ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) រកចំណូលពីយានយន្ត និងគ្រឿងចក្របានប្រមាណ ៣ ៩៩៨,៨ ពាន់លានរៀល (ជិត ១ ០០០ លានដុល្លារ) ស្មើនឹង ៤៣ ភាគរយនៃចំណូលសរុប ២ ២៩៥,២ លានដុល្លារក្នុងឆ្នាំ ២០២១។
របាយការណ៍ពី អគរ បានបង្ហាញថា ក្នុងឆ្នាំ ២០២១ កន្លងទៅ គយ ប្រមូលចំណូលបាន ៩ ២៩៥,៧ ពាន់លានរៀល ស្មើនឹងប្រមាណ ២ ២៩៥,២ លានដុល្លារ ថយចុះប្រមាណ ៥,១ ភាគរយបើធៀបនឹងចំណូលក្នុងឆ្នាំ ២០២០ ដែលប្រមូលបានជាង ២ ៤១៩,៦ លានដុល្លារ។
របាយការណ៍ដដែលបង្ហាញទៀតថា ក្នុងចំណោមទំនិញដែលបានបង់ពន្ធច្រើនជាង គឺយានយន្ត និងគ្រឿងចក្រដោយមានចំនួន ៣ ៩៩៨,៨ ពាន់លានរៀល ស្មើជិត ១ ០០០ លានដុល្លារ ត្រូវជា ៤៣ ភាគរយនៃចំណូលសរុបជាង ២ ២៩៥,២ លានដុល្លារ។ បន្ទាប់ពីនេះទំនិញចម្រុះមានចំនួន ២ ៥៧៩,៤ ពាន់លានរៀល ស្មើ ៦៤៤ លានដុល្លារ ដែលស្មើ ២៧,៨ ភាគរយនៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ២ ១៥៧,១ ពាន់លានរៀល ឬជាង ៥៣៨ លានដុល្លារត្រូវជា ២៣,២ ភាគរយនៃចំណូលសរុប ខណៈសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួន ៥៦០,៤ ពាន់លានរៀលឬជាង ១៤០ លានដុល្លារ ៦,០ ភាគរយ នៃចំណូលសរុប។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ ២០២១ កាលពីថ្ងៃទី ១០ ខែកុម្ភៈ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងថា លទ្ធផលនេះគឺសម្រេចបាន ៩៧,១ ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១។
លោកបានបញ្ជាក់ថា ការនាំចេញផលិតផលកាត់ដេរមាន ១១ ៣៨៩,៦ លានដុល្លារកើនឡើង ១៥,២ ភាគរយ ខណៈការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ មាន ៤ ៥៤២,១ លានដុល្លារ កើនឡើង ៤៤,២ ភាគរយ កសិផល ២ ៨១៧,៨ លានដុល្លារ កើនឡើង ៣៩,៥ ភាគរយ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំណូលរបស់រដ្ឋគឺពឹងផ្អែកស្ទើរទាំងស្រុងលើចំណូលពន្ធគយ និងពន្ធដារ ដូចនេះនៅពេលដែលការប្រមូលចំណូលទាំង ២ ផ្នែកថយ វាក៏នឹងអាចប៉ះពាល់ដល់ការចំណាយរបស់រដ្ឋដែរ។
លោកបានបន្ថែមថា៖ «ថ្វីដ្បិតកម្ពុជាបានរងវិបត្តិកូវីដ ១៩ ដែលធ្វើឱ្យការចាយវាយរបស់ពលរដ្ឋទៅលើទំនិញ មិនចាំបាច់ត្រូវបានកាត់បន្ថយ ប៉ុន្តែបើយើងក្រឡេកមើលតួលេខនៃចំណូលរបស់គយ គឺធ្លាក់ចុះតិចតួចប៉ុណ្ណោះ ខណៈចំណូលពន្ធពីរថយន្តជិត ១ ពាន់លាន ដូចនេះមានន័យថាពលរដ្ឋភាគច្រើននៅមានលទ្ធភាពក្នុងការប្រើប្រាស់ ឬផ្លាស់ប្តូររថយន្តរបស់ខ្លួន»។
លោកបន្តថា បើមិនមានការផ្ទុះឡើងនៃមេរោគកូវីដបំប្លែងថ្មី អូមីក្រុង ឬមេរោគកូវីដបំប្លែងថ្មីផ្សេងៗទៀតទេ ស្ថិរភាពនៃការប្រមូលចំណូលពន្ធនឹងវិលត្រឡប់មករកប្រក្រតីវិញ ឬអាចនឹងមានភាពវិជ្ជមានច្រើនក្នុងឆ្នាំនេះ។
ទោះជាការប្រមូលចំណូលពន្ធគយមានការធ្លាក់ចុះតិចតួចមែន តែលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានលើកឡើងថា នេះជាលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ ទោះបីបានឆ្លងកាត់នូវការប្រឈមខ្លាំងពីការរាលដាលជំងឺកូវីដ ១៩ ដោយលោកនឹងបន្តគាំទ្រយ៉ាងពេញទំហឹងដល់អគរ សម្រាប់ការអនុវត្តការងារនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។
លោករដ្ឋមន្ត្រីបានជំរុញឱ្យអគរបន្តជំរុញអនុវត្តឱ្យម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពការងារប្រមូលពន្ធអាករចំពោះរថយន្តគ្មានពន្ធដែលមានស្រាប់ក្នុងស្រុក និងបន្តសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច និងទប់ស្កាត់អំពើរត់គេចពន្ធជាដើម។
គួររំឭកថា កាលខែមីនា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើសុំកែសម្រួលបញ្ចុះអត្រាអាករពិសេសលើការនាំចូលទំនិញរថយន្ត ដើម្បីស្តារទីផ្សារ និងគាំទ្រដល់វិស័យឡូជីស្ទិក បន្ទាប់ពីចំណូលពីការនាំចូលរថយន្តធ្លាក់ចុះ ៤០ ភាគរយ ក្នុងឆ្នាំ ២០២០៕
វីដេអូ៖