ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្ថែមមូលនិធិចំនួន ១០០ លានដុល្លារទៅធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដើម្បីផ្តល់ការគាំទ្របន្ថែមដល់វិស័យសហគ្រាស ធុនតូច និងមធ្យមកម្ពុជា វិស័យកសិកម្ម និងវិស័យកសិឧស្សាហកម្ម។
ក្នុងពិធីផ្សព្វផ្សាយស្តីពីការបន្ថែមមូលនិធិសម្រាប់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី ១៤ ខែកុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកញ្ចប់មូលនិធិ ១០០ លានដុល្លារនេះ គឺសម្រាប់ការគាំទ្រដល់ ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ ១៩។
លោកបានបន្តថា កញ្ចប់ថវិកានេះគឺជាផ្នែកមួយនៃការជំរុញក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១ និងឆ្នាំ ២០២៣ ដែលរាជរដ្ឋាភិបាលទើបបានអនុម័ត និងដាក់ឱ្យអនុវត្តនាពេលថ្មីៗកន្លងទៅនេះ។
លោកបន្តថា នៅក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះដូចទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់ និងពិភពលោកដែរ ប្រទេសកម្ពុជាបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈមានភាពយឺតយ៉ាវ។ ជាក់ស្តែងក្នុងឆ្នាំ ២០២០ កន្លងទៅសេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១ ភាគរយ ដែលបណ្តាលមកពីការធ្លាក់ចុះនៃវិស័យសំខាន់ៗដូចជាទេសចរណ៍ សំណង់ អចលនទ្រព្យ ខណៈវិស័យកសិកម្មនៅរក្សាបានកំណើនវិជ្ជមាន។
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ទន្ទឹមគ្នានេះសហគ្រាសឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យមនៅក្នុងវិស័យសេវាកម្មក៏ទទួលរងនូវផលប៉ះពាល់ខ្លាំងផងដែរ។ យ៉ាងណាមិញសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២១ ត្រូវបានប៉ាន់ស្មានថា ងើបឡើងវិញបន្តិច ពោលគឺអាចសម្រេចបានក្នុងរង្វង់ ៣ ភាគរយ ដោយសារការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមទាំងស្រុងឡើងវិញចាប់ពីត្រីមាសទី ៤ នាឆ្នាំ ២០២១ ភាពប្រសើរឡើងសេដ្ឋកិច្ចសកល ព្រមទាំងកិច្ចអន្តរាគមន៍នានារបស់រដ្ឋាភិបាល។
ទោះបីយ៉ាងណា ការងើបឡើងវិញនៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងប្រទេសតាមរយៈការឆ្លងវីរុសបំប្លែងថ្មី «អូមីក្រុង» បានបង្កជាបញ្ហាប្រឈមមួយដែលអាចនឹងបន្ទុចបង្អាក់ការងើបឡើងវិញនូវសកម្មភាពពាណិជ្ជកម្ម ធុរកិច្ច និងបង្កឱ្យមានការភ័យខ្លាចដល់សាធារណជនផងដែរ។
លោកបន្តថា ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ មានគោលបំណងស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងក្នុងរយៈមធ្យមឱ្យត្រឡប់ទៅគន្លងនៃកំណើនជាសក្តានុពលនឹងពង្រឹងភាពធន់ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នក្នុងរយៈពេលវែង។ ដើម្បីសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសកម្មភាពអនុវត្តជាក់ស្តែងនៅក្នុងវិស័យជាច្រើន។
លោកថ្លែងថា៖ «សម្រាប់ថ្ងៃនេះថវិកា ១០០ លានដុល្លារនឹងត្រូវបានប្រើប្រាស់ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលជាវិស័យ ២ ដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិទាំងក្នុងការបង្កើតការងារ ក៏ដូចជាកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
បើតាម លោក អូន ព័ន្ធមុនីរ័ត្ន រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ពិសេសសហគ្រាសដែលស្ថិតនៅក្នុងវិស័យសំខាន់ៗដូចជាកសិកម្ម កសិឧស្សាហកម្ម កែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និងទេសចរណ៍ ជាដើមជាអាទិភាពគោលនយោបាយដ៏សំខាន់។ ជាការពិតសហគ្រាធុនតូច និងមធ្យម មិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការបង្កើតភាពធុនរបស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិនានាផងដែរ។ ជាក់ស្តែងសហគ្រាសធុនតូច និងមធ្យម មានប្រមាណ ៩៨ ភាគរយនៃអាជីវកម្មទាំងអស់នៅកម្ពុជានឹងបានចូលរួមចំណែកផលិតផលសរុបប្រមាណ ៥៨ ភាគរយ ព្រមទាំងផ្តល់ការងារ ៧៣ ភាគរយនៃចំនួនពលកម្មសរុបនៅកម្ពុជា។
លោកបន្ថែមទៀតថា ដើម្បីបន្តជួយគាំទ្រដល់ឥណទានក្នុងអត្រាការប្រាក់សម្បទានទៅសហគ្រាសធុនតូច និងមធ្យម និងដល់វិស័យកសិកម្ម រដ្ឋាភិបាលបានសម្រេចបន្ថែម ៥០ លានដុល្លារដល់ធនាគារសហគ្រាសធុនតូច និងមធ្យម សម្រាប់បន្តគម្រោងគាំទ្រសហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី ២។ ដោយឡែកថវិកា ៥០ លានដុល្លារផ្សេងទៀតក៏ត្រូវបានផ្តល់ជូនធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មសម្រាប់កម្មវិធីហិរញ្ញប្បទានពិសេសដែលក្នុងនោះថវិកា ១០ លានដុល្លារនឹងត្រូវប្រើប្រាស់ក្នុងវិស័យស្រូវអង្ករ និង ៤០ លានដុល្លារទៀតនឹងប្រើប្រាស់សម្រាប់ការផ្តល់ហិរញ្ញប្បទានផ្ទាល់ ៥០ ភាគរយ និងកម្មវិធីហិរញ្ញប្បទានចែករំលែកជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ៥០ ភាគរយសំដៅដល់ការគាំទ្រអនុវត្តវិស័យផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការច្នៃកសិកម្មជាដើម។
លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់គ្រប់វិស័យជាមួយគ្នានេះវិស័យ សហគ្រាសធុនតូច និងមធ្យមកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ខ្លាំង ដូច្នេះបានជារាជរដ្ឋាភិបាលគិតគូរក្នុងការផ្តល់ហិរញ្ញប្បទាន ដើម្បីធ្វើយ៉ាងណាឱ្យវិស័សហគ្រាសធុនតូច និងមធ្យមកម្ពុជាអាចដំណើរការ និងបន្តអាជីវកម្មរបស់ខ្លួនបាន។
លោកបន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ ២០២០ រដ្ឋាភិបាលបានបង្កើតសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមក្នុងដំណាក់កាលទី ១ ដែលមានទឹកប្រាក់ចំនួន ១០០ លានដុល្លារដោយក្នុងនោះ ៥០ លានដុល្លារជាថវិការបស់រដ្ឋ និង ៥០ លានដុល្លារទៀតពីវិស័យឯកជន។ ជំហានទី ១ សហគ្រាសដែលមកទទួលសហហិរញ្ញាប្បទាននេះមានចំនួន ៧៥៣ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ត ៣៣។
បន្ទាប់ពីការដាក់ចេញគម្រោងទី ១ មានការចាប់អារម្មណ៍ច្រើន ទំហំទឹកប្រាក់ចំនួន ១០០ លានដុល្លារដែលបានដាក់ចេញនេះ គឺនៅមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់វិស័យ SMEs ហើយជំងឺកូវីដ ក៏បានបន្តដល់ឆ្នាំ ២០២១។ ជាមួយគ្នានេះធនាគារ SME ក៏បានបញ្ចេញថវិកា ២០ លាន និងឯកជន ២០ លានដុល្លារទៀត។ ដូច្នេះសរុប ៧០ លានដុល្លារពីខាងរដ្ឋ និង ៧០ លានដុល្លារពីវិស័យឯកជន សរុបចំនួន ១៤០ លានដុល្លារ។
លោកបន្តទៀតថា ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏ផ្តល់ហិរញ្ញប្បទានបន្ថែមលើគម្រោងទី ២ សហហិរញ្ញប្បទានដែលមាន ៥០ លានដុល្លារពីរាជរដ្ឋាភិបាល និង ៥០ លានដុល្លារពីវិស័យឯកជន។
លោកថ្លែងថា៖ «ដូច្នេះគម្រោងទី ១ ប្រាក់អស់លឿន។ ឥឡូវយើងដាក់ថែម ១០០ លានដុល្លារទៀតពីខាងរដ្ឋ និង ៥០ លានដុល្លារវិស័យឯកជន។ សរុបទាំងអស់ ២៤០ លានដុល្លារក្នុងការលើកស្ទួយវិស័យ SMEs»។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បាននិយាយថា គោលដៅក្នុងការប្រើប្រាស់កញ្ចប់ថវិកាចំនួន ៥០ លានដុល្លារបន្ថែមនេះនឹងផ្តោតសំខាន់ទៅលើវិស័យកសិកម្មដែលមានដូចជាការដាំដុះ វារីវប្បកម្ម និងការកែច្នៃ ផលិតកម្ម ការកែច្នៃកសិកម្ម និងវិស័យស្រូវអង្ករ៕ LA