ភ្នំពេញៈ សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Alliance) របស់អង្គការពាណិជ្ជកម្មពិភពលោក តាមរយៈ Swisscontact កាលពីថ្ងៃទី ៨ ខែកុម្ភៈ ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងពាណិជ្ជកម្មអេឡិចត្រូនិកថ្មី ដែលចាប់ដៃគូជាមួយស្ថាប័ន ២ របស់រដ្ឋាភិបាល គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) និងប្រៃសណីយ៍កម្ពុជា ដើម្បីភ្ជាប់ស្ថាប័នទាំង ២ នេះ សម្រាប់ដំណើរការនីតិវិធីបញ្ចេញទំនិញពីគយលើកញ្ចប់ទំនិញតូចៗដែលផ្ញើតាមប្រៃសណីយ៍។
ការដាក់ឱ្យដំណើរការនេះធ្វើឡើងរយៈពេល ១ ខែ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា និង Alliance បានចុះអនុស្សរណៈយោគយល់គ្នា ដែលបានកំណត់ជាផ្លូវការនូវលក្ខខណ្ឌនៃគម្រោងដែលនឹងរួមចំណែកដល់ប្រទេសកម្ពុជាក្នុងការបំពេញការប្ដេជ្ញាចិត្តរបស់ខ្លួន ស្ថិតក្រោមកិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្មអង្គការពាណិជ្ជកម្មពិភពលោក។
យោងតាមសេចក្ដីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា កំពុងប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកដាច់ដោយឡែករៀងៗខ្លួនសម្រាប់ដំណើរការនីតិវិធីលើកញ្ចប់ទំនិញតូចៗ ប៉ុន្តែនៅពុំទាន់មានតំណភ្ជាប់បម្រើឱ្យការផ្លាស់ប្តូរទិន្នន័យតាមប្រព័ន្ធអេឡិចត្រូនិកជាមុនរវាងគយ និងប្រៃសណីយ៍នោះទេ។
តាមរយៈដៃគូអនុវត្តន៍ Swisscontact ស្ថាប័ន Alliance កំពុងធ្វើការងារជាមួយសមាគមសហគ្រិនស្ដ្រីកម្ពុជា (CWEA) ដើម្បីធានាថា សហគ្រាសមីក្រូ តូច និងមធ្យម (MSME) ដែលភាគច្រើនមានស្ដ្រីជាអ្នកដឹកនាំអាចទាញយកអត្ថប្រយោជន៍ពេញលេញពីការធ្វើឱ្យប្រសើរឡើងនេះ។ ដើម្បីសម្រេចបានគោលដៅនេះ គម្រោងនេះនឹងបង្កើតថ្នាលបច្ចេកវិទ្យាអនឡាញថ្មីមួយបម្រើដល់ពាណិជ្ជកម្មអេឡិចត្រូនិករបស់ MSME ក្នុងការលក់ផលិតផលទំនិញខ្នាតតូចទៅទីផ្សារអន្តរជាតិ និងបង្កើនសមត្ថភាពនាំចេញរបស់ពួកគេ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងពិធីសម្ពោធគម្រោងខាងលើថា គម្រោងនេះនឹងរួមចំណែកនៅក្នុងការអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTS) ២០១៩-២០២៣ យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោងដែលកំពុងអនុវត្ត Go4eCAM ដែលដាក់ចេញនូវតម្រូវការធ្វើពិពិធកម្ម និងលើកកម្ពស់កាលានុវត្តភាពដល់ការរីកចម្រើនក្នុងវិស័យថ្មីៗ ជាពិសេសលើសេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ គម្រោងនេះក៏កើតឡើងស្របទៅតាមបរិបទសង្គមថ្មីដែលមិនធ្លាប់មានពីមុនមកដែលក្នុងនោះគេសង្កេតឃើញមានភាពចាំបាច់ជាខ្លាំងក្នុងការផ្លាស់ប្ដូរនិន្នាការឆ្ពោះទៅរកពាណិជ្ជកម្មអេឡិចត្រូនិក ស្របពេលកំពុងមានជំងឺរាតត្បាតកូវីដ ១៩។
លោកថ្លែងថា៖ «ក្រសួងពាណិជ្ជកម្មទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការអនុវត្តសកម្មភាពរួមគ្នារបស់យើងជាមួយ GATF និង Swisscontact និងដៃគូផ្សេងៗទៀត ហើយក៏រំពឹងថាគម្រោងនេះនឹងអនុវត្តប្រកបដោយផ្លែផ្កា»។
លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជាបានឱ្យដឹងថា ការផ្លាស់ប្តូរព័ត៌មានផ្នែកគយ និងសន្ដិសុខពាក់ព័ន្ធនឹងកញ្ចប់ទំនិញប្រៃសណីយ៍នឹងជួយសម្រួលដល់ដំណើរការដឹកជញ្ជូនកញ្ចប់ទំនិញប្រៃសណីយ៍ឆ្លងដែន។ លោកថ្លែងថា៖ «កិច្ចសម្រួលពាណិជ្ជកម្មនេះព្រមជាមួយនឹងការកសាងថ្នាលបច្ចេកវិទ្យាព័ត៌មានអនឡាញនឹងនាំឱ្យមានការចូលរួមច្រើន និងប្រសើរជាងមុនរបស់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជាក្នុងពាណិជ្ជកម្មអេឡិចត្រូនិកសកលដែលកំពុងតែសកម្មខ្លាំង ដើម្បីធ្វើឱ្យធុរកិច្ចរបស់ពួកគេកាន់តែរីកចម្រើន»។
លោក សំវិសុទ្ធ លើកឡើងទៀតថា៖ «ប្រៃសណីយ៍កម្ពុជា មើលឃើញថា គម្រោងនេះជាជំហានដំបូងបំផុតដែលនឹងបើកឱកាសបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ Alliance នៅពេលអនាគត ពិសេសការពង្រីកសមត្ថភាពប្រៃសណីយ៍ និងជួយអាជីវកម្មកម្ពុជាឱ្យចាប់ឱកាសពាណិជ្ជកម្មអេឡិចត្រូនិកសកលបានកាន់តែប្រសើរឡើង»។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ដ្រី (CWEA) បានឱ្យដឹងថា ថ្នាលបច្ចេកវិទ្យាព័ត៌មានអនឡាញនេះជួយឱ្យស្ដ្រីកាន់តែច្រើនអាចធ្វើការនាំចេញប្រកបដោយប្រសិទ្ធភាពជាងមុន។ លោកស្រីបញ្ជាក់ថា៖ «វាជាកិត្តិយសដ៏ធំធេង ដោយទទួលបានការសហការគាំទ្រពី Alliance នៅលើគម្រោងនេះ។ សហគ្រាសធុនតូច និងមធ្យមទទួលផលប្រយោជន៍ពេញលេញពីភាពល្អប្រសើរនៃការសម្រួលនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ និងដំណើរការដឹកជញ្ជូនតាមប្រៃសណីយ៍លើការនាំចេញទំនិញកញ្ចប់តូចៗ។ បើប្រទេសផ្សេងទៀតធ្វើបានហេតុអ្វីយើងមិនធ្វើ?»។
លោក Philippe Isler នាយក Alliance បានឱ្យដឹងថា គម្រោងផ្លាស់ប្តូរនេះបង្ហាញពីរបៀបដែលអត្ថប្រយោជន៍នៃពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិកអាចមានរំហូរតាមរយៈសេដ្ឋកិច្ចទាំងមូល។
លោក Phillippe បានលើកឡើងថា៖ «គម្រោងបែបនេះអាចបំបែកឧបសគ្គដែលរារាំងដល់សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារពិភពលោក ហើយថែមទាំងធានាថាអាជីវកម្មតូចៗមិនត្រឹមតែដឹងពីឱកាសថ្មីៗដែលជាលទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបំផុតផងដែរ»៕ LA