ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យរដ្ឋាភិបាលកាណាដា ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយកម្ពុជាឱ្យបានឆាប់ ដើម្បីជំរុញទំហំពាណិជ្ជកម្មប្រទេសទាំង ២ ឱ្យមានទំហំកាន់តែធំ ខណៈការនាំទំនិញពីប្រទេសកម្ពុជាទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី កាលពីឆ្នាំ ២០២១ មានតម្លៃប្រមាណ ៩៥៤,៨២ លានដុល្លារអាមេរិក។
ក្នុងជំនួបពិភាក្សាជាមួយលោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជាកាលពីសប្តាហ៍មុន លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជាចង់ឱ្យរដ្ឋាភិបាលកាណាដា ពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កាណាដា និងការរៀបចំឱ្យមានជំនួបពាណិជ្ជកម្មរវាងវិនិយោគិនកាណាដា ដែលបានវិនិយោគនៅប្រទេសថៃ និងទ្បាវជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលកម្ពុជាទើបសម្រេចបាននាពេលថ្មីៗនេះ។
លោកនិយាយថា៖ «កម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់ និងកសាងច្បាប់វិនិយោគថ្មីៗជាច្រើនសំដៅជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង»។
លោកលើកឡើងទៀតថា កម្ពុជាតែងគាំទ្រវិនិយោគិនកាណាដាដែលវិនិយោគនៅកម្ពុជា ជាក់ស្ដែងធនាគារ ABA ដែលស្ថិតក្នុងលំដាប់ទី ៣ នៃធនាគារនាំមុខគេនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង Manulife ជាដើម។
យោងតាមលោក សូរស័ក្តិ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ បានកើនឡើងគួរឱ្យកត់សម្គាល់ដោយក្នុងឆ្នាំ ២០២១ កន្លងមកការនាំចេញទំនិញពីកម្ពុជាទៅប្រទេសកាណាដាក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរីមានទំហំទឹកប្រាក់រហូតដល់ ៩៥៤,៨២ លានដុល្លាអាមេរិក។
បន្ថែមលើនេះលោករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីកាណាដាបន្តនូវជំនួយបច្ចេកទេសក្រោមគម្រោង Canadian Trade and Investments Framework (CTIF ) ដល់ប្រទេសកម្ពុជាទាក់ទងការអភិវឌ្ឍសមត្ថភាព SMEs ការចូលរួមតាំងពិព័រណ៍ និងការផ្គូរផ្គងឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២។
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោកស្រី Sarah Taylor បានឆ្លើយតបថា កាណាដានឹងជំរុញការចរចាពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើការសិក្សាការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះជាកិច្ចការស្របគ្នាជាមួយគោលនយោបាយពាណិជ្ជកម្មរបស់កាណាដា នៅក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើនពាណិជ្ជកម្មរបស់ខ្លួនជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រីអះអាងថា នឹងយកសំណើរបស់ក្រសួងពាណិជ្ជកម្មទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្ត្រីរបស់ខ្លួនឱ្យធ្វើការជាមួយកម្ពុជាឱ្យកាន់តែជិតស្និទ្ធ សំដៅនាំយក និងបង្កើតបានគម្រោងជាក់លាក់ក្រោមកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌ CTIF។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែកុម្ភៈថា ប្រទេសកាណាដា គឺជាទីផ្សារទទួលទិញផលិតផលវាយនភណ្ឌច្រើនពីកម្ពុជា ខណៈកន្លងមកការបណ្តាក់ទុនរបស់វិនិយោគិនកាណាដានៅកម្ពុជាហាក់មានចំនួនតិចតួចនៅឡើយ។ លោកបានបន្តថា បើសិនកម្ពុជាអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកាណាដានោះនឹងអាចមានវិនិយោគកាណាដាជាច្រើនចូលមកវិនិយោគនៅកម្ពុជា ខណៈច្បាប់វិនិយោគថ្មីនៅកម្ពុជាត្រូវបានគេដឹងថា មានលក្ខណៈអំណោយផលច្រើនសម្រាប់ការវិនិយោគ។
លោកនិយាយថា៖ «ក្រៅពីចំណុចខាងលើកម្ពុជាក៏ជាប្រទេសមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ មានកម្លាំងផលិតកម្មជំនាញ និងមានតម្លៃពលកម្មសមរម្យផងដែរ»។
ទិន្នន័យក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២១ ការនាំទំនិញពីប្រទេសកម្ពុជាទៅកាណាដាមានតម្លៃ ៧៩០ លានដុល្លារ កើនឡើង ៣១ ភាគរយពីចំនួន ៦០៤ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២០ និងការនាំទំនិញពីកាណាដាមកកម្ពុជាមានតម្លៃ ៣២ លានដុល្លារ ធ្លាក់ចុះ ៣៣ ភាគរយពីចំនួន ៤៨ លានដុល្លារ៕