ភ្នំពេញៈ បើទោះបីឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា មិនទាន់មានភាពល្អប្រសើរដូចកំណើននៅក្នុងរយៈពេលជាង ២ ទសវត្សរ៍កន្លងមកក៏ចំនួនរោងចក្រធុនធំដែលបើកដំណើរការនៅតែបង្ហាញសញ្ញាវិជ្ជមាន ដោយរោងចក្រថ្មីបានកើតឡើង ១៦៣ ខណៈរោងចក្របិទទ្វារមាន ១៤៨។ នេះបើយោងតាម លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅការងារ ឆ្នាំ ២០២២ កាលពីថ្ងៃទី ៧ ខែកុម្ភៈ លោក ចម ប្រសិទ្ធ បានឱ្យដឹងថា កត្តាសុខសន្តិភាព និងការកែទម្រង់បរិយាកាសវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់របស់រដ្ឋាភិបាលបានផ្តល់ទំនុកចិត្ត និងបរិស្ថានសមស្របដល់វិនិយោគិន ធុរជនក្នុង និងក្រៅប្រទេសឱ្យបន្តបណ្តាក់ទុននៅកម្ពុជា។ ជាក់ស្តែងក្នុងឆ្នាំ ២០២១ រោងចក្រថ្មីកើតឡើងចំនួន ១៦៣ ខណៈរោងចក្របិទទ្វារមានចំនួន ១៤៨ ដែលនេះមានន័យថា ទោះស្ថិតក្នុងកាលៈទេសៈលំបាកបណ្តាលមកពីជំងឺកូវីដ ១៩ ក៏នៅមានតួលេខកំណើនវិជ្ជមានរវាងចំនួនរោងចក្របើកថ្មី និងចំនួនបិទទ្វារ។
លោករដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា៖ «វិស័យឧស្សាហកម្មបានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ ការទ្រទ្រង់ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារ ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងការបង្កើនប្រាក់ចំណូលសមរម្យជូនប្រជាជន»។
បើតាមលោក ចម ប្រសិទ្ធ ក្នុងឆ្នាំ ២០២១ រោងចក្រធុនធំកំពុងដំណើរការនៅកម្ពុជាមានចំនួន ១ ៨៧៩ និងផ្តល់ឱកាសការងារចំនួន ៩៨៦ ៦៧៧ កន្លែង (ស្ត្រី ៧៦ ភាគរយ) ខណៈតម្លៃបរិមាណផលិតផលសរុប មាន ៧ ៤៣៣ លានដុល្លារ ធ្លាក់ចុះប្រមាណ ១៥ ភាគរយ បើធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះ តម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានជាង ១ ៩៧៧ លានដុល្លារ និងតម្លៃបរិមាណផលិតផលនាំចេញមានជាង ៥ ៤៥៦ លានដុល្លារ។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក កាំង ម៉ូនីកា បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៨ ខែកុម្ភៈថា ការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ ដោយប្រសិទ្ធភាព, ភាពល្អប្រសើរនៃចង្វាក់ផលិតកម្ម, កំណើននៃការបញ្ជាទិញពីប្រទេសចិន និងការបង្វែរការបញ្ជាទិញ និងការប្តូរទីតាំងផលិតពីប្រទេសមួយចំនួនដែលអស្ថិរភាពនយោបាយ (មីយ៉ាន់ម៉ា) បានធ្វើឱ្យចំនួនរោងចក្របើកថ្មីឆ្នាំ ២០២១ កើនឡើងគួរឱ្យកត់សម្គាល់។
លោកអះអាងថា៖ «ក្នុងឆ្នាំ ២០២២ នេះចំនួនរោងចក្របើកដំណើរការនៅកម្ពុជានឹងបន្តកើនឡើងទៀត ហើយបរិមាណនៃការនាំចេញរបស់កម្ពុជាក៏នឹងមានកំណើនទៅតាមនោះដែរ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានលើកឡើងថា តាមការសង្កេតរបស់លោកចំនួនរោងចក្រដែលបើកដំណើរការនៅកម្ពុជាក្នុងឆ្នាំ ២០២១ ពិតជាកើតឡើងច្រើន ដែលកំណើននេះអាចមកពីហេតុផលមួយចំនួនដូចជា បញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២ លើពិភពលោក (អាមេរិក និងចិន), ការរក្សាបាននូវសមត្ថភាពផលិតក្នុងអំឡុងពេលប្រទេសមួយចំនួនត្រូវជាប់គាំងដោយសារជំងឺកូវីដ ១៩, ការមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ផលិតកម្ម, ការបង្កើតបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងការកែសម្រួលលក្ខខណ្ឌវិនិយោគ ជាដើម។
លោកបាននិយាយថា៖ «លក្ខណៈអំណោយផលខាងលើបានធ្វើឱ្យអ្នកវិនិយោគជាច្រើនចាប់ផ្តើមចូលមកសិក្សា និងបណ្តាក់ទុននៅកម្ពុជា។ ម្យ៉ាងទៀតកម្ពុជាក៏ជាប្រទេសដែលត្រូវបានទីផ្សារប្រទេសធំៗមួយចំនួនលើកលែងពន្ធសម្រាប់ការនាំចេញផលិតផលផងដែរ»។
លោកបន្ថែមថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយមហាយក្សចិនក៏នឹងធ្វើឱ្យអ្នកវិនិយោគកាន់តែច្រើនចូលមកបើករោងចក្រ និងវិនិយោគនៅកម្ពុជាដើម្បីនាំទៅទីផ្សារចិន ដោយរួចពន្ធផងដែរ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ (រាជបណ្ឌិត្យសភាកម្ពុជា) លោក ហុង វណ្ណៈ បានប្រាប់ថា បរិយាកាសវិនិយោគល្អ, ការរក្សាបាននូវទំនាក់ទំនងល្អរវាងរដ្ឋ និងរដ្ឋ ឯកជន និងឯកជន ព្រមទាំងកំណើននៃតម្រូវការបានធ្វើឱ្យការបញ្ជាទិញពីកម្ពុជាមានភាពល្អប្រសើរ ខណៈផលិតផលកម្ពុជាក៏ត្រូវបានបរទេសធំៗមួយចំនួនលើកលែងការយកពន្ធ។ ចំណុចទាំងអស់នេះ គឺជាមូលហេតុដែលមានអ្នកវិនិយោគជាច្រើនបានចូលមកបើករោងចក្រផលិតនៅកម្ពុជា។
លោកបន្ថែមថា៖ «ចំនួនរោងចក្រធំៗនៅកម្ពុជាត្រូវរំពឹងថា នឹងមានចំនួនកាន់តែច្រើនចាប់ពីឆ្នាំ ២០២២ នេះទៅ ព្រោះទីផ្សារ សមត្ថភាពផលិត និងគុណភាពផលិតផលកម្ពុជាត្រូវបានគេទទួលស្គាល់រួចហើយ»៕ LA
វីដេអូ៖