ភ្នំពេញៈ សាធារណរដ្ឋ​កូរ៉េខាងត្បូង​បាន​សន្យា​នឹង​ជំរុញ​កិច្ចសហការ​ជាមួយ​កម្ពុជា​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឱ្យបាន​កាន់តែខ្លាំង​ថែមទៀត​ បន្ទាប់ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ នឹងត្រូវ​ចូល​ជា​ធរមាន​ឆាប់ៗ​នេះ​។

ក្នុងជំនួប​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ នា​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​ ២០២៣ នៅ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃទី​ ១១ ខែកុម្ភៈ លោក Moon Jae-In ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​និយាយថា កម្ពុជា​គឺជា​អាទិភាព​សម្រាប់​កូរ៉េ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការចុះហត្ថលេខា​នៃ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា​គឺជា​ប្រទេស​ទី​ ១ ហើយ ដែល​កូរ៉េ​បាន​ចុះហត្ថលេខា​ជាមួយ​។

លោក​បញ្ជាក់ថា ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ប្រទេស​កូរ៉េ​បានបញ្ចប់​នីតិវិធី​ហើយ ហើយ​កំពុងតែ​បញ្ជូនទៅ​រដ្ឋសភា​សាធារណ​រដ្ឋ​កូរ៉េ ដើម្បី​ផ្ដល់​សច្ចាប័ន ដូច្នេះ​នីតិវិធី​គឺ​បាននិងកំពុង​បន្ត​នៅឡើយ​។

លោក​ប្រធានាធិបតី​ថ្លែងថា​៖ «​ប្រទេស​ទាំង ​២ ​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​គ្នា​ ជាពិសេស​នៅពេល​កម្ពុជា​មាន​ច្បាប់​វិនិយោគ​ថ្មី​ដែល​គួរឱ្យ​ទាក់ទាញ​ថែមទៀត កូរ៉េ​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា ដោយ​នឹង​ជំរុញ​ឱ្យ​វិនិយោគិន​កូរ៉េ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កូរ៉េ​ប្រមាណ ៣០០ ​ក្រុមហ៊ុន​កំពុងតែ​វិនិយោគ​នៅ​កម្ពុជា​»​។

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​លោក​ប្រធានាធិបតី​បន្ត​គាំទ្រ​ឧស្សាហកម្ម​នៅ​កម្ពុជា ពិសេស​ទាក់ទង​ទៅនឹង​រោងចក្រ​កែច្នៃ​មួយចំនួន ព្រមទាំង​គាំទ្រ​ដល់​រូបមន្ត ១ ​បូក​ដែល​មានន័យថា បើសិន​ក្រុមហ៊ុន​កូរ៉េ​មាន​ការវិនិយោគ​នៅ​ប្រទេស​ថៃ និង​វៀតណាម​ក៏​អាច​បន្ថែម​ការវិនិយោគ​នៅ​កម្ពុជា​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​កម្ពុជា និង​កូរ៉េ គួរ​មាន​កិច្ចសហប្រតិបត្តិការ ជាពិសេស​លើ​ផ្នែក​កសិឧស្សាហកម្ម និង​ការកែច្នៃ​ផលិតផល ដូចជា​ផលិតផល​កសិកម្ម​ជាដើម ដើម្បី​ធ្វើការ​នាំចេញ​ទៅកាន់​ប្រទេស​កូរ៉េ​»​។

លោក​រំពឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-​កូរ៉េ និង​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​នឹង​ជួយ​ជំរុញ​អ្នកវិនិយោគទុន​ពី​ប្រទេស​កូរ៉េ​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ឯកជន​កំពុង​ទន្ទឹងរង់ចាំ​ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ ព្រោះថា កិច្ចព្រមព្រៀង​នេះ​មាន​លក្ខខណ្ឌ​ល្អ​ច្រើនជាង​កិច្ចព្រមព្រៀង​សេរី​ជាមួយ​ប្រទេស​ចិន​ទៅទៀត ពិសេស​ពន្ធ​លើ​ផលិតផល​កសិកម្ម ទទួល​បាន​ការអនុគ្រោះ​ច្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ​នេះ​មាន​លក្ខណៈ​បើកទូលាយ​ជាង​ចិន​ទៅទៀត ព្រោះថា​ពន្ធ​លើ​ផលិតផល​កសិកម្ម​ស្ទើរ​ស្មើ​សូន្យ​តែម្តង ចំណែក​ចិន​មាន​ផលិតផល​កសិកម្ម​ខ្លះ​នៅជាប់​បន្ទុក ដូចជា​កៅស៊ូ​ជាដើម ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា នឹងធ្វើ​បណ្តើរ ចរចា​បណ្តើរ​ទៀត​ជាមួយ​ចិន​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ​នៅក្នុង​ឆ្នាំ​ ២០២១ មានទឹកប្រាក់​ជាង ៩៥៦ ​លាន​ដុល្លារ កើនឡើង ៨ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ក្នុងនោះ​ចំនួន​ទឹកប្រាក់​នាំចេញ​ពី​កម្ពុជា​កើន​ជិត ១០​ ភាគរយ និង​នាំចូល​កើន​ជាង ៧ ​ភាគរយ​។ នេះ​បើតាម​ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (Kita)​។

ទិន្នន័យ​របស់ Kita ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៧ ខែមករា បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែធ្នូ ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង ២ មាន​ទឹកប្រាក់​សរុប ៩៥៦,១៣ ​លាន​ដុល្លារ កើន ៨​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន ៨៨៥,៣២ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​ទឹកប្រាក់​ខាងលើ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​មាន​ចំនួន ៣៤១,៥ ​លាន​ដុល្លារ កើនឡើង ៧,៣៥ ​ភាគរយ និង​ការ​នាំចូល​ទំនិញ​ពី​ប្រទេស​កូរ៉េ​មាន​ទឹកប្រាក់ ៦២៣,៦២​ លាន​ដុល្លារ កើន ៩,៩៤ ​ភាគរយ ពី​ចំនួន ៥៦៧,២១ ​លាន​ដុល្លារ​៕

វីដេអូ៖