ភ្នំពេញៈ ភាគីពាក់ព័ន្ធជំរុញឱ្យមានការប្រែក្លាយ និងធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យទៅជាវិស័យមួយដែលមានថាមពល និងការលូតលាស់ខ្ពស់ ដើម្បីជួយពន្លឿនការស្តារឡើងវិញ ការកាត់បន្ថយភាពក្រីក្រ និងការលូតលាស់ប្រកបដោយបរិយាប័ន្នព្រមទាំងរួមចំណែកដល់ការធ្វើពាណិជ្ជកម្ម និងសន្តិសុខស្បៀង។
នៅក្នុងកិច្ចប្រជុំស្តីពីកសិកម្មប្រកបដោយនិរន្តរភាពកាលពីថ្ងៃទី ១០ ខែកុម្ភៈ លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនសាជីវកម្មកសិកម្ម-កម្ពុជា (CACC) បានលើកឡើងថា ការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា គឺជារបៀបវារៈសំខាន់មួយសម្រាប់ប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «ការផ្លាស់ប្តូរពីប្រទេសមានប្រាក់ចំណូលទាបទៅជាប្រទេសមានប្រាក់ចំណូលមធ្យម ត្រូវតែសម្រេចបានតាមរយៈការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពនូវប្រព័ន្ធអេកូឡូស៊ីកសិកម្ម ប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងបរិយាប័ន្ន»។
បើតាមលោក ម៉ី កល្យាណ ចក្ខុវិស័យរបស់រដ្ឋាភិបាលចំពោះវិស័យកសិកម្មក្នុងការជំរុញការធ្វើពិពិធកម្មដំណាំដែលមានតម្លៃខ្ពស់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការផ្គត់ផ្គង់ស្បៀងក្នុងអំឡុងពេលជំងឺរាតត្បាតនេះ គឺពិតជាត្រឹមត្រូវ។
លោកនិយាយថា៖ «កសិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យកសិពាណិជ្ជកម្មរបស់យើងកំពុងត្រៀមខ្លួនរួចរាល់ដើម្បីយកឈ្នះលើបញ្ហាប្រឈមនៃការងើបឡើងវិញនៃសេដ្ឋកិច្ច និងត្រៀមដាក់សេដ្ឋកិច្ចរបស់យើងជាកម្លាំងពាក់ព័ន្ធសម្រាប់ផលិតកម្ម និងពាណិជ្ជកម្ម ស្បៀងអាហារប្រកបដោយនិរន្តរភាពទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារពិភពលោក»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា បាននិយាយថា ចក្ខុវិស័យរបស់កម្ពុជា គឺប្រែក្លាយទៅជាប្រទេសដែលមានសន្តិសុខស្បៀង មានភាពធន់ជាមួយនឹងកសិករដែលរីកចម្រើន និងកសិពាណិជ្ជកម្មដែលមានដៃគូជាមួយរដ្ឋាភិបាល។
លោកបន្ថែមថា៖ «ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះតម្រូវឱ្យមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងចំណោមភាគីពាក់ព័ន្ធក្នុងវិស័យកសិជលផល ដែលដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីបន្តផ្តល់អំណាចដល់សហគ្រិនកសិកម្ម និងវិស័យឯកជនក្នុងការបង្កើនផលិតភាព និងផលចំណេញកសិកម្ម ដោយគិតគូរពីនិរន្តរភាព ភាពធន់ និងការការពារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ»។
លោក សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា គំរូនៃការផ្លាស់ប្ដូទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការឆ្លើយតបនឹងឱកាសទីផ្សារក្នុងស្រុក និងពិភពលោកដែលកំពុងរីកចម្រើន។ ទន្ទឹមនឹងនេះវាក៏ជួយបង្កើតការងារ បង្កើនប្រាក់ចំណូលរបស់កសិករ និងធានានូវតម្រូវការសន្តិសុខស្បៀងរបស់កម្ពុជា និងឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៃការប្រែប្រួលអាកាសធាតុ។
លោកបន្តថា ភាគីពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំបានគាំទ្រឱ្យមានគម្រោងកាន់តែច្រើនទៀត ដើម្បីជួយលើកកម្ពស់ផលិតភាពកសិកម្ម ភាពធន់ និងលទ្ធភាពទទួលចូលទៅកាន់ទីផ្សាររបស់កសិករនៅក្នុងដែនបុព្វបុរសដែលបានជ្រើសរើសក្នុងសហគមន៍ភូមិភាគកណ្តាល និងភូមិភាគខាងជើងនៃប្រទេសដែលជាបណ្តុំនៃកសិករខ្នាតតូច។
លោកថ្លែងថា៖ «អ្វីដែលសំខាន់គឺយើងចង់ឃើញការយកចិត្តទុកដាក់ទៅលើបរិយាប័ន្ន និរន្តរភាព និងការអនុវត្តពាណិជ្ជកម្មប្រកបដោយក្រមសីលធម៌នៅក្នុងខ្សែចង្វាក់តម្លៃទាំងមូល និងលើកកម្ពស់គ្រាប់ពូជដែលធន់នឹងអាកាសធាតុ ការការពារបរិស្ថាន និងការថែរក្សាជីជាតិដីតាមរយៈមធ្យោបាយធម្មជាតិ»។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ Oxfam បានលើកឡើងថា កសិកម្មប្រកបដោយនិរន្តរភាព បច្ចេកវិទ្យាកសិកម្ម កសិកម្មវៃឆ្លាត និងហិរញ្ញប្បទានបៃតងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់ស្ត្រីដែលកំពុងធ្វើការក្នុងខ្សែចង្វាក់ផ្គត់ផ្គង់កសិកម្ម។
លោកស្រីថ្លែងថា៖ «អង្គការ Oxfam ស្វាគមន៍កិច្ចសហការពីវិស័យឯកជន និងរដ្ឋ ដែលមានវត្តមានក្នុងកិច្ចប្រជុំពីកសិកម្មប្រកបដោយនិរន្តរភាព»។
កសិករខ្នាតតូចដែលបានចូលរួមក្នុងកិច្ចប្រជុំស្តីពី កសិកម្មប្រកបដោយនិរន្តរភាពនេះបានលើកឡើងថា នៅមានតម្រូវការសម្រាប់សហគមន៍កសិកម្ម ដែលរដ្ឋាភិបាលគួរកែលម្អដើម្បីឱ្យកសិករខ្នាតតូចអាចទទួលបាននូវធាតុចូលកាន់តែប្រសើរ ហិរញ្ញប្បទានសមរម្យសម្រាប់ការវិនិយោគ និងទីផ្សារសម្រាប់ផលិតផល។
យន្តការផ្តល់ហិរញ្ញប្បទានដែលមានភាពបត់បែន និងតម្លៃសមរម្យគឺពិតជាចាំបាច់សម្រាប់ការផ្តល់ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគាររបស់រដ្ឋ ដែលអាចផ្តល់លទ្ធភាពឱ្យសហគមន៍កសិកម្ម និងពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការកែច្នៃផលិតផល អាចទិញនូវអ្វីដែលកសិករបានផលិត គឺជាអត្ថប្រយោជន៍ណាស់ ព្រោះវាអាចផ្តល់ឱ្យកសិករនូវជម្រើសកាន់តែប្រសើរ និងលើកទឹកចិត្តដល់វិស័យឯកជននៅខាងដើមនៃខ្សែចង្វាក់តម្លៃ (ផ្នែកធាតុចូល និងសេវាកម្មកសិកម្ម) និងខាងចុងនៃខ្សែចង្វាក់តម្លៃ (ផ្នែកកែច្នៃ និងទីផ្សារ)។ ដំណើរការនេះអាចជួយកសិករភ្ជាប់ទៅទីផ្សារ និងឱកាសពាណិជ្ជកម្មនានា៕ LA