ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលបានជាង ៩២ លានដុល្លារ នៅក្នុងឆ្នាំ ២០២១ កើនឡើងជាង ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។
យោងតាមរបាយការណ៍ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ ចំណូលរបស់ស្ថាប័ននេះ នៅពេលមិនទាន់បានធ្វើសវនកម្មមានប្រមាណ ៣៦៩ ១៤៥ ២៥៧ ពាន់រៀលស្មើនឹងប្រមាណជាង ៩២ លានដុល្លារ ខណៈដែលឆ្នាំ ២០២០ ចំណូលដែលបានធ្វើសវនកម្មរួចមានប្រមាណ ៣២៤ ៣៦៧ ៨៥៦ ពាន់រៀលស្មើនឹងប្រមាណ ៨១ លានដុល្លារ កើនឡើងជាង ១០ លានដុល្លារ ស្មើនឹង ១៣% ។ នៅក្នុងនោះដែរ ចំណូលបានមកពីការលក់ទឹកស្អាតមានចំនួន ២៨២ ៣៦៩ ៧៩៧ ពាន់រៀល ស្មើនឹងប្រមាណជាង ៧០ លានដុល្លារ កើនឡើងតិចតួច។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចំពោះចំណាយទាំងអស់រួមមានថ្លៃភ្លើង ថ្លៃបុគ្គលិក ថ្លៃជួសជុលថែទាំ ថ្លៃប្រតិបត្តិការផ្សេងៗ និងថ្លៃខាតពីការប្តូរលុយ ជាដើមមានប្រមាណ ២១២ ០៤៨ ៩៥៦ ពាន់រៀលស្មើនឹងប្រមាណ ៥៣ លានដុល្លារ។
ដោយឡែកចំពោះប្រាក់ចំណេញក្នុងឆ្នាំ ២០២១ វិញ អង្គភាពនេះទទួលបានចំនួន ១៥៧ ០៩៦ ៣០១ ពាន់រៀល ស្មើនឹងប្រមាណជាង ៣៩ លានដុល្លារអាមេរិក ដែលចំនួននេះ មិនទាន់បានធ្វើសវនកម្មនៅឡើយទេ៕