ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ នេះនឹងសម្រេចបាន ៥,៦ ភាគរយដែលឆ្លុះបញ្ចាំងពីភាពស៊ាំក្នុងសហគមន៍ ដោយសារអត្រានៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ខ្ពស់ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលបើកដំណើរការសេដ្ឋកិច្ចសង្គម បានពេញលេញ បើធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងនៅក្នុងពិធីបើកសន្និបាតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ថា ដូចគ្នានឹងបណ្តាប្រទេសនានាលើសកលលោក ឆ្នាំ ២០២០ និងឆ្នាំ ២០២១ គឺជាឆ្នាំដ៏លំបាកក្នុងប្រវត្តិសាស្ត្រទំនើប ដោយសារការទទួលរងនូវផលប៉ះពាល់អវិជ្ជមានទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖ «ក្នុងថេរវេលាជិត ២ ឆ្នាំកន្លងមក កម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិនេះប្រកបដោយភាពស្វាហាប់ និង ភាពបត់បែនជាមួយការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងស្មារតីបុរេសកម្ម។ លទ្ធផលនៃកិច្ចប្រឹងប្រែងខាងលើនេះបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចទាំងនៅក្នុងក្របខ័ណ្ឌតំបន់ និងសកលដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ ហើយបានបង្កើតនូវភាពស៊ាំសហគមន៍ដ៏រឹងមាំ»។
លោកបន្ថែមថា៖ «ភាពជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងការគ្រប់គ្រងបានជំងឺកូវីដ ១៩ នៅកម្ពុជា បានអនុញ្ញាតឱ្យយើងអាចបិទបញ្ចប់នូវ«ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ហើយបានបើកប្រទេស និងដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចបានពេញលេញឡើងវិញ»។
លោកបញ្ជាក់ថា ឈរនៅលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានវាយតម្លៃថា នឹងងើបឡើងវិញខ្ពស់ជាងការរំពឹងទុកក្នុងអត្រាកំណើន ៣,០ ភាគរយក្នុងឆ្នាំ ២០២១ ពីកំណើនអវិជ្ជមាន -៣,១ ភាគរយក្នុងឆ្នាំ ២០២០ ដែលគាំទ្រដោយការងើបឡើងវិញលឿននៃវិស័យឧស្សាហកម្ម ពោលគឺអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ និងកំណើនល្អប្រសើរនៃវិស័យកសិកម្ម។
លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា៖ «សម្រាប់ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦ ភាគរយ ដែលគាំទ្រដោយការរំពឹងទុកនូវការកើនឡើងនៃតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគិនបរទេស»។
ធនាគារពិភពលោក (WB) ក្នុងរបាយការណ៍ជំនួយស្មារតីមួយដែលចេញផ្សាយកាលពីថ្ងៃទី ៣១ មករា បានឱ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ ១៩ ប៉ុន្តែប្រទេសនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ការពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុក។
តំណាង WB ប្រចាំប្រទេសកម្ពុជា លោកស្រី Maryam Salim ថ្លែងថា៖ «ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយពេលមានវិបត្តិកូវីដ ១៩»។
លោកស្រីថ្លែងថា៖ «ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅកំណើនដោយចីរភាពវិញ គឺចាំបាច់ត្រូវការរបៀបវារៈកែទម្រង់មួយប្រកបដោយមហិច្ឆតាដែលផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា ពង្រឹងបទប្បញ្ញត្តិដើម្បីឆ្លើយតបនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព»។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃទី ៣១ ខែមករាថា ឧស្សាហកម្មកាត់ដេរកំពុងស្ថិតក្នុងផលិតកម្មប្រកបដោយស្ថិរភាពរហូតមកដល់ពេលនេះ ខណៈដែលការនាំចេញនៅតែបន្តកើនឡើង។
លោកថ្លែងថា៖ «ដោយសារលក្ខខណ្ឌប្រកបដោយស្ថិរភាពដូចនៅពេលនេះ យើងអាចមានសុទិដ្ឋិនិយមថា នៅឆ្នាំ ២០២២ នេះ ការនាំចេញរបស់យើងនឹងបន្តកើនឡើងប្រហែលកំណើនមធ្យមសម្រាប់សម្លៀកបំពាក់ និងកំណើនល្អសម្រាប់ទំនិញធ្វើដំណើរ។ ការផ្លាស់ទីតាំងការបញ្ជាទិញសម្លៀកបំពាក់មួយចំនួនចេញពីប្រទេសចិន និងមីយ៉ាន់ម៉ានឹងបន្តផ្តល់ផលប្រយោជន៍ដល់កម្ពុជា»។
ទោះយ៉ាងនេះក្តី លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាក៏នៅតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ដោយសារការលេចឡើងនូវហានិភ័យមួយចំនួនក្នុងក្របខ័ណ្ឌតំបន់ និងសកលមានជាអាទិ៍ ការរាំងស្ទះមកលើប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, សម្ពាធនៃអត្រាអតិផរណា និងជាពិសេសការដាក់ចេញនូវគោលនយោបាយរបស់ដៃគូមួយចំនួនដូចជា ការរឹតបន្តឹងការធ្វើដំណើរ និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ខណៈវីរុសកូរ៉ូណានៅតែបន្តបំប្លែងខ្លួនជាបន្តបន្ទាប់ដែលអាចនឹងមានលទ្ធភាពចម្លងកាន់តែខ្ពស់ និងអាចបង្កហានិភ័យចំពោះសុខភាពសាធារណៈកាន់តែធ្ងន់ធ្ងរ។
លោកថ្លែងថា៖ «ក្នុងបរិការណ៍បែបនេះ ថ្មីៗនេះរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ ដែលនឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងសក្តានុពនៃចន្ទល់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរស់រវើកឡើងវិញ ក៏ដូចជាសម្រាប់ការចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកលសំដៅលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ក៏ដូចជាកសាងភាពធន់ដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ច»៕ LA