ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ (GDT) នឹងសហការជាមួយបណ្តាសហគ្រាសក្រុមហ៊ុនចំនួន ៤៩ ដែលផ្គត់ផ្គង់សេវាអ៊ីនធឺណិតនៅប្រទេសកម្ពុជា ដើម្បីជំរុញការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការឆ្លើយតបនឹងការរីកចម្រើននៃប្រភេទអាជីវកម្មតាមប្រព័ន្ធអនឡាញនារយៈពេលចុងក្រោយនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារផ្សព្វផ្សាយក្នុងថ្ងៃទី ៨ ខែកុម្ភៈ ឱ្យដឹងថា ការពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែម គឺដើរស្របនឹងអនុក្រឹត្យលេខ ៦៥ អនក្រ.បក ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់ អនិវាសនជននៅក្រៅព្រះរាជាណាចក្រកម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមបទប្បញ្ញត្តិស្តីពីអាករលើតម្លៃបន្ថែមជាធរមាន។
សេចក្តីប្រកាសព័ត៌មានបន្តទៀតថា ក្នុងគោលដៅផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់អ្នកជាប់ពន្ធត្រៀមខ្លួនសម្រាប់ការបំពេញកាតព្វកិច្ចនេះ អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងលេខ ៧៧៦ អពដ ចុះថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ ដោយអនុញ្ញាតពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តប្រកាសលេខ ៥៤២ សហវ.ប្រក (វិធាន និងនីតិវិធីអនុវត្ត អាករលើតម្លៃបន្ថែមចំពោះ E-Commerce) រហូតដល់ថ្ងៃទី ៣១ មីនា ឆ្នាំ ២០២២ ដើម្បីទុកពេលវេលាបន្ថែមដល់អ្នកជាប់ពន្ធក្នុងការស្វែងយល់បន្ថែម និងត្រៀមខ្លួនអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ តទៅ។
ក្នុងកិច្ចប្រជុំជាមួយតំណាងសហគ្រាស ក្រុមហ៊ុនចំនួន ៤៩ កាលពីថ្ងៃទី ៧ ខែកម្ភៈ លោក គង់ វិបុល អគ្គនាយកអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះអាជីវកម្មតាមអនឡាញ វិស័យអនឡាញ និងអ៊ីនធឺណិតមានសម្ទុះយ៉ាងខ្លាំង និងកើនឡើងយ៉ាងគគ្រឹកគគ្រេង ខណៈសហគ្រាសមួយចំនួនបានចុះបញ្ជីពន្ធដារ និងបំពេញកាតព្វកិច្ចសារពើពន្ធ ក៏ប៉ុន្តែក៏នៅមានសហគ្រាសមួយចំនួនធំពុំទាន់បានចុះបញ្ជី និងយល់ដឹងអំពីកាតព្វកិច្ចសារពើពន្ធនៅឡើយ។ លោកបន្តថា ការពង្រឹងការគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជាការពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងអនុលោមភាពសារពើពន្ធ។
លោកថ្លែងថា៖ «អគ្គនាយកដ្ឋានពន្ធដារមានបំណងក្នុងការផ្សព្វផ្សាយ និងពង្រឹងកិច្ចសហការពីបណ្ដាសហគ្រាសជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិត (Internet Service Provider- ISP) ក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងការចូលរួមជាមួយរដ្ឋាភិបាល ដោយក្នុងករណីសហគ្រាសមិនចុះបញ្ជី និងបំពេញកាតព្វកិច្ច សារពើពន្ធ វិធានការចាំបាច់នានាក្នុងការរាំងខ្ទប់នូវប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនានា»។
បើតាមលោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ ស្វាគមន៍ចំពោះរាល់ធាតុចូល និងកិច្ចសហការនានាលើផ្នែកបច្ចេកទេសពាក់ព័ន្ធជាមួយនឹងបណ្តាសហគ្រាស ក្រុមហ៊ុននានាដើម្បីឱ្យការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែប្រសើរ។
អនុប្រធានសមាគមធុរកិច្ចអេឡិចត្រូនិកកម្ពុជា (CEA) លោក មុំ វ៉ារិន បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងថ្ងៃទី ៨ ខែកុម្ភៈថា ការធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ ឬការរកស៊ីតាមហ្វេសប៊ុក ឬការឡាយ (Live) លក់ផលិតផលនានាមានការរីកចម្រើន និងមានការប្រកួតប្រជែងខ្លាំងនៅប្រទេសកម្ពុជា ប៉ុន្តែអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលមានស្តង់ដា ស្ថិតក្នុងអន្តរកាលមួយមានបញ្ហាប្រឈមច្រើនជាពិសេសការប្រកួតប្រជែងជាសកលពាក់ព័ន្ធនឹងតម្លៃនៃផលិតផល ការផលិត និងដឹកជញ្ជូន រួមជាមួយតម្លៃបង់ពន្ធទៀតវាកាន់តែធ្វើឱ្យកម្រិតនៃការប្រកួតប្រជែងកាន់តែប្រឈម។
លោកថ្លែងថា៖ «ចំពោះការយកពន្ធអាករតម្លៃបន្ថែមលើអាជីវកម្មតាមអនឡាញ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងស្រុកមិនជាបញ្ហាចោទទេ ប៉ុន្តែពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្រៅស្រុកវាជួបបញ្ហាប្រឈមខ្លាំង មានន័យថា បើកបូក VAT ១០ ភាគរយទៀត បូករួមជាមួយនឹងតម្លៃផលិតផលបើធៀបជាមួយនឹងវៀតណាម ថៃ និងចិន កម្ពុជាមានតម្លៃខ្ពស់ជាងគេ។ បញ្ហានៅត្រង់ហ្នឹង យើងត្រូវគិត»។
ទោះយ៉ាងណា លោក វ៉ារិន ទទួលស្គាល់ថា ការបង់ពន្ធអាករចូលរដ្ឋវាជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មគ្រប់រូប ប៉ុន្តែរដ្ឋក៏ត្រូវគិតគូរសម្រាប់អ្នកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្រៅស្រុកផងដែរ ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកាន់តែរីកចម្រើន និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាលើពិភពលោក ជាពិសេសជំរុញការនាំចេញនូវផលិតផលរបស់កម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕ LA