ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចាយថវិកាសន្សំរបស់រដ្ឋអស់ជាង ២១២៧ លានដុល្លារចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ ១៩។
ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២២ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ថវិកាជាង ២ ១២៧ លានដុល្លារត្រូវបានដកចេញពីប្រាក់សន្សំជាង ៣ ៥០០ លានដុល្លារដែលរដ្ឋាភិបាលកម្ពុជាបានសន្សំទុក ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់។ ដោយក្នុងនោះកាលពីឆ្នាំ ២០២០ រដ្ឋគ្រោងនឹងចាយប្រាក់សន្សំប្រមាណ ១ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិកូវីដ ១៩ ប៉ុន្តែចំណាយអស់ត្រឹម ២៤៦ លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែក្នុងឆ្នាំ ២០២១ រដ្ឋចំណាយលើសវិញដោយដំបូងគ្រោងនឹងចាយថវិកាជាង ៨០០ លានដុល្លារ ប៉ុន្តែជាក់ស្តែងចាយអស់ដល់ទៅ ១ ៣៨១ លានដុល្លារឯណោះ ខណៈឆ្នាំ ២០២២ រដ្ឋគ្រោងនឹងដកលុយសន្សំ ៥០០ លានដុល្លារបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០២២ នេះនឹងត្រូវចំណាយកាន់តែច្រើន ខណៈដែលធនធានកាន់តែស្តួចស្តើង ដោយសារតែកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានត្រូវចំណាយ ៤០-៥០ លានដុល្លារ ខណៈការបោះឆ្នោតឃុំសង្កាត់ត្រូវចំណាយប្រហែល ៧០ លានដុល្លារទៀត»។
លោកបន្ថែមថា ដើម្បីទប់ទល់នឹងការចំណាយដូចនេះ ផ្នែករកចំណូលដូចជា គយ និងពន្ធដារត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាព ខណៈការចំណាយចរន្តរបស់រដ្ឋក៏ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ដែរ។
បែបនេះក្តីរដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច នៅតែមានសុទិដ្ឋិនិយមថា យ៉ាងហោចណាស់ ក៏កម្ពុជាមិនចាំបាច់ខ្ចីលុយពីបរទេសដែរ ព្រោះជាទូទៅប្រទេសមួយចំនួន មិនមានថវិកាសន្សំដូចកម្ពុជាទេ ដែលទាមទារឱ្យខ្ចីពីបរទេស ដើម្បីទប់ទល់វិបត្តិ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ថវិកាសន្សំរបស់រដ្ឋកាន់តែថមថយនេះ គឺជាហានិភ័យមួយ ខណៈជំងឺកូវីដ ១៩ នៅតែបន្តការរាតត្បាតនៅឡើយ។ លោកបន្ថែមថា ជាធម្មតា នៅពេលដែលចំណូលត្រូវបានកាត់បន្ថយ ហើយចំណាយកាន់តែច្រើន គឺអាចមានបញ្ហា ខណៈដែលបញ្ហាផ្សេងទៀតដូចជា អតិផរណា និងប្រេងឥន្ធនៈឡើងថ្លៃជាដើម ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវស្វះស្វែងរកកញ្ចប់ថវិកាដើម្បីបំពេញ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយលោកយល់ថា រដ្ឋាភិបាលកម្ពុជានឹងអាចដោះស្រាយបញ្ហានេះបាន ដោយសារតែកម្ពុជាជួបវិបត្តិនេះរយៈពេល ២ ឆ្នាំមកហើយ។
លោកបញ្ជាក់ថា៖ «នេះមិនមែនជាវិបត្តិថ្មីសម្រាប់យើងទេ ដូចនេះខ្ញុំយល់ឃើញថា រដ្ឋយើងប្រាកដជាបានគ្រោងរួចស្រេចហើយដើម្បីទប់នឹងបញ្ហាកូវីដ ១៩ នេះ ដែលបានផ្តល់ផលប៉ះពាល់ទៅលើវិស័យសំខាន់ៗមួយចំនួនដូចជា SME វិស័យទេសចរណ៍ វិស័យសេវាកម្មរួមនឹងការវិនិយោគបន្ថែមលើវិស័យកសិកម្មជាដើម»។
បែបនេះក្តីលោកចង់ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីដ ១៩ នេះដែរ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយរបស់រដ្ឋក្នុងវិស័យសុខាភិបាល និងដើម្បីឱ្យរដ្ឋអាចយកថវិកាដែលមានទៅប្រើប្រាស់លើវិស័យចាំបាច់ផ្សេងទៀត។
ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការចំនួន ១០ ជុំ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩ ដោយថវិកាទាំងនោះចំណាយទៅលើការឧបត្ថម្ភដល់ជនក្រីក្រ ការឧបត្ថម្ភដល់កម្មករកម្មារិនីរោងចក្រ ចំណាយលើផ្នែកសុខាភិបាល និងការទិញវ៉ាក់សាំងជាដើម។ សម្រាប់ឆ្នាំ ២០២០ រដ្ឋបានចំណាយថវិកាអស់ ៨៣០ លានដុល្លារ,ឆ្នាំ ២០២១ ចំនួន ១ ៣០០ លានដុល្លារ និងឆ្នាំ ២០២២ គ្រោងនឹងចំណាយជាង ១ ពាន់លានដុល្លារបន្ថែមទៀត៕ LA