ភ្នំពេញៈ តម្លៃ​ប្រេង​ហក់​ឡើង​ជាង ៤,៤ ​ភាគរយ​រហូតដល់ ៤ ៧០០ ​រៀល​ក្នុង​ ១ ​លីត្រ ដែល​គិត​រហូតដល់​ដំណាច់ខែ​កុម្ភៈ​នៅលើ​ទីផ្សារ​លក់រាយ​កម្ពុជា​បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ប្រកបរបរ​ក្នុង​កិច្ចការ​ដឹកជញ្ជូន​ដែលជា​អ្នកប្រើប្រាស់​ផ្ទាល់​នូវ​ប្រេងសាំង​ជា​​ចាំបាច់​មាន​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ប្រាក់ចំណូល​ដែល​រង​ផលប៉ះពាល់​ដោយសារ​ការរីករាល​ជំងឺ​កូវីដ ១៩ អស់​រយៈពេល​ជាង ​២ ​ឆ្នាំ​រួចទៅហើយ​។

តម្លៃ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​ ១៦-២៨ ខែកុម្ភៈ​បាន​បន្ត​ឡើងថ្លៃ ២០០ ​រៀល​ថែមទៀត​ដោយ​កើន​ដល់ ៤ ៧០០ ​រៀល​ក្នុង​ ១ ​លីត្រ​សម្រាប់​សាំង​ធម្មតា និង ៤ ៤៥០ ​រៀល​សម្រាប់​ប្រេង​ម៉ាស៊ូត​។ នេះ​បើតាម​ការ​ក្រសួងពាណិជ្ជកម្ម​ដែលជា​ស្ថាប័ន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​នាំចូល​ប្រេង និង​លក់​ប្រេង​។

ដោយសារ​ការបន្ត​ឡើងថ្លៃ​ឥតឈប់ឈរ​នេះ ពលរដ្ឋ​ភាគច្រើន​បាន​ត្អូញត្អែរ ដោយសារ​ការចំណាយ​លើ​មធ្យោបាយ​ដឹកជញ្ជូន​កាន់តែ​ខ្ពស់ ហើយ​ពលរដ្ឋ​ដែល​ជួប​ការលំបាក​ខ្លាំងជាងគេ​ភាគច្រើន​ប្រកបរបរ ដឹកជញ្ជូន​ដូចជា អ្នក​ដឹក​អីវ៉ាន់​តាម​អនឡាញ អ្នករត់ម៉ូតូឌុប អ្នករត់​រ៉ឺម៉ក​កង់​បី និង​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ជាដើម​។

លោក ចាន់ សាមឿន ប្រកបរបរ​រត់​ម៉ូតូឌុប​នៅក្បែរ​ផ្សារ​ទួលសង្កែ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី ​១៦ ខែកុម្ភៈ​ថា ចាប់តាំងពី​តម្លៃ​ប្រេងសាំង​ឡើង​លើស ៤ ០០០​ រៀល​មក ការចំណាយ​លោក​បាន​កើនឡើង ខណៈ​ដែល​ចំណូល​វិញ​នៅ​ដដែល និង​ថ្ងៃ​ខ្លះ​ថយចុះ​ថែមទៀត​។

លោក​បាន​រៀបរាប់ថា កាលពី​មុន តម្លៃ​ប្រេងសាំង​មិនទាន់​ឡើង​ខ្លាំង លោក​អាច​រកចំណូលបាន​ចន្លោះ​ពី​ ៤ ទៅ​ ៥​ ម៉ឺន​រៀល ក្រោយ​ទូទាត់​ចំណាយ​ថ្លៃ​សាំង​រួច ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សាំង​ឡើងថ្លៃ​ឥតឈប់ ស្របពេល​មិនសូវមាន​អ្នកដំណើរ​ជិះ​នោះ​ទេ ដោយសារ​ជំងឺ​កូវីដ-១៩ ចាប់ផ្តើម​រាតត្បាត​ឡើងវិញ​ទៀត​ដែល​បានធ្វើ​គ្រួសារ​របស់លោក ដែល​សមាជិក ​៥ ​នាក់​ត្រូវ​កាត់បន្ថយ​ការចំណាយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​សាំង​ឡើងថ្លៃ​រហូត​បែបនេះ បើ​នៅ​បន្ត​ឡើង​ទៀត ខ្ញុំ​ប្រហែលជា​រក​ការងារ​សំណង់​ធ្វើ​វិញ​ហើយ ព្រោះ​សព្វថ្ងៃ​សាំង​ឡើងថ្លៃ​ខ្លាំង តែ​តម្លៃ​ដឹក​នៅ​ដដែល ហើយ​ក៏​មិនសូវមាន​អ្នកជិះ​ដែរ គេ​ខ្លាច​កូវីដ​។ ខ្ញុំ​ត្រូវ​ចិញ្ចឹម​ប្រពន្ធ និង​កូន ៣ ​នាក់ សុទ្ធតែ​នៅ​រៀន​ដោយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ម្ហូប ថ្លៃ​ផ្ទះជួល ថ្លៃ​ទឹកភ្លើង បើ​រកបាន​មួយថ្ងៃ​ ២-៣ ​ម៉ឺន តើ​ខ្ញុំ​សង្ឃឹម​អី​!»​។

អ្នករត់​រ៉ឺម៉ក​កង់បី​ខ្មែរ​ម្នាក់ទៀត ដែល​ចត​នៅក្បែរ​ច្រកចូល​ផ្សារ​ទួលសង្កែ​ដែរ លោក សឿន សុភាព និយាយថា ឥឡូវនេះ​គេ​និយម​ជិះ​កង់​បី​ឥណ្ឌា​ជាង ព្រោះ​ធូរថ្លៃ ដោយសារ​ប្រើ​ហ្គាស ខណៈ​ដែល​កង់បី​របស់​ខ្មែរ​ត្រូវ​ប្រើ​សាំង ដូចនេះ​ភាគច្រើន​លោក​ដឹកទំនិញ​ដូចជា​ផ្លែឈើ និង​បន្លែ​ជាដើម​។

លោក សុភាព បាន​អះអាងថា​៖ «​បើ​សាំង​ឡើង​រហូត​បែបនេះ​ខ្ញុំ​មិនដឹង​អាច​ទប់ទល់​នឹង​ការចំណាយ​បាន​ទៀត​ឬ​អត់​ទេ ព្រោះ​ឥឡូវ​ដឹក​បាន​អីវ៉ាន់​តិចតួច នេះ​សំណាង​ខ្ញុំ​មិន​ជួល​ផ្ទះ​គេ​នៅ ព្រោះ​យប់​ឡើង​ខ្ញុំ​គេង​លើ​កង់​បី​ហ្នឹង បើ​មិន​អ៊ីចឹង​ទេ មិនដឹង​មាន​លុយ​ឯណា​ផ្ញើ​ទៅ​ប្រពន្ធ​កូន​នៅ​ស្រុក​ទេ​»​។

ងាក​ទៅ​អ្នក​ប្រកបរបរ​បើករថយន្ត​ឈ្នួល​នៅក្បែរ​រង្វង់មូល​ជ្រោយចង្វារ​វិញ លោក វណ្ណដេ ដែល​បាន​ចាប់​អាជីព​នេះ​ជិត​ ១០​ ឆ្នាំ​មក​នោះ បាន​ប្រាប់ថា​រថយន្ត​របស់​លោក​បាន​ដឹក​អ្នកដំណើរ និង​ទំនិញ​ពី​ភ្នំពេញ​ទៅ​កំពង់ចាម​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ថ្ងៃ​ខ្លះ គ្មាន​អ្នកជិះ​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​ថ្ងៃ​ខ្លះ​ខ្ញុំ​ចេញ​ឡាន​ទទេ គ្មាន​ម៉ូយ​ទេ ហើយ​ថ្ងៃ​ខ្លះ​ដឹក​អីវ៉ាន់​បាន​តិចតួច ដល់​ពេល​សាំង​ឡើង​បែបនេះ​ទៀត មើល​ទៅ​មាន​តែ​ផ្អាក​រត់​សិន ទៅ​ធ្វើ​ស្រែ​វិញ ចាំ​សាំង​ចុះថ្លៃ​បន្តិច​ចាំ​រត់​វិញ​»​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា លោក ស៊ិន ចន្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ប្រេងឥន្ធនៈ​ឡើងថ្លៃ​នេះ មិន​ត្រឹម​ជា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​ដឹកជញ្ជូន​ទេ តែ​ប្រជាពលរដ្ឋ​ទូទៅ​ក៏​ជួប​បញ្ហា​នេះដែរ​។

លោក​និយាយថា​៖ «​ថ្វីដ្បិត​តែ​ប្រេងឥន្ធនៈ​ឡើងថ្លៃ ប៉ុន្តែ​តម្លៃ​នៃ​ការដឹកជញ្ជូន​ពី​ខាង​សមាគម​មិនមាន​ការឡើង​ថ្លៃ​ឡើយ ពោលគឺ​នៅ​តម្លៃ​ដដែល ដែល​បានធ្វើឱ្យ​ចំណូល​ធ្លាក់ចុះ ដោយសារ​ការចំណាយ​ទៅលើ​ឥន្ធនៈ​ច្រើនជាង​មុន​»​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កន្លងទៅ​សម្តេច​តេជោ បានអនុញ្ញាត​ផ្តល់​ការឧបត្ថម្ភធន ៤ ​សេន​ដុល្លារ​ក្នុង​ ១ ​លីត្រ ក្រសួង​បាន​អនុវត្ត​ជា​ហូរហែ​មក ក្រៅពីនេះ ក្រសួង​ពាណិជ្ជកម្ម​នឹង​បន្ត​ប្រឹងប្រែង​ពិនិត្យ និង​តាមដាន បើ​សភាព​នៅតែ​មិនល្អ ដោយ​តម្លៃ​នៅតែ​ឡើង​ក្រសួង​នឹង​បើក​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​។

លោក​បញ្ជាក់ថា​៖ «​វិធានការ​តទៅ​មុខទៀត គឺ​យើង​មិនមែន​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​នេះឡើយ កាលណា​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ដល់​ដំណាក់កាល​ដែល​យើង​ត្រូវ​ជជែក​ជាមួយ​វិស័យ​ឯកជន យើង​នឹង​រៀបចំ ដើម្បី​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ធ្វើយ៉ាងណា​ដើម្បី​សម្រួល​ថា ខាង​ភាគី​ឯកជន​អាច​ទទួលយកបាន​ហើយ​ពលរដ្ឋ​អាចមាន​ប្រេង​ប្រើប្រាស់​បាន​»​។

លោក​បាន​អះអាង​ថា កម្ពុជា​ចៀស​មិន​ផុតពី​បញ្ហា​តម្លៃ​ប្រេងឥន្ធនៈ​ប្រែប្រួល​នោះទេ ដោយសារ​តែ​ជា​ប្រទេស​នាំចូល​ប្រេង ដូចនេះ​ត្រូវតែ​ពឹង​ផ្អែកលើ​តម្លៃ​ប្រេង​អន្តរជាតិ​។ លោក​និយាយថា​៖ «​ពេលណា​តម្លៃ​ប្រេង​អន្តរជាតិ​ឡើងថ្លៃ យើង​ក៏ត្រូវ​ឡើង​ដូចគ្នា​ដែរ​។ ម្យ៉ាងវិញទៀត ការឡើងថ្លៃ​នេះ​មិនមែន​តែ​កម្ពុជា​ទេ គ្រប់​ប្រទេស​ដែល​នាំចូល​ប្រេង ដូចជា ថៃ​និង វៀតណាម ក៏​ឡើង​ដូចគ្នា​»៕ LA

វីដេអូ៖