ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម HLH Agriculture (Cambodia) Limited ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hong Lai Huat Group Limited របស់ប្រទេសសិង្ហបុរីបានប្រកាសបើកសម្ពោធមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) របស់ខ្លួនក្នុងខេត្តកំពង់ស្ពឺ ព្រមជាមួយនឹងការចុះអនុស្សរណៈជាមួយសហព័ន្ធផលិតកម្មសិង្ហបុរី Singapore Manufacturing Federation (SMF) ដើម្បីជួយជំរុញទាក់ទាញវិនិយោគិននៅក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុននៅទីនោះផងដែរ។
CSAH មានផ្ទៃដីប្រមាណ ១០ ០០០ ហិកតា ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសបើកសម្ពោធកាលពីរាត្រីថ្ងៃទី ១៨ ខែកុម្ភៈ ដោយមានការចូលរួមពីអ្នកវិនិយោគធំៗជាច្រើន ពិសេសមកពីប្រទេសសិង្ហបុរី។ គម្រោងនេះត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីនៅប្រទេសសិង្ហបុរី Swan & Maclaren ដោយ បានបែងចែកដីជា ១៦ តំបន់ផ្សេងៗគ្នារួមមានដូចជា តំបន់សម្រាប់ការធ្វើកសិកម្ម, ចិញ្ចឹមសត្វ, ផលិតចំណីសត្វ, ដីសម្រាប់ឯកជន, កន្លែងស្នាក់នៅរួម, មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, រុករករ៉ែ, ឧស្សាហកម្ម, ថាមពលអគ្គិសនី (សូឡា) និងផលិតគ្រឿងសំណង់ជាដើម។
លោក Ryan Ong Jia Ming តំណាងក្រុមហ៊ុន HLH Agriculture (Cambodia) Limi-ted បាននិយាយថា ក្រោមការរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម Swan & Maclaren មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) គឺជាកន្លែងដ៏ល្អដែលនឹងគ្របដណ្តប់តំបន់សំខាន់ៗសម្រាប់បម្រើវិស័យកសិកម្ម ការរស់នៅ និងការធ្វើអាជីវកម្ម។ ការអភិវឌ្ឍគម្រោងនេះនឹងត្រូវធ្វើឡើង ៣ ដំណាក់កាល។ លោកបន្ថែមថា ផ្នែកដ៏ល្អនៃមជ្ឈមណ្ឌលនេះក៏នឹងត្រូវបានបម្រុងទុកសម្រាប់តំបន់ចំហ តំបន់បៃតង អាងស្តុកទឹក និងផ្លូវ សម្រាប់មធ្យោបាយដឹកជញ្ជូន ដោយផ្លាស់ប្តូរឱ្យទៅជាទីក្រុងអេកូកសិកម្ម ឈានមុខគេនៅកម្ពុជា។
លោកថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុនដែលចុះបញ្ជីមកពីប្រទេសសិង្ហបុរី Hong Lai Huat Group Limited ជា ក្រុមហ៊ុនដែលមានបទពិសោធយូរឆ្នាំនៅក្នុងទីផ្សារអចលនទ្រព្យខ្នាតធំ និងការអភិវឌ្ឍ អចលនទ្រព្យនៅសិង្ហបុរី និងប្រទេសកម្ពុជា។ យើងមានការប្តេជ្ញាចិត្តក្នុងការនាំយកជំនាញ និងវិជ្ជាជីវៈកម្រិតខ្ពស់ដល់ការអភិវឌ្ឍនៅកម្ពុជា។ ដូច្នេះមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរីត្រូវបានរៀបចំយ៉ាងពិសេសជាមួយនឹងការដាក់សម្រាប់ប្រើប្រាស់ និងការធ្វើអាជីវកម្ម ឬជំនួញផ្សេងៗ»។
ក្នុងឱកាសពិធីបើកសម្ពោធមជ្ឈមណ្ឌល CSAH នេះក៏មានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន Hong Lai Huat Group Limited ជាមួយនឹងសហព័ន្ធផលិតកម្មសិង្ហបុរី (SMF) តាមរយៈប្រព័ន្ធអនឡាញផងដែរ។ គោលបំណង MoU នេះគឺដើម្បីជួយបង្កើន និងលើកកម្ពស់វិស័យកសិកម្ម និងឱកាសវិនិយោគដល់ធុរកិច្ចក្នុងប្រទេសសិង្ហបុរី សម្រាប់មជ្ឈមណ្ឌល CSAH ផងដែរ។
ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Hong Lai Huat Group Limited លោក លេង ឃាង បាននិយាយថា បន្ទាប់ពីទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុនបានធ្វើការ ឈូសឆាយដី និងរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងទឹក ព្រមទាំងបានដាំដំឡូងមី និង បង្កើតជារោងចក្រសម្រាប់កែច្នៃដំឡូងមីជាម្សៅនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបានមួយចំនួនរួចហើយ។ CSAH គឺជាគម្រោងវិនិយោគផ្នែកកសិ-កម្ម និងពាណិជ្ជកម្មចម្រុះឈានមុខគេនៅកម្ពុជា ដោយគម្រោងនេះត្រូវបានរៀបចំបែងចែកជាតំបន់សំខាន់ៗចំនួន ១៦ ផ្សេងគ្នាសម្រាប់ផ្តល់ជាជម្រើសដល់អ្នកវិនិយោគតាមប្រភេទនៃអាជីវកម្មរបស់ពួកគេ។
លោកបន្ថែមថា៖ «យើងចង់ទាញអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេស ពិសេសសិង្ហបុរីឱ្យចូលមកបណ្តាក់ទុននៅទីនោះឱ្យបានច្រើន ខណៈបច្ចុប្បន្នក្រុមហ៊ុនបានរៀបចំទីតាំង និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានស្ទើររួចរាល់ហើយ។ គិតមកដល់ពេលនេះក្រុមហ៊ុនបានបញ្ចេញថវិកាអស់ជាង ៣០ លានដុល្លារហើយលើការសិក្សា និងការរៀបចំផ្សេងៗលើទីតាំងនេះ»។
លោកបន្ថែមថា ទីតាំងរបស់ CSAH គឺមានភាពអំណោយផលគ្រប់ផ្នែកទាំងកត្តាអាកាសធាតុ បរិស្ថាន និងការដឹកជញ្ជូន ព្រោះនៅជិតផ្លូវជាតិសំខាន់ៗដូចជាផ្លូវជាតិលេខ ៣, ៤, ៤១, ៤៤ និង ៥១។
យោងតាមលោក លេង ឃាង ប្រសិនបើមិនមានឧបសគ្គណានោះ គម្រោង CSAH អាចនឹងសម្រេចទៅតាមផែនការគ្រោងទុកក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ខណៈបច្ចុប្បន្ននៅទីតាំងរបស់ CSAH មានកម្មករកំពុងបម្រើការជាង ៤០០ នាក់។
មជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរី (CSAH) គឺជាគម្រោងអភិវឌ្ឍន៍ធំទី ៣ នៅកម្ពុជារបស់ Hong Lai Huat Group Limited បន្ទាប់ពីគម្រោងទី ១ ដែលមានឈ្មោះ D''seaview នៅក្នុងក្រុងព្រះសីហនុ និងទី ២ គម្រោងវិនិយោគខុនដូ Royal Platinum ជាមួយក្រុមហ៊ុន Royal Group៕ LA