ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិលឆ្នាំ ២០២២-២០២៦ ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍស្រែអំបិលកំពត-កែប ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការផលិតអំបិលនៅកម្ពុជា។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ កាលពីថ្ងៃទី ៧ ខែកុម្ភៈ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្រសួងកំពុងរៀបចំឡើងវិញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យអំបិលនៅកម្ពុជារយៈពេល ៥ ឆ្នាំ (២០២២-២០២៦) ដោយសហការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍស្រែអំបិលកំពត-កែប។
លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានបន្ថែមថា យុទ្ធសាស្ត្រនេះរៀបចំឡើងដើម្បីពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ចនៃការផលិតអំបិលនៅកម្ពុជា ដោយផ្សារភ្ជាប់នឹងវិធានការគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលឱ្យបានត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាព។
លោកបញ្ជាក់ថា៖ «អ្វីដែលជាកំណែទម្រង់ក្នុងវិស័យនេះ គឺការស្វែងរកដំណោះស្រាយលើការទុកចោលដីស្រែអំបិល ដែលមានតែក្នុងបញ្ជី ប៉ុន្តែមិនបានផលិតពេញលេញ កំណត់បែងចែកទៅជាប្រភេទដីស្រែអំបិល ដែលអាចផលិតអំបិលបានពិតប្រាកដដើម្បីរក្សាស្ថិរភាពផលិតកម្មអំបិលតាមពាក្យស្លោក «យកស្រែអំបិលខ្ចប់អំបិល»។
លោក ហួន សុរង្សី ប្រធាននាយកដ្ឋានកិច្ចការសិប្បកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសាររដ្ឋាភិបាលបានចាត់ទុកអំបិលជាទំនិញយុទ្ធសាស្ត្រ ទើបក្រសួងរៀបចំយុទ្ធសាស្ត្រនេះឡើងដើម្បីលើកទឹកចិត្តដល់អ្នកផលិតអំបិលនៅខេត្តកំពត និងខេត្តកែប។
លោក សុរង្សី បន្តថា បច្ចុប្បន្នក្រសួងកំពុងរៀបចំនីតិវិធីឡើងវិញក្នុងការបង្កើតសមាគមស្រែអំបិលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ចជួយជ្រោមជ្រែងដើម្បីគាំពារអភិរក្សវិស័យអំបិលឱ្យមាននិរន្តរភាព។
លោកបញ្ជាក់ថា៖ «សេចក្តីព្រាងយុទ្ធសាស្ត្រនេះបានបញ្ចប់រួចហើយ ដោយនៅតែចាំឆ្លងថ្នាក់ដឹកនាំកម្រិតនយោបាយសម្រេច ហើយបន្ទាប់ពីមានការសម្រេចហើយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនឹងចុះហត្ថលេខារួមគ្នាលើយុទ្ធសាស្ត្រ ក្រោយមកនឹងអនុវត្ត»។
លោក ប៊ុន ណារិន ម្ចាស់សហគ្រាសផលិតអំបិល ថូង អ៊ិនធើប្រាយ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សព្វថ្ងៃនេះ ការផលិតអំបិលនៅកំពត-កែប ជួបបញ្ហាប្រឈមច្រើនដូចជា កង្វះកម្លាំងពលកម្ម អាកាសធាតុប្រែប្រួល ការប្រកួតប្រជែងទីផ្សារខ្លាំង ខណៈការចំណាយថ្លៃដើមច្រើន។
លោកបន្តថា ទិន្នផលអំបិលមានការថយចុះច្រើន ដោយកាលពីប៉ុន្មានឆ្នាំមុនស្រែអំបិលនៅកំពត-កែប អាចផលិតបានចន្លោះពី ៩ ទៅជាង ១០ ម៉ឺនតោន ប៉ុន្តែបច្ចុប្បន្នទិន្នផលបានត្រឹម ៦-៧ ម៉ឺនតោនប៉ុណ្ណោះ ព្រោះអ្នកផលិតខ្លះបានបោះបង់របរនេះចោល និងខ្លះទៀតក៏ផ្អាកផលិតមួយរយៈ។
លោកបានបន្ថែមថា៖ «ដើម្បីឱ្យស្រែអំបិលដែលគេទុកចោលមានសកម្មភាពឡើងវិញ លុះត្រាតែតម្លៃអំបិលក្នុងស្រុកមានសមាមាត្រនឹងថ្លៃដើម ហើយតម្លៃអាចប្រកួតប្រជែងជាមួយអំបិលនាំចូល។ យើងរំពឹងថា ក្រសួងពាក់ព័ន្ធនឹងលើកទឹកចិត្តអ្នកផលិតតាមមធ្យោបាយផ្សេងៗធ្វើយ៉ាងណារក្សាស្ថិរភាពការផលិតក្នុងស្រុក»។
បើតាមរបាយការណ៍នាយកដ្ឋានកិច្ចការសិប្បកម្ម នៅក្នុងឆ្នាំ ២០២១ កម្ពុជាផលិតអំបិលបានប្រមាណជាង ៧៥ ០០០ តោន ថយចុះជាង ២០ ០០០ តោន បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០៕ LA