ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីៗនេះបានអះអាងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរដែលបានរៀបចំឡើងកាលពីឆ្នាំ ២០២០ នឹងត្រូវដាក់ចេញឱ្យអនុវត្តក្នុងពេលឆាប់ៗនេះ។
ក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២២ កាលថ្ងៃទី ១៨ ខែកុម្ភៈ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា វិស័យកាត់ដេរ គឺជាវិស័យចន្ទល់សេដ្ឋកិច្ចសំខាន់សម្រាប់កម្ពុជា ដូច្នេះចាប់តាំងពីឆ្នាំ ២០២០ មក ក្រសួងបានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ។
លោកបន្ថែមថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ តម្លៃបន្ថែមក្នុងវិស័យកាត់ដេរ គឺស្ថិតនៅទាបនៅឡើយ ព្រោះទំនិញដែលកម្ពុជាផលិតនៅមានលក្ខណៈសាមញ្ញ ដូច្នេះដើម្បីឱ្យវិស័យនេះបានទទួលតម្លៃខ្ពស់ និងអាចផលិតទំនិញល្អប្រសើរជាងមុន គឺត្រូវតែរៀបចំដាក់បញ្ចូលទៅក្នុងយុទ្ធសាស្ត្រនេះ។
លោកថ្លែងថា៖ «យុទ្ធសាស្ត្រនេះបានរៀបចំរួចរាល់ហើយ ដោយគ្រោងនឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចបន្ទាប់មកអាចនឹងអនុវត្តក្នុងពេលឆាប់ៗនេះផងដែរ»។
ក្នុងវេទិកានោះដែរ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចបានសង្កត់ធ្ងន់ថា វិស័យកាត់ដេរនៅតែមានសក្តានុពលសម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលទាមទារឱ្យមានការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានត្រឹមត្រូវ ស្របពេលដៃគូប្រកួតប្រជែងរបស់កម្ពុជាដូចជា វៀតណាម បង់ក្លាដែស និងមីយ៉ាន់ម៉ាបានបាត់បង់ឱកាស។
លោកលើកឡើងថា៖ «រដ្ឋាភិបាលចង់ឃើញវិស័យកាត់ដេរឈានទៅរកការផលិតទំនិញដែលមានតម្លៃខ្ពស់ ហើយក៏ជាទំនិញមានតម្លៃបន្ថែមខ្ពស់ដែរ។ ម្យ៉ាងទៀត យុទ្ធសាស្ត្រនេះក៏មានគោលដៅបង្កើនចំនួនអ្នកវិនិយោគជាជនជាតិខ្មែរផងដែរ ព្រោះបច្ចុប្បន្ន អ្នកវិនិយោគលើវិស័យកាត់ដេរនៅកម្ពុជាមាន ៩៥ ភាគរយជាជនបរទេស»។
ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍន៍ លោក កាំង ម៉ូនីកា អគ្គលេខាធិការងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើយុទ្ធសាស្ត្រនេះត្រូវបានដាក់ចេញក្នុងពេលឆាប់ៗគឺជាការប្រសើរ ព្រោះយុទ្ធសាស្ត្រនេះនឹងក្លាយទៅជាផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់វិស័យកាត់ដេរកម្ពុជាក្នុងការរក្សាបាននូវភាពប្រកួតប្រជែង។
លោកបន្ថែមថា យុទ្ធសាស្ត្រនេះគួរតែត្រូវបានដាក់ចេញយូរមកហើយ ដោយសារភាគីពាក់ពាក់ព័ន្ធបានពិភាក្សាគ្នា ដើម្បីអភិវឌ្ឍគោលនយោបាយនេះយូរដែរហើយដោយផ្តោតទៅលើវិស័យការងារដូចជា ការលើកកម្ពស់សុខុមាលភាពកម្មករ, ការលើកកម្ពស់ផលិតភាពកម្មករ,ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងការបង្កើនជំនាញជាដើម។
លោកលើកឡើងថា៖ «ដើម្បីអាចផលិតទំនិញល្អ មានគុណភាពខ្ពស់ យើងត្រូវការកម្លាំងពលកម្មជំនាញ ដូច្នេះទើបយើងត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការបង្កើនជំនាញរបស់កម្មករនិយោជិត»។
ការនាំចេញក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ កាលពីឆ្នាំ ២០២១ មានកំណើនជាង ១០ ភាគរយ។ ប៉ុន្តែបើតាមលោក ម៉ូនីកា ថ្វីដ្បិតការនាំចេញមានកំណើនជាវិជ្ជមានក៏ពិតមែន តែមិនប្រាកដថា កម្រិតនៃប្រាក់ចំណេញច្រើនដូចពេលកន្លងមកទេ ព្រោះរោងចក្រមានការចំណាយច្រើនក្នុងបរិបទកូវីដ-១៩ នេះ ដូចជា វិធានការពារនៅតាមរោងចក្រ,បញ្ហាកម្លាំងពលកម្ម គួបផ្សំនឹងការកើនឡើងតម្លៃដឹកជញ្ជូនផងដែរ។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានឱ្យដឹងថា យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មកាត់ដេរនឹងរួមចំណែកលើកកម្ពស់ជំនាញរបស់កម្មករពីទាបទៅខ្ពស់ ថែមទាំងជួយទាក់ទាញការវិនិយោគបន្ថែមទៀត។
លោកបញ្ជាក់ថា៖ « នៅពេលនេះរោងចក្រជាច្រើនបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាថ្មីនៅក្នុងរោងចក្ររបស់ពួកគេ ដែលអាចធ្វើឱ្យប្រសើរឡើងនូវគុណភាព និងបរិមាណទំនិញដែលបានផលិត ដែលនោះគឺជាការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្ម ៤.០»។
រយៈពេល ១០ ខែដំបូង នៃឆ្នាំ ២០២១ ការនាំចេញសម្លៀកបំពាក់ សម្រេចបានទឹកប្រាក់ ៦ ៥៣៨ លានដុល្លារកើនឡើង ៦ ភាគរយធៀបឆ្នាំ ២០២០។ ទឹកប្រាក់ពីការនាំចេញស្បែកជើងមាន ១ ១១៣ លានដុល្លារ កើនឡើង ២០ ភាគរយ។ ការនាំចេញផលិតផលធ្វើដំណើរមានចំនួន ១ ១៧៩ លានដុល្លារកើនឡើង ៤៩ ភាគរយ។ នេះបើតាមរបាយការណ៍ GMAC៕ LA