ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹងមាន​អត្រា ៥,៦ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២២​ នេះ បើ​ទោះ​វីរុស​បំប្លែង​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩ នៅតែមាន​ក៏ដោយ​។

ឧស្សាហកម្ម​ស្បែកជើង គឺជា​វិស័យ​មួយ​ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល ២-៣ ​ឆ្នាំ​ចុងក្រោយ​នេះ ដោយបាន​ស្រូបយក​ក្រុមកម្មករ​ជាង ១៣០ ០០០ ​នាក់ និង​ទាក់ទាញ​ការវិនិយោគ​ថ្មីៗ​ជាច្រើន​កាលពី​ឆ្នាំមុន​។

លោក លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​បានផ្តល់​បទសម្ភាស​ឱ្យ​លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អំពី​ឧស្សាហកម្ម​នេះ​ថា តើ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​បង្ក​ផលប៉ះពាល់​បែបណាខ្លះ​ដល់​ឧស្សាហកម្ម​នេះ​?

តើ​ឧស្សាហកម្ម​ស្បែកជើង​មាន​សកម្មភាព​យ៉ាងណាដែរ​ចាប់តាំងពី​មានការ​ផ្ទុះ​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ រយៈពេល​ជាង ២ ​ឆ្នាំ​មកនេះ​?

ខ្ញុំ​ឃើញថា ឧស្សាហកម្ម​នេះ​មាន​ការកើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ ទោះបី​ពិភពលោក​ត្រូវបាន​រំខាន​គ្រប់​វិស័យ​រួមទាំង​ឧស្សាហកម្ម​ស្បែកជើង​ក៏ដោយ ក៏​ខ្ញុំ​សង្កេតឃើញថា​ឧស្សាហកម្ម​ស្បែក​ជើងបាន​កើនឡើង​ការបញ្ជាទិញ​ចាប់ពី​ខែមិថុនា ឆ្នាំ​ ២០២០ រហូតដល់​ចុងឆ្នាំ ២០២១​។ ខ្ញុំ​ព្យាករ​ថា វា​នឹង​កើនឡើង​បន្ថែមទៀត​ក្នុងឆ្នាំនេះ ដោយសារ​ខ្ញុំ​ឃើញថា ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ទោះបី​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ក៏ដោយ ប៉ុន្តែ​ប្រទេស​ភាគច្រើន​បាន​បើក​សេដ្ឋកិច្ច​របស់​ពួកគេ​ឡើងវិញ ការស្វាគមន៍​ភ្ញៀវទេសចរ ដូច្នេះ​ពួកគេ​កំពុង​រស់នៅក្នុង​ប្រក្រតី​ធម្មតា​ថ្មី​។ យើង​មិនអាច​គេចផុតពី​ជំងឺ​កូវីដ ​១៩​ បានទេ យើង​ត្រូវតែ​រស់នៅ​ជាមួយ​វា​។ សូម្បីតែ​ប្រទេស​យើង យើង​បាន​បើក​ដំណើរ​សេដ្ឋកិច្ច​ឡើងវិញ​តាំងពី​ខែវិច្ឆិកា ឆ្នាំ ​២០២១ ប៉ុន្តែ​យើង​ត្រូវអនុវត្ត​តាម​គោលការណ៍​ណែនាំ​ផ្នែក​សុខាភិបាល​។

តើ​គោលដៅ​នាំចេញ​របស់​យើង​មាន​ប្រទេស​ណាខ្លះ​?

គោលដៅ​នាំចេញ​របស់​យើង គឺ​អឺរ៉ុប អាមេរិក និង​ប្រទេស​មួយចំនួន​ទៀត​ដូចជា ជប៉ុន កូរ៉េ និង​កាណាដា​។

រយៈពេល​ជាង ២ ​ឆ្នាំ​ហើយ​ដែល​ជំងឺ​កូវីដ​ ១៩ មិន​ត្រឹមតែ​បំផ្លាញ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ប៉ុន្តែ​វា​ថែមទាំង​បំផ្លាញ​សេដ្ឋកិច្ច​ផងដែរ​។ តើ​សមាគម​បាន​ជួយ​អ្វីខ្លះ​ដល់​សមាជិក​ខ្លួន​?

យើង​បាន​កំពុង​ធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក និង​ជួយ​ពួកគេ​ក្នុង​ការផ្តល់​ម៉ាស់​មុខ និង​អាល់កុល​។ ជាមួយគ្នានេះ​យើង​ក៏បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល ដើម្បី​ស្វែងរក​ការណែនាំ និង​អនុវត្តតាម​ក្រសួង​សុខាភិបាល​។

ពេលនេះ​យើង​មាន​រោងចក្រ​ជាង​ ៦០ ជា​សមាជិក ប៉ុន្តែ​សរុប​យើង​មាន​សមាជិក​ជាង ១០០ ​ដែលជា​ក្រុមហ៊ុន​ម៉ៅការ​បន្ត និង​ខ្លះទៀត​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​វត្ថុធាតុដើម​។ ឧស្សាហកម្ម​នេះ​បានផ្ដល់​ការងារ​ដល់​កម្មករ​ជាង ១៣០ ០០០ ​នាក់​។

តើ​លោក​យល់​យ៉ាងណាដែរ​ចំពោះ​ការធ្វើ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​សម្រាប់​វិស័យនេះ​?

ខ្ញុំ​គិតថា វា​ជា​ជំនួយ​ដ៏ល្អ​សម្រាប់​វិស័យ​ឧស្សាហកម្ម​នេះ ជាពិសេស​យើង​រីករាយ​ចំពោះ​ការចាក់​វ៉ាក់សាំង​យ៉ាង​រហ័ស​ដល់​កម្មករ​របស់​យើង ដោយ​មិន​គិតថ្លៃ​នៅតាម​រោងចក្រ​។

លើសពីនេះ យើង​ឃើញថា រដ្ឋាភិបាល​ក៏បាន​ជួយផ្តល់​ប្រាក់​ឈ្នួល​ប្រហែល ៤០ ដុល្លារ​ក្នុង​កម្មករ​ម្នាក់ ដូច្នេះ​វា​ជួយ​បន្ទុក​និយោជក​។ បើ​យើង​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​យើង​ធ្វើ​បានល្អ​ជាងគេ​។

ជាការ​ពិតណាស់ យើង​មិន​បដិសេធ​ទេ​ដែលមាន​រោងចក្រ​ចំនួន ៦​ បាន​បិទទ្វារ​។ ទន្ទឹមនឹងនេះ យើង​ទទួលបាន​រោងចក្រ​ជាច្រើន​បាន​បើក​ដំណើរការ ដោយសារ​យើង​ទទួលបាន​ការបញ្ជាទិញ​កាន់តែច្រើន​កាលពី​ឆ្នាំមុន បើ​ធៀប​នឹង​ឆ្នាំ ​២០២០​។ ទំហំ​នៃ​ការនាំ​ចេញ​សរុប​នៃ​ឧស្សាហកម្ម​បាន​កើនឡើង ២០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

យើង​ឃើញ​មាន​រោងចក្រ​ជាច្រើន​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​បិទទ្វារ ដោយសារ​ជម្លោះផ្ទៃក្នុង​របស់​ពួកគេ ខណៈ​តម្លៃ​ពលកម្ម​បាន​កើនឡើង​នៅ​ប្រទេស​វៀតណាម​។ តើ​យើង​ទទួលបាន​អ្វីខ្លះ​ពី​នោះ​?

ជាការ​ពិតណាស់ យើង​មាន​រោងចក្រ​ជាច្រើន​ត្រូវបាន​ផ្លាស់ប្តូរ​ទីតាំង​មក​ទីនេះ ដោយសារ​រោងចក្រ​ខ្លះ​នៅ​ប្រទេស​មីយ៉ាន់ម៉ា អ្នកបញ្ជា​ទិញ​កាន់តែ​ច្រើន​ងាក​មក​ប្រទេស​កម្ពុជា ដូច្នេះ​ទើប​យើង​ទទួលបាន​ការបញ្ជាទិញ​កាន់តែច្រើន បើទោះបី​រោងចក្រ​របស់​យើង​មួយចំនួន​បិទទ្វារ​ក៏ដោយ​។

ទាក់ទិន​នឹង​ការកើនឡើង​តម្លៃ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​វៀតណាម យើង​ទទួលបាន​អត្ថប្រយោជន៍​ពី​នោះដែរ ដោយសារ​រោងចក្រ​មួយចំនួន​នៅ​ប្រទេស​វៀតណាម​ក៏មាន​សាខា​របស់​ពួកគេ​នៅ​កម្ពុជា ដូច្នេះ​ពួកគេ​បង្កើន​ការបញ្ជាទិញ​នៅទីនេះ​។

ថ្មីៗ​នេះ រដ្ឋាភិបាល​បានដាក់​ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ​ និង​វាយនភណ្ឌ​។ យុទ្ធសាស្ដ្រ​នេះ ក៏បាន​ចង្អុលបង្ហាញ​អំពី​ឧស្សាហកម្ម​ជំនាន់​ទី​ ៤ ផងដែរ​។ តើ​យុទ្ធសាស្ត្រ​មានន័យ​ដូចម្តេច​សម្រាប់​ឧស្សាហកម្ម​?

នេះ​ជា​យុទ្ធសាស្ដ្រ​ល្អ ព្រោះ​វា​ផ្តល់​ផែនទី​បង្ហាញផ្លូវ​សម្រាប់​វិស័យនេះ​។ ជាមួយគ្នានេះ​យុទ្ធសាស្ត្រ​នេះ ក៏​រួមចំណែក​លើកកម្ពស់​ជំនាញ​របស់​កម្មករ​ពី​ជំនាញ​ទាប​ទៅ​កម្រិត​ខ្ពស់​ផងដែរ​។ ការណ៍​នេះ​ក៏​នឹង​ជួយ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​។

នៅពេលនេះ​ខ្ញុំ​ឃើញថា រោងចក្រ​មួយចំនួន​កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​រោងចក្រ​របស់​ពួកគេ ដែល​អាចរួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព និង​បរិមាណ នោះ​គឺជា​ការផ្លាស់ប្តូរ​មួយ​ទៅកាន់​ឧស្សាហកម្ម​ជំនាន់​ទី​ ៤​។ សម្រាប់​រោងចក្រ​ជាច្រើន​នៅពេលនេះ គឺ​រោងចក្រ​ទាំងនោះ​មាន​ផ្នែក​បណ្តុះបណ្តាល​ផ្ទាល់ខ្លួន​ក្នុង​ការជួយ​កម្មករ​ឱ្យមាន​ជំនាញ​បន្ថែមទៀត​។ បើ​ខ្ញុំ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន ផលិតភាព​របស់​យើង គឺ​ទាប​ខ្លាំងណាស់ ឧទាហរណ៍​ផ្នែក​ការងារ​។

រដ្ឋាភិបាល​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​នឹងមាន​ប្រហែល ៥,៦ ​ភាគរយ​នៅ​ឆ្នាំនេះ ខណៈដែល​យើង​មានការ​រំខាន​ដោយសារ​វីរុស​វ៉ារ្យ៉ង់​បំប្លែង​ថ្មី​អូមីក្រុង​។ តើ​យើង​នឹង​សម្រេចបាន​ដែរឬទេ បើតាម​ទស្សនៈ​លោក​?

ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ថា យើង​អាច​សម្រេចបាន ទោះបី​ជា​យើង​មាន​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​ក្នុង​ទីក្រុង ឬ​នៅ​ជុំវិញ​ពិភពលោក​ក៏ដោយ​។ ខ្ញុំ​មិនបាន​ឃើញ​ប្រទេស​ណា​ជុំវិញ​ពិភពលោក​ប្រកាស​បិទខ្ទប់​ដោយសារ​ការរីករាលដាល​វីរុស​បំប្លែង​ថ្មី​អូមីក្រុង​នោះទេ​។

ទោះបី​ការឆ្លង​មេរោគ​វីរុស​អូមីក្រុង​លឿន​ជាង​វីរុស Alpha ឬ វីរុស​ Delta ប៉ុន្តែ​ចំនួន​អ្នកស្លាប់​គឺមាន​កម្រិត​ទាប​ណាស់ ហើយ​ការព្យាបាល​គឺ​ឆាប់​ជាសះស្បើយ​រហ័ស​។

យើង​ឃើញថា រដ្ឋាភិបាល​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការគ្រប់គ្រង​វា​ឱ្យ​បានល្អ នោះ​ពិតជា​គួរឱ្យ​កោតសរសើរ​ណាស់​។ ខ្ញុំ​មិន​ជឿថា វីរុស​អូមីក្រុង​អាច​ប៉ះពាល់​ដល់​ផលិតកម្ម​របស់​ឧស្សាហកម្ម​នេះ​ទេ ដោយសារ​អត្រា​ការចាក់​វ៉ាក់សាំង​របស់​យើង​ខ្ពស់​។ ខ្ញុំ​គិតថា វីរុស​អូមីក្រុង​នឹងមិន​ប៉ះពាល់​ដល់​ការនាំចេញ​។ អ្វីដែល​សំខាន់​គឺថា រោងចក្រ​ទាំងអស់​បាន​គោរព​តាម​គោលការណ៍​ណែនាំ​ផ្នែក​សុខាភិបាល ដែល​កំណត់ដោយ​រដ្ឋាភិបាល ខណៈ​ដែល​កម្មករ​របស់​យើង​ក៏​រីករាយ​នឹង​គោរព​ផងដែរ​។ នេះ​ជា​ក្តីសង្ឃឹម​របស់​យើង​ដែលថា វីរុស​អូមីក្រុង​នឹងមិន​ប៉ះពាល់​ដល់​ផលិតកម្ម​រោងចក្រ​របស់​យើង​ទេ​នៅ​ឆ្នាំនេះ​៕ LA