ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ស្នើឱ្យភាគីកូរ៉េជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន ហើយភាគីទាំង ២ អាចអនុវត្តកិច្ចព្រមព្រៀងបានក្នុងពេលឆាប់ៗនេះ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Moon Jae-In ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ កាលរសៀលថ្ងៃទី១១ ខែកុម្ភៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កន្លងទៅនេះ កម្ពុជាក៏បានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា និងកូរ៉េ រួចហើយ ដូចនេះ លោកស្នើសុំឱ្យភាគីកូរ៉េជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានបានឆាប់។
លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា៖«សុំឱ្យប្រធានាធិបតីកូរ៉េ គាំទ្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេស ទាក់ទងទៅនឹងរោងចក្រកែច្នៃមួយចំនួន ក៏ដូចជា គាំទ្រដល់រូបមន្ត ១បូក មានន័យថាបើសិនជាក្រុមហ៊ុនកូរ៉េ មានការវិនិយោគនៅថៃ និងវៀតណាម ក៏អាចបន្ថែមការវិនិយោគនៅកម្ពុជាផងដែរ»។
លោកបានបន្តថា បានស្នើឱ្យកូរ៉េមានការគាំទ្រ ក៏ដូចជា មានកិច្ចសហប្រតិបត្តិការ ជាពិសេស លើផ្នែកកសិឧស្សាហកម្ម និងការកែច្នៃផលិតផល ដូចជាផលិតផលកសិកម្មជាដើម ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ និងជួយជំរុញអ្នកវិនិយោគទុនពីប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
លោក Moon Jae-In បានលើកឡើងថា កម្ពុជាគឺជាអាទិភាពសម្រាប់កូរ៉េ ជាពិសេស ពាក់ព័ន្ធទៅនឹងការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយកម្ពុជាគឺជាប្រទេសទី ១ ហើយ ដែលកូរ៉េបានចុះហត្ថលេខាជាមួយនេះ។
ចំពោះការស្នើរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញការពន្លឿនការផ្ដល់សច្ចាប័ន ត្រូវបានលោកគូសបញ្ជាក់ថា ៖«ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូនទៅសភារបស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្ដល់សច្ចាប័ន ដូច្នេះនីតិវិធីនេះបាននិងកំពុងបន្តនៅឡើយ»។
បើតាមការឱ្យដឹងពីលោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បច្ចុប្បន្ននេះ មានក្រុមហ៊ុនកូរ៉េប្រមាណជា ៣០០ ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា ហើយចំនួននេះនឹងបន្តមានកំណើនបន្ថែម នៅពេលដែលកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកម្ពុជាកូរ៉េ ចូលជាធរមាន ស្របពេលដែលកម្ពុជា មានច្បាប់វិនិយោគថ្មី ដែលបានបង្កបរិយាកាសងាយស្រួលច្រើនដល់អ្នកវិនិយោគ៕