ភ្នំពេញៈ កម្ពុជាបានស្នើសុំឱ្យសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ជួយពិនិត្យលទ្ធភាពលើការវិនិយោគ និងការអភិវឌ្ឍប្លុកប្រេងកាតរបស់ខ្លួនដែលមានស្រាប់ និងការសិក្សាស្វែងរុករកប្រេង និងឧស្ម័នបន្ថែមទៀត។
សំណើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលជាមួយលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជាកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីស្តីការក្រសួងរ៉ែ និងថាមពល។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងជំនួបនេះក៏មានការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំង២ដោយសារអ៊ីរ៉ង់ជាប្រទេសមានបទពិសោធច្រើនក្នុងនាមជាប្រទេសផលិតប្រេង និងឧស្ម័ន។
លោកបន្ថែមថា ថ្នាក់ដឹកនាំក្រសួងក៏បានអំពាវនាវឱ្យវិនិយោគិនអ៊ីរ៉ង់មកសិក្សាលទ្ធភាពក្នុងការវិនិយោគលើប្លុកប្រេងកាតកម្ពុជាដែលមានស្រាប់ ក៏ដូចជាស្វែងរកប្លុកប្រេងកាត និងឧស្ម័នថ្មីៗផងដែរ។
លោកបញ្ជាក់ថា៖ «នេះគ្រាន់តែជាការចាប់ផ្តើមដំបូង។ យើងមិនទាន់ច្បាស់ថា អ្នកវិនិយោគពីក្រុមហ៊ុនណាអាចមកវិនិយោគបាននៅឡើយទេ ដែលនេះគ្រាន់តែជាការពិភាក្សាការទូតប៉ុណ្ណោះ ដោយពេលនេះយើងរង់ចាំមើលសិន»។
បើតាមលោក ជៀប សួរ ការរុករករ៉ែប្រេងកាតនៅអណ្តូងប្រេងអប្សរាប្លុក A ក្នុងដែនសមុទ្ររបស់កម្ពុជាត្រូវបានផ្អាកចាប់តាំងពីក្រុមហ៊ុន KrisEnergy របស់ប្រទេសសិង្ហបុរីក្ស័យទុន ខណៈក្រសួងរ៉ែ និងថាមពលកំពុងស្វះស្វែងទាក់ទាញអ្នកវិនិយោគថ្មី។
ក្រុមហ៊ុនប្រេង KrisEnergy បានប្រកាសក្ស័យធនដោយអះអាងថា ខ្លួនគ្មានលទ្ធភាពសងបំណុលជាង ៥០០ លានដុល្លារនោះទេ។ ចាប់តាំងពីចាប់ផ្តើមដំណើរការបូមប្រេងរហូតដល់ប្រកាសក្ស័យធន នាពាក់កណ្តាលឆ្នាំ ២០២១ ក្រុមហ៊ុននេះ បូមប្រេងបានជិត ៣០ ម៉ឺនប៉ារែល។ នេះបើតាមលោក ជៀប សួរ។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា បើសិនជាភាគីអ៊ីរ៉ង់យល់ព្រមតាមសំណើកម្ពុជាក្នុងការវិនិយោគ និងការអភិវឌ្ឍប្លុកប្រេងកាតដែលមានស្រាប់ និងប្លុកថ្មីៗមែននោះ វាជាចំណុចវិជ្ជមានមួយសម្រាប់វិស័យប្រេងកាតកម្ពុជា។
លោកបន្តថា ប្រទេសអ៊ីរ៉ង់មានលក្ខណសម្បត្តិគ្រប់គ្រាន់ និងមានបទពិសោធច្រើនក្នុងវិស័យរ៉ែប្រេងកាត ដែលកម្ពុជាអាចទាញយកប្រយោជន៍បានច្រើនពីកិច្ចសហប្រតិបត្តិការ។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ លោក គី សេរីវឌ្ឍន៍ យល់ថា វិស័យប្រេងកាតនេះពិតមានសារៈសំខាន់ណាស់ ព្រោះជាប្រភពធនធានមួយដែលកម្ពុជាចែករំលែកជាមួយនឹងប្រទេសថៃ ដូចនេះបើសិនកម្ពុជាបាត់បង់ឱកាសនោះភាគីថៃនឹងច្បាមយក។
លោកនិយាយថា៖ «កិច្ចខិតខំរបស់ខាងក្រសួងរ៉ែក្នុងការកៀរគរអ្នកវិនិយោគឱ្យមកអភិវឌ្ឍវិស័យប្រេងកាតនេះ គឺជាពិតមានសារៈសំខាន់ណាស់ ដើម្បីជំរុញឱ្យការបូមប្រេងនៅកម្ពុជាទទួលជោគជ័យ ដោយយើងសង្ឃឹមថា នឹងធ្វើឱ្យតម្លៃប្រេងមានការថមថយខ្លះ ក៏ដូចជាជួយរដ្ឋាភិបាលមានចំណូលបន្ថែម ដើម្បីយកជួយក្នុងវិស័យសំខាន់ៗដូចជា សុខាភិបាល និងអប់រំជាដើម»។
កាលពីអំឡុងចុងឆ្នាំ ២០១៩ ក្រុមហ៊ុនប្រេង និងឧស្ម័នដ៏ធំមួយរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម Muba-dala Petroleum បានមកស្វែងរកឱកាសវិនិយោគលើវិស័យប្រេងនៅកម្ពុជា ប៉ុន្តែបានស្ងាត់ទៅវិញ ដោយសារការចាប់ផ្តើមវាយលុកពីជំងឺកូវីដ ១៩៕ LA
វីដេអូ៖