ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី នៅក្នុងឆ្នាំ ២០២១ មានទឹកប្រាក់ជាង ៥០០ លានដុល្លារ កើនឡើង ១៣,១៤ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
បើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល ១២ ខែ ឆ្នាំ ២០២១ ការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ី សម្រេចបានជាង ១០១ លានដុល្លារកើនឡើង ២,៦២ ភាគរយ និងការនាំទំនិញពីម៉ាឡេស៊ីមកកម្ពុជាមានតម្លៃជាង ៣៩៩ លានដុល្លារ កើន ១៦,១៦ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ នៅឆ្នាំ ២០២០ កម្ពុជា នាំចេញទៅម៉ាឡេស៊ីមានតម្លៃជាង ៩៨ លានដុល្លារ និងនាំចូលមកវិញមានតម្លៃ ៣៤៣ លានដុល្លារ។
បន្ថែមពីលើនេះរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២១ ម៉ាឡេស៊ីបានវិនិយោគនៅកម្ពុជាក្នុងទឹកប្រាក់ជាង ៣,១៥ ពាន់លានដុល្លារ។
នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ីឆ្នាំ ២០២២ កាលពីថ្ងៃទី ១៧ ខែកុម្ភៈលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា នេះជាការចាំបាច់ណាស់ដែលកម្ពុជាត្រូវតែកែលម្អបរិស្ថានវិនិយោគរបស់ខ្លួនសំដៅទាក់ទាញការវិនិយោគក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិកូវីដ ១៩ ដែលទាមទារឱ្យកម្ពុជាប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុនក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងចីរភាព។
លោកថ្លែងថា៖ «ច្បាប់វិនិយោគនេះត្រូវបានតាក់តែងឡើងដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបដិវត្តន៍ឧស្សាហកម្ម ៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែចង្វាក់តម្លៃសកលបណ្តាលមកពីការរាតត្បាតកូវីដ ១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពីនិម្មាបនកម្ម សេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តន៍យ៉ាងរហ័ស»។
លោកមានសុទិដ្ឋិនិយមថា តាមរយៈវេទិកានេះ វិនិយោគិនម៉ាឡេស៊ីនឹងយល់កាន់តែច្បាស់ និងស៊ីជម្រៅបន្ថែមទៀតពីច្បាប់នេះ និងសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា កម្ពុជា និងម៉ាឡេស៊ីក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា គឺមានទំនាក់ទំនងពាណិជ្ជកម្មជាមួយគ្នាល្អប្រសើរ ខណៈដែលការវិនិយោគរបស់វិនិយោគិនម៉ាឡេស៊ីនៅកម្ពុជា ក៏មានច្រើនគួរសមដែរ។ លោកបន្ថែមថា នៅក្នុងបរិបទសហគមន៍សេដ្ឋកិច្ចអាស៊ាន ម៉ាឡេស៊ី ជាដៃគូដ៏ល្អរបស់កម្ពុជា ដូចនេះការផ្សព្វផ្សាយច្បាប់វិនិយោគថ្មីដល់ប្រទេសនេះ អាចជួយជំរុញកំណើនការវិនិយោគពីម៉ាឡេស៊ីបន្ថែមទៀតស្របពេលការដោះដូរពាណិជ្ជកម្មរវាងគ្នាកាន់តែល្អប្រសើរ។
លោកបញ្ជាក់ថា៖ «ការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជានឹងបន្តកើនឡើង ជាពិសេសនៅពេលដែលយើងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជសេរីជាមួយចិន កូរ៉េ ជាដើម ព្រោះម៉ាឡេស៊ីក៏មានផលិតដើម្បីនាំទៅចិនផងដែរ។ មិនតែប៉ុណ្ណោះ តាមរយៈ EBA ក៏ដូចជា GSP ម៉ាឡេស៊ីត្រូវការនាំទៅ ដើម្បីទទួលបានអនុគ្រោះពន្ធ និងស្របពេលដែលច្បាប់វិនិយោគថ្មីមានភាពទាក់ទាញផងនោះ នឹងជំរុញឱ្យអ្នកវិនិយោគម៉ាឡេស៊ី មកវិនិយោគក្នុងវិស័យផលិតបន្ថែមទៀត»។
លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា យល់ឃើញថា ច្បាប់ស្តីពីវិនិយោគថ្មីនេះបានបង្ហាញកាន់តែច្បាស់នូវការលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុក និងបរទេស ហើយច្បាប់នេះក៏ផ្តោតសំខាន់លើនិន្នាការធុរកិច្ចសកលថ្មីៗដោយបានដាក់បញ្ចូលវិស័យឧស្សាហកម្មបៃតង, បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់។
លោកបញ្ជាក់ថា៖ «រាល់បញ្ញត្តិក្នុងច្បាប់នេះសុទ្ធតែបង្ហាញពីកិច្ចសម្រួលតាមរយៈការលើកលែងពន្ធក្នុងកញ្ចប់លើកទឹកចិត្ត និងការការពារវិនិយោគសំដៅធ្វើឱ្យកាន់តែងាយស្រួល រលូន និងប្រសិទ្ធភាពក្នុងការអនុវត្តនីតិវិធីចុះបញ្ជីសម្រាប់ក្រុមហ៊ុនវិនិយោគ ហើយច្បាប់ស្តីពីវិនិយោគនេះនឹងទទួលបាននូវផ្លែផ្កាក្នុងរយៈពេលខ្លីខាងមុខ ហើយលោកមានជំនឿថា តាមរយៈច្បាប់នេះកម្ពុជាអាចច្បាមយកកាលានុវត្តភាពជាអតិបរមាក្នុងការជំរុញវិនិយោគឱ្យកាន់តែមានសម្ទុះទៅមុខជាបន្តបន្ទាប់»៕ LA