ភ្នំពេញៈ កម្ពុជា-ហុងគ្រីបានបើកកិច្ចពិភាក្សាធុរកិច្ចជាលើកដំបូងជាមួយគ្នា ដើម្បីជំរុញភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ខណៈកាលពីឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់ត្រឹមតែជាង ៥ លានដុល្លារប៉ុណ្ណោះ។
ជំនួបធុរកិច្ចលើកទី១ រវាងកម្ពុជា-ហុងគ្រី ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្មក្នុងគោលបំណងផ្តល់ឱកាសឱ្យធុរជន និងវិនិយោគិនប្រទេសទាំង ២ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ជំនួបធុរកិច្ចទ្វេភាគីនេះគឺឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងការជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ហុងគ្រីឱ្យកាន់តែល្អ ស្របតាមស្មារតីកិច្ចប្រជុំលើកទី ១ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-ហុងគ្រី កាលពីថ្ងៃទី ២០-២១ មករា ឆ្នាំ ២០២១។
លោករដ្ឋមន្ត្រីឱ្យដឹងទៀតថា កម្ពុជាបានត្រៀមខ្លួនរួចហើយក្នុងការស្វាគមន៍ និងសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគដល់ធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា កម្ពុជា-ហុងគ្រី គឺជាមិត្តយូរឆ្នាំមកហើយ ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ចនៅមានកម្រិតតិចតួចនៅឡើយ ដោយសារប្រជាជនប្រទេសហុងគ្រីមានត្រឹមតែ ៥-៦ លាននាក់ប៉ុណ្ណោះ ដូចនេះទីផ្សារនៅតូច។
ទោះយ៉ាងណា លោកបន្ថែមថា ថ្វីដ្បិតមានទីផ្សារតូច ប៉ុន្តែវិនិយោគិនកម្ពុជាបានសម្លឹងឃើញពីសក្តានុពលនៃប្រទេសហុងគ្រី ដែលជាប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុប។
អនុប្រធានសភាពាណិជ្ជកម្មរូបនេះបានបញ្ជាក់ថា៖ «យើងបានបង្ហាញពីសក្តានុពល និងកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាច្រើន ដែលយើងទទួលបានក៏ដូចជា EBA និង GSP ដែលយើងនៅមានដើម្បីទាញអ្នកវិនិយោគហុងគ្រីឱ្យមកវិនិយោគនៅកម្ពុជា ជាពិសេសវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរ, ទេសចរណ៍, កសិកម្ម ខណៈប្រទេសហុងគ្រី ក៏ស្វាគមន៍ អ្នកវិនិយោគកម្ពុជាផងដែរ»។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ផ្នែកកាត់ដេរស្បែកជើងរំពឹងថាអាចនឹងចាប់យកទីផ្សារហុងគ្រីបានពី ២០-៣០ ភាគរយ។ លោកបន្តថា ទីផ្សារហុងគ្រីនឹងអាចទទួលយកផលិតផលស្បែកជើងផលិតនៅកម្ពុជា ខណៈផលិតស្បែកជើងកម្ពុជា ក៏កំពុងនាំចេញទៅទីផ្សារ អាមេរិក អឺរ៉ុប កាណាដា រួចហើយ និងត្រូវបានគេទទួលស្គាល់គុណភាពផងដែរ។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា ឆ្លងកាត់ជំនួបនេះ វិនិយោគិនប្រទេសទាំង ២ នឹងបង្កើនទំនាក់ទំនងជាមួយគ្នាថែមទៀត ដោយរដ្ឋាភិបាលប្រទេសទាំង ២ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជំនួបលើកនេះ។ ដូចនេះភាគីទាំង ២ នឹងបន្តកិច្ចពិភាក្សាបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាជំរុញការធ្វើពាណិជ្ជកម្មឱ្យមានកំណើនជាងឆ្នាំកន្លងទៅ»។
នៅក្នុងជំនួបធុរកិច្ចលើកទី ១ ប្រទេសកម្ពុជា និងហុងគ្រីបានផ្តោតសំខាន់លើវិស័យសក្តានុពលចំនួន ៦ រួមមាន កសិកម្ម និងផលិតផលកសិកម្ម,បច្ចេកវិទ្យា ធារាសាស្ត្រ និងបរិស្ថាន,ការកែច្នៃ និងសុវត្ថិភាពម្ហូបអាហារ,សេវាកម្មទេសចរណ៍, ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងផលិតផលកម្មន្តសាល៕ LA