ភ្នំពេញៈ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងឆ្នាំ ២០២១ មានបរិមាណ ៥៥ ពាន់តោនកើនឡើង ២៨ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែកុម្ភៈ ថា ការដឹកជញ្ជូនទំនិញបង្ហាញសញ្ញាវិជ្ជមានវិញហើយ ដោយការដឹកជញ្ជូនតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងឆ្នាំ ២០២១ មានកំណើន ២៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលនេះមានន័យថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសនៅកម្ពុជាមានភាពប្រសើរឡើងវិញហើយ។ ចំពោះមូលហេតុដែលធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើង ត្រូវបានលោក ចាន់សេរីវុត្ថា ប្រាប់ថា៖ «ដោយសារតម្លៃនៃការដឹកជញ្ជូនទំនិញតាមផ្លូវទឹក និងផ្លូវគោកបានកើនឡើងស្ទើរប្រហាក់ប្រហែលនឹងការដឹកតាមយន្តហោះ ហើយការដឹកជញ្ជូនតាមផ្លូវអាកាសថែមទាំងមិនចាំបាច់ចំណាយពេលវេលាយូរទៀត ដូចនេះអ្នកវិនិយោគមួយចំនួនក៏បានងាកមកប្រើប្រាស់ការដឹកជញ្ជូនតាមផ្លូវអាកាសវិញ ជាពិសេសប្រភេទសម្ភារដែលមានតម្លៃខ្ពស់»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា កាលពីឆ្នាំ ២០២០ នៅពេលដែលជំងឺកូវីដ ១៩ វាយលុកខ្លាំងការដឹកជញ្ជូនតាមផ្លូវអាកាសបានធ្លាក់ចុះខ្លាំងរហូតជាង ៩០ ភាគរយ ប៉ុន្តែចាប់ពីពាក់កណ្តាលឆ្នាំ ២០២១ ពេលរាជរដ្ឋាភិបាលចាប់ផ្តើមបើកយុទ្ធនាការស្រោចវ៉ាក់សាំង ក៏ដូចជាការបើកប្រទេសឡើងវិញ ដំណើរការនៃការដឹកជញ្ជូនតាមផ្លូវអាកាសក៏ចាប់មានសកម្មភាពឡើងវិញជាបន្តបន្ទាប់។
លោកបន្ថែមថា សកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានភាពមមាញឹកឡើងវិញគឺចំរដូវកាល High Season ដែលទំនិញមួយចំនួនចាំបាច់ត្រូវការដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីឱ្យទាន់ពេលវេលា ទើបជើងហោះហើរដឹកជញ្ជូនទំនិញមានកំណើនបែបនេះ។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបញ្ជាក់ថា៖ «កំណើននេះ មានតាំងពីចុងឆ្នាំ ២០២១ មក ហើយនិន្នាការនេះនឹងនៅបន្តកើនឡើង ទោះបីមានកំណើនយឺត ប៉ុន្តែវាជាភាពវិជ្ជមាននៅក្នុងវិស័យនេះ។ ក្នុងករណីដែលកម្ពុជាអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ បាននោះ សកម្មភាពដឹកជញ្ជូនទំនិញមិនត្រឹមផ្លូវអាកាសទេ ដែលមានភាពវិជ្ជមាន តាមផ្លូវគោក និងផ្លូវទឹក ក៏នឹងដំណើរការបានរលូន និងកើនឡើងដូចគ្នា»។
បើតាមអ្នកនាំពាក្យអាកាសចរស៊ីវិល ដោយសារតែអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានឃ្លាំងសម្រាប់ទុកទំនិញទើបសកម្មភាពដឹកជញ្ជូនទំនិញភាគច្រើនគឺតាមរយៈអាកាសយានដ្ឋាននេះ ខណៈអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុមានតិចតួច និងនៅខេត្តសៀមរាបមិនមានសកម្មភាពដឹកជញ្ជូនទំនិញនោះទេ។ ទោះយ៉ាងណាលោកប្រាប់ថា ពេលអនាគតអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ នឹងរៀបចំឃ្លាំងស្តុកទំនិញដែរ៕ LA