ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លោក សុខ ចិន្តាសោភា បានលើកឡើងថា កម្ពុជាកំពុងខិតខំបង្កើននិរន្តរភាពបរិស្ថាន និងដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុសំដៅការកសាង «អាស៊ានបៃតង» និងអនាគតប្រកបដោយភាពធន់ និងបរិយាប័ន្ន។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងឱកាសនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ២ នៃកម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (2nd Ministerial Conference of the OECD Southeast Asia Regional Programme) ដែលបានប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូក្រោមប្រធានបទ «អនាគតដែលផ្តោតលើមនុស្ស៖ ភាពជាដៃគូសម្រាប់អាស៊ានកាន់តែឆ្លាតវៃ បៃតង និងបរិយាប័ន្ន» (A human-centered future: Partnership for a smarter, greener and more inclusive ASEAN)។
ថ្លែងក្នុងបទអន្តរាគមន៍លើប្រធានបទ «ការធានាការស្តារឡើងវិញប្រកបដោយភាពបៃតង ដើម្បីអាស៊ានដែលមានភាពធន់» (Ensuring Green recovery towards a more resilient ASEAN) លោក ចិន្តាសោភា បានជម្រាបជូនអង្គសន្និសីទអំពីការចូលរួមជាមួយបណ្តាប្រទេសអាស៊ាន និងអង្គការ OECD របស់កម្ពុជាលើកិច្ចខិតខំបង្កើននិរន្តរភាពបរិស្ថាន និងដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុសំដៅការកសាង «អាស៊ាន-បៃតង» និងអនាគតប្រកបដោយ ភាពធន់ និងបរិយាប័ន្ន។
បន្ថែមពីលើនេះលោកក៏បានលើកឡើងនូវវិធានការជាក់ស្តែងមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញរួមមាន ១. យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន, ២. ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលឈរលើសសរស្តម្ភចំនួន ៣ (3Rs) គឺ ១. ការស្តារឡើងវិញ (Recovery) ២. ការកែទម្រង់ (Reform) និង ៣. ការកសាងភាពធន់ (Resilience)។
លោកបានថ្លែងថា៖ «សម្រាប់សសរស្តម្ភការកសាងភាពធន់ រាជរដ្ឋាភិបាលពង្រឹងការត្រៀមខ្លួន និងឆ្លើយតបដើម្បីធានាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចដោយផ្តោតលើការកសាងធនធានមនុស្ស, ការអភិវឌ្ឍសហគ្រាសធុនតូច មធ្យម ដោយរួមបញ្ចូលការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង»។
ក្នុងឱកាសនោះ លោកក៏បានរំលេចពីច្បាប់ស្តីពីវិនិយោគថ្មីដែលបានចូលជាធរមានកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ដែលបញ្ញត្តិស្តីពីការលើកទឹកចិត្តនៃច្បាប់នេះបានចែងពីវិស័យ និងសកម្មភាពវិនិយោគចំនួន ១៩ ត្រូវបានទទួលការលើកទឹកចិត្តក្នុងនោះរួមមានការវិនិយោគក្នុងការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវចម្រុះ និងសេដ្ឋកិច្ចចក្រា ក៏ដូចជា ការវិនិយោគក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ។
សន្និសីទនេះផ្តល់ឱកាសជូនរដ្ឋមន្ត្រី និងអ្នកតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសមាជិកអង្គការ OECD ធ្វើការកំណត់ពីអត្តសញ្ញាណបញ្ហាប្រឈមផ្នែកឌីជីថលបរិស្ថាន និងសង្គមដែលប្រទេសក្នុងតំបន់បាននិងកំពុងជួបប្រទះនៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ ១៩ និងពិភាក្សាអំពីការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព។
សន្និសីទថ្នាក់រដ្ឋមន្ត្រីនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាលើប្រធានបទចំនួន ២ គឺ ការកសាងអាស៊ានដ៏ឆ្លាតវៃសម្រាប់អនាគតប្រកបដោយបរិយាប័ន្ន និង ការធានាការស្តារឡើងវិញប្រកបដោយភាពបៃតងដើម្បីអាស៊ានដែលមានភាពធន់។
សន្និសីទនេះមានការអញ្ជើញថ្លែងសុន្ទរកថាបើកដោយលោក CHUNGEui-yong រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ លោកស្រី Pornpimol Kanchanalak ប្រេសិតពិសេសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ និងលោក Mathias CORMANN អគ្គលេខាធិការអង្គការ OECD ដែលបានថ្លែងរំលេចពីតួនាទីដ៏មានសារៈសំខាន់របស់ប្រទេសជាសមាជិកអាស៊ានក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ក៏ដូចជាការប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួតរវាងអាស៊ាន និងអង្គការ OECD។
សូមជម្រាបថា កម្មវិធីតំបន់អាស៊ីអាគ្នេយ៍របស់អង្គការ OECD មានប្រទេសកូរ៉េ និងថៃ ជាសហប្រធាននៅក្នុងដំណាក់កាលទី ២ នេះ ហើយនៅដំណាក់កាលបន្ទាប់ប្រទេសអូស្រា្តលី និងវៀតណាម នឹងធ្វើជាសហប្រធានក្នុងរយៈពេល ៤ ឆ្នាំ៕ LA