំណើរការ ឬចូលបណ្តាញជាតិរាល់ថ្ងៃរួចហើយ ប៉ុន្តែយើងក៏នៅមានផែនការរាប់រយមេហ្គាវ៉ាត់បន្ថែមទៀតដែលនឹងត្រូវដាក់ពង្រាយ (បណ្តាញជាតិ) ជាបន្តបន្ទាប់នៅពេលខាងមុខ»។
ទាក់ទងសមត្ថភាពផ្គត់ផ្គង់លោក កែវ រតនៈ បានបញ្ជាក់ថា ទោះបីការចូលជាធរមាននៃច្បាប់វិនិយោគថ្មី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នឹងធ្វើឱ្យកម្ពុជាទាក់ទាញការវិនិយោគបានកាន់តែច្រើនក៏កម្ពុជានៅតែអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបនឹងតម្រូវការទាំងអស់នោះ។
លោកថ្លែងថា៖ «យើងអាចធានាមានថាមពលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឱ្យដំណើរការរោងចក្រសហគ្រាស ប៉ុន្តែបើមានបញ្ហារអាក់រអួលខ្លះ គឺកើតឡើងពីអ្វីដែលមិនអាចព្យាករបាន (ចៃដន្យ) តែប៉ុណ្ណោះ»។ លោកបន្តថា៖ «បន្ថែមពីលើនេះយើងក៏មានការប្តេជ្ញាខ្ពស់ក្នុងការបង្កើនអត្រាថាមពលស្អាត និងថាមពលកកើតឡើងវិញឱ្យបានកាន់តែច្រើនផងដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បាននិយាយថា បញ្ហាថាមពលអគ្គិសនីតែងតែជាក្តីកង្វល់របស់អ្នកវិនិយោគ។ ថាមពលអគ្គិសនី គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជំរុញដំណើរការសេដ្ឋកិច្ច និងសង្គម ដូច្នេះប្រសិនបើថាមពលអគ្គិសនីនៅកម្ពុជាធានាបាននូវការផ្គត់ផ្គង់មួយដែលមាននិរន្តរភាព និងមានតម្លៃសមរម្យ វាមិនត្រឹមតែអាចបង្កើនសក្តានុពលក្នុងការទាក់ទាញការបណ្តាក់ទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យថ្លៃដើមផលិតទាប ដែលធ្វើឱ្យផលិតផលកម្ពុជាកាន់តែមានឱកាសក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ។
លោកប្រាប់ថា៖ «ការបង្កើនសមត្ថភាពផ្គត់ផ្គង់ថាមពលពិសេសពីថាមពលកើនឡើងវិញវានឹងជួយទាក់ទាញឱ្យមានការចូលវិនិយោគកាន់តែច្រើន និងអាចកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ»។
បច្ចុប្បន្ននៅរដូវប្រាំងប្រទេសកម្ពុជាបាននាំចូលថាមពលពីប្រទេសជិតខាងជាមធ្យមក្នុងរង្វង់ជាង ២០ ភាគរយ ប៉ុន្តែបើក្នុងរដូវវស្សាការនាំចូលអាចមានក្នុងរង្វង់ចន្លោះពី ៥-១០ ភាគរយយ៉ាងច្រើន។
យោងតាមលោក កែវ រតនៈ នៅរដូវប្រាំងការប្រើប្រាស់អគ្គិសនីនៅកម្ពុជាស្ថិតក្នុងកម្រិតអតិបរមាក្នុងរង្វង់ ២ ០០០ មេហ្គាវ៉ាត់ ហើយនឹងមានអានុភាពដំឡើងអាចកើនដល់ ៣ ០០០ មេហ្គាវ៉ាត់៕ LA