ភ្នំពេញៈ កម្ពុជារកចំណូលពីភ្ញៀវទេសចរអន្តរជាតិបានត្រឹម ១៨៤ លានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ ២០២១ ធ្លាក់ចុះ ៨២ ភាគរយបើធៀបទៅនឹងឆ្នាំ ២០២០ ខណៈការធ្លាក់ចុះដ៏គំហុកនេះគឺបណ្តាលមកពីឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅគ្រប់ប្រទេសលើពិភពលោក។
តារាងសូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរផ្លូវការក្រសួងទេសចរណ៍បង្ហាញថា នៅក្នុងឆ្នាំ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១៩៦ ៤៩៥ នាក់ ថយចុះ ៨៥ ភាគរយ ធៀបឆ្នាំ ២០២០ ខណៈចំណូលបានពីទេសចរ-អន្តរជាតិមាន ១៨៤ លានដុល្លារធ្លាក់ចុះ ៨២ ភាគរយពីចំនួន ១ ០២៣ លានដុល្លារ កាលពីឆ្នាំ ២០២០។
ឆ្នាំ ២០១៩ ត្រូវបានគេចាត់ទុកជាពេលដែលប្រទេសកម្ពុជាទទួលបានចំណូលពីទេសចរអន្តរជាតិច្រើនជាងគេ ដោយមានចំនួន ៤ ៩១៩ លានដុល្លារកើនឡើង ១២,៤ ភាគរយធៀបឆ្នាំ ២០១៨។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២១ ខែកុម្ភៈ ថា ទោះបីស្ថានភាពនៃការរីករាលដាលរបស់មេរោគបំប្លែងថ្មី អូមីក្រុង នៅបន្តការគំរាមកំហែងដល់សុខភាពសាធារណៈ និងវិស័យទេសចរណ៍ពិភពលោក ក៏ចរន្តនៃការផ្តួចផ្តើមឱ្យមានសកម្មភាពទេសចរណ៍អន្តរជាតិ គឺបាននិងកំពុងកើតមាននៅគ្រប់ប្រទេសទាំងអស់ជាបណ្តើរៗហើយ។ ជាក់ស្តែងក្រៅពីប្រទេសកម្ពុជា ប្រទេសនៅក្នុងតំបន់អាស៊ានដូចជា ប្រទេសវៀតណាម ថៃ និងសិង្ហបុរី ជាដើមសុទ្ធតែកំពុងត្រៀមផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញក្នុងពេលឆាប់ៗ។ លោកបន្តថា ជាមួយនឹងនិន្នាការនេះ កម្ពុជារំពឹងថា នៅក្នុងឆ្នាំ ២០២២ នេះចំណូលពីទេសចរអន្តរជាតិនឹងមានកំណើនឡើងវិញបើធៀបឆ្នាំ ២០២១។
លោកលើកឡើងថា៖ «វិស័យទេសចរណ៍កម្ពុជានឹងទទួលបានចំណេញភាពពីការកាត់បន្ថយលក្ខខណ្ឌនៃការធ្វើចត្តាឡីស័ករបស់ប្រទេសជិតខាង (ថៃ និងវៀតណាម) សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ ព្រោះភ្ញៀវដែលទៅកម្សាន្តប្រទេសទាំងនេះអាចនឹងបន្តចូលមកកម្សាន្តកម្ពុជាផងដែរ»។
លោកបន្ថែមទៀតថា ការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរ និងប្រាក់ចំណូលពីវិស័យទេសចរណ៍ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ២ ឆ្នាំនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកនៅក្នុងវិស័យនេះដោយមានក្រុមហ៊ុន/ប្រតិបត្តិករលើសពី ៧០ ភាគរយបានបិទបញ្ចប់សកម្មភាព។ លោកបន្តថា ទោះយ៉ាងណាក្នុងអំឡុងពេលដ៏ពិបាកនេះ រដ្ឋាភិបាលកម្ពុជាក៏បានជួយសម្រាលបន្ទុកដល់អ្នកទទួលផលប៉ះពាល់ផងដែរ។
លោកប្រាប់ថា៖ «ចាប់តាំងពីវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ មក រាជរដ្ឋាភិបាលបានផ្តល់សម្បទានជាច្រើនសម្រាប់ជួយទ្រទ្រង់ដល់អ្នកក្នុងវិស័យទេសចរណ៍តាមរយៈការផ្តល់ថវិកា និងការលើកលែងពន្ធមួយចំនួន»។
ដោយឡែកប្រធានសមាគមទេសចរណ៍ PATA លោក ធួន ស៊ីណាន បាននិយាយថា ដោយសារតែការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីអូមីក្រុងកំពុងបន្តការគំរាមកំហែងខ្លាំង ដូច្នេះលោកមិនទាន់ហ៊ានសន្និដ្ឋានថា ទេសចរណ៍អន្តរជាតិក្នុងឆ្នាំ ២០២២ នេះនឹងមានដំណើរការបែបណានោះទេ។
លោកបន្ថែមថា៖ «វត្តមានអូមីក្រុងនឹងធ្វើឱ្យប៉ះពាល់យូរអង្វែងលើសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា និងលើពិភពលោកទាំងមូល»។
សម្រាប់ចរន្តភ្ញៀវទេសចរក្នុងស្រុក លោកប្រាប់ថា មិនមានបញ្ហាអ្វីទេ។
អ្នកនាំពាក្យនៃក្រសួងទេសចរណ៍លោក ជុក ជំនោរ កាលពីពេលថ្មីៗនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការរីករាលដាលជំងឺកូវីដ ១៩ បានរំខានដល់ឧស្សាហកម្មនេះរយៈពេលជាង ២ ឆ្នាំមកហើយ ខណៈប្រទេសជាច្រើនបានបិទច្រកចូលអន្តរជាតិរបស់ខ្លួន។
លោកថ្លែងថា៖ «ជាការពិតចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះខ្លាំងឆ្នាំមុន ដោយសារការរីករាលដាលកូវីដ-១៩ ដែលជំរុញឱ្យរដ្ឋាភិបាលមួយចំនួនសម្រេចបិទប្រទេស។ ទោះយ៉ាងណា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងដែលរួមទាំងភ្ញៀវបរទេសស្នាក់នៅក្នុងប្រទេស និងភ្ញៀវនៅក្នុងស្រុក នៅតែមានភាពល្អប្រសើរទោះជាធ្លាក់ចុះប្រហែល ៣៥ ភាគរយកាលពីឆ្នាំមុនក៏ដោយ»។
លោកបន្តថា ទោះមានការរីករាលដាលជំងឺកូវីដ ១៩ ក៏ក្រសួងទេសចរណ៍បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ និងផែនទីបង្ហាញផ្លូវជាច្រើន ដើម្បីកសាងប្រទេសជាទិសដៅសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។
យោងតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ ២០២១ វិស័យទេសចរណ៍បានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ១,៨ ភាគរយធ្លាក់ពី ៣ ភាគរយកាលពីឆ្នាំ២០២០៕ LA